កើតមកជាអ្នកក្រខុសមែនទេ?
- 2016-02-01 22:15:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតមកជាអ្នកក្រខុសមែនទេ?
ចន្លោះមិនឃើញ
ស្ថិតក្នុងជីវិតដែលធ្លាប់មានឪពុកជាគ្រូពេទ្យ ដើរតួនាទីជាសសរទ្រូងយ៉ាងសំខាន់សម្រាប់គ្រួសារដែលមានសមាជិកដល់ទៅ៨នាក់ខ្ញុំជាកូនទី៥ ពេលនោះខ្ញុំនៅរៀនថ្នាក់ទី៣ធ្លាប់តែចេញពីរៀនប៉ាចូលយក ប្រែមកជា ពេលចេញពីរៀនត្រូវដើរមកផ្ទះចំងាយ២គីឡូម៉ែត្រដោយខ្លួនឯង។
រូបតំណាង
ចាប់តាំងពីពេលប៉ាចាកចេញទៅជារាងរហូតពីពួកយើងទៅវាហាក់បីដូចជារដូវក្ដៅប្រែមកជារដូវរងា ពេលថ្ងៃប្រែមកជាពេលយប់ ដែលនៅសល់សមាជិកគ្រូសារទាំង៧នាក់សុទ្ធតែគ្មានការងារធ្វើ។ពូកយើងមានការរស់នៅប៉ែបនេះ រាល់ថ្ងៃម៉ែអោយបងប្រុសទៅបង់សំណាញ់យកត្រីមកស្ល។
ចំណែកពួកខ្ញុំគឺខ្ជិលណាស់ តែងតែត្រូវរំពាត់ពីពួកគាត់ជារៀងរាល់ថ្ងៃ យើងតែងតែទៅបេះត្រកួនដែលដុះក្នុងស្រះក្រោយផ្ទះយកមកធ្វើម្ហូប។ សឹងតែរាល់ថ្ងៃ ថ្ងៃណាក៏ត្រកួនគ្រប់ពេល ឆា ស្ងោរ ជ្រក់ ត្រឡប់ខ្លាញ់ ព្រោះអីវាបានមកដោយមិនបាច់ចំណាយលុយ កម្រណាស់ដែលបានម្ហូបឆ្ងាញ់។
ពួកយើងតស៊ូទាំងអស់គ្នា មិនដឺងថាញើសនិងទឹកភ្នែកហូរអស់ប៉ុន្មានរយលីត្រទេ ពួកខ្ញុំតូចៗដើរឃ្វាលគោនិងដើរទូលបន្លែលក់ មានមិត្តភ័ក្ដិខ្លះមើលងាយដៀលថា ពួកខ្ញុំដឹកគោអោយរហាមតាមផ្លូវ។
ពួកខ្ញុំគិតថាវាឡប់សតិហើយ ដែលវានិយាយបែបនេះ វាជាការងាររបស់ខ្ញុំ ហើយមានតែការងារសុចរិតហ្នឹងទេដែលចិញ្ចឹមពួកខ្ញុំអោយរស់។ បងស្រីកញ្ញាគាត់ស្លូតជាងគេ គាត់មិនសូវដែលបានវាយពួកកម្ជិលខ្ញុំទេ។
មានពេលមួយអ្នកភូមិគេយកខោអាវមកលក់ បងស្រីគាត់ចង់បានសំលៀកបំពាក់ថ្មីក៏ទៅមើល ពេលគាត់លើកអាវមើលមិនទាន់បានស្រួលបួលផង ស្រាប់តែ មីងម្នាក់ក៏បញ្ចេញសំដីមកថា «លើកអាវគេមើលមានលុយទិញអត់?»។ ស្ដាប់ហើយគាត់ដាក់អាវនោះចុះភ្លាម ហើយដើរត្រលប់មកផ្ទះជាមួយអារម្មណ៍ស្ងាត់ស្រពោន ព្រោះគាត់ស្លូតណាស់ គាត់អន់ចិត្តនឹងពាក្យសំដីដែលមីងម្នាក់នោះនិយាយមកកាន់គាត់ណាស់ តែពាក្យសំដីទាំងនោះបានធ្វើអោយពួកយើងមានការ ប្ដេជ្ញាចិត្តថាខ្លួននឹងខិតខំតស៊ូដើម្បីជីវិតថ្លៃថ្លានិងជៀសផុតពីការមើលងាយ។
ពេលបងស្រីរៀនថ្នាក់ទី១២ ឆ្នាំ២០០១-២០០២ សម័យប្រលងគឺតឹងខ្លាំងណាស់។ នៅពេលណាខ្ញុំមានជម្លោះជាមួយគាត់ខ្ញុំតែងតែរកចំណុចខ្សោយគាត់ ដោយនិយាយដោយកំហឹង មិនបានគិត នៃសញ្ជាតិជាក្មេងរបស់ខ្ញុំថា «សូមអោយវាប្រលងធ្លាក់ទៅ» ដែលធ្វើអោយគាត់រឹតតែខឹងបន្ថែម។នៅពេលគាត់ប្រលង បន្ទប់គាត់មានរឿងកើតឡើង ហើយបន្ទប់គាត់ត្រូវបានគេដាក់អោយកែពិសេសទៀត។ ក្រោយពេលគាត់លទ្ធផលហើយ គាត់មិនហ៊ានចូលផ្ទះ គាត់ចូលផ្ទះម៉ា គាត់យំខ្លាំងណាស់ ហើយនិយាយមកកាន់ពួកយើងថា «តើវាសមនឹងចិត្តរបស់ពួកឯងនៅ?»។
ពេលនោះអាណិតបងស្រីណាស់ពួកយើងក៏យំទាំងអស់គ្នា។ តែពេលនេះគាត់បានប្រលងស្វៃរិនជាប់ហើយបានក្លាយទៅជាអ្នកគ្រូម្នាក់ផងដែរ។ ខ្ញុំចូលថ្នាក់ទី១២ ហើយមានការប្រលងជ្រើសរើសសិស្សពូកកែ ចិត្តចង់ណាស់តែអត់លុយដាក់ពាក្យ ដោយមួយមុខថ្លៃ៥០០០រៀល។
ពេលមកដល់ផ្ទះសួរបងកញ្ញា ព្រោះគាត់ចិត្តទូលាយជាងគេ ប្រាប់គាត់ថាប្រលង៣មុខ គាត់អោយមក ១៧ ០០០រៀល តែដល់ដាក់ពាក្យខ្ញុំដាក់តែ២មុខទេ ព្រោះកិបលុយដើម្បីរៀនសូត្រតែប៉ុណ្ណោះ។លទ្ធផលចេញមក រូបវិទ្យាចំណាត់ថ្នាក់លេខមួយ ខ្មែរចំណាត់ថ្នាក់លេខពីរ បងស្រីសួរ «ចុះគណិតវិទ្យា?»។ ពេលនោះប្រាប់គាត់តាមត្រង់ ថាអត់ដាក់ពាក្យគណិតផង។គាត់ខឹងហើយទារកលុយឲ្យយកមកសងគាត់វិញខ្ញុំថា ព្រោះគណិតវិទ្យាខ្ញុំមិនដែលបានរៀនគួរដូចគេសិស្សពូកែផង គាត់តប «ចុះអាមុខវិទ្យាពីរជាប់ហ្នឹងហ្អែងដែលរៀនគួរម៉ោងពិសេសដូចគេអត់ បើហែងដឹងពីលទ្ធផលមុនចឹង គេចាំបាច់ធ្វើការប្រលងធ្វើអី?»។
គាត់និយាយត្រូវ មនុស្សកុំមើលងាយនូវសមត្ថភាពរបស់ខ្លួនដែលមាន បើមានឱកាសត្រូវក្ដោបវាអោយជាប់សម្រាប់ជាធនកសាងទៅថ្ងៃមុខ។ ចប់ទី១២ ខ្ញុំជាប់អាហារូបករណ៍នៅសាលាភូមិន្ទភ្នំពេញ ជីវិតកម្សត់រស់នៅម្នាក់ឯង។ ជីវភាពក្រខ្សត់ទិញបាយម្ហូបនៅមុខរោងចក្រ ដូចនេះហើយគឺវាជំរុញអោយខ្ញុំត្រូវតែ ប្រលងយកអាហារូបករណ៍ទៅបរទេសអោយបាន ។
ពេលជាប់ហើយ ក្រសួងត្រូវការលុយ ៦០ដុល្លារយកទៅធ្វើលិខិតឆ្លងដែន ត្រូវទិញសំបុត្រយន្តហោះដោយខ្លួនឯង។ បងស្រីចំណាយលុយដែលបានមកពីចំណងដៃការគាត់មកឧបត្ថម្ភខ្ញុំទាំងអស់ ព្រោះតែរឿងនេះធ្វើអោយគ្រួសារគាត់មានបញ្ហាក៏ព្រោះតែខ្ញុំ តែគាត់លាក់ទុករឿងនេះ។ ពេលនេះរដូវរងាត្រជាក់ខ្លាំងណាស់នៅទីនេះ ខ្ញុំកំពុងចុះស្តារនៅមន្ទីរពេទ្យមួយ ឆ្នាំក្រោយទើបបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ។
ខ្ញុំនឹងកាន់សញ្ញាប័ត្រពេទ្យបង្ហាញអោយបងប្អូនខ្ញុំមើល។ បងប្អូនទោះបីជាមានរឿងអ្វី គឺយើងត្រូវចេះអធ្យាស្រ័យគ្នា ស្រលាញ់រាប់អានគ្នា។ ហើយពេលនេះបងៗនិងប្អូនស្រីខ្ញុំក្លាយជាគ្រូបង្រៀន លើកលែងតែបងស្រីម្នាក់ជាកងរាជអាវុធហត្ថ។ ម៉ែគឺជាវីរនារីដ៏អស្ចារ្យបានប្រៀនប្រដៅនិងចិញ្ចឹមកូនទាំងអស់អោយដើរតាមគន្លងធម៌។សូមអោយវត្ថុស័ក្ដិសិទ្ធិទាំងឡាយជួយតាមថែរក្សាម្ដាយ និងពួកគាត់ផង។ ត្រូវតស៊ូព្យាយាមដើម្បីសម្រេចគោលដៅ កុំទាន់បោះបង់វាចោល បើសិនអ្នកមិនទាន់បានសម្រេចនូវគោលដៅរបស់អ្នក៕
អត្ថបទ៖ ដារ៉ា
មានរឿងរ៉ាវចង់ចែករំលែក សូមផ្ញើមកកាន់ e-mail: kong.chanvanneng@sabay.com
ព័ត៌មានបន្ថែមសូមទូរសព្ទមកកាន់លេខ ០១០ ៧០០ ៧២៧