តំណែង Van Gaal សុវត្ថិភាពវិញ ព្រោះ Mourinho មិនទាន់ចង់ដឹកនាំរដូវកាលនេះ
- 2016-02-24 18:23:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណែង Van Gaal សុវត្ថិភាពវិញ ព្រោះ Mourinho មិនទាន់ចង់ដឹកនាំរដូវកាលនេះ
ចន្លោះមិនឃើញ
តំណែងរបស់ Louis van Gaal អ្នកចាត់ការក្រុម Manchester United មានសុវត្ថិភាពហើយ ដែលលោកនឹងដឹកនាំក្រុមបិសាចក្រហមដល់ចប់រដូវកាលនេះ ព្រោះតែ Jose Mourinho មិនទាន់ចង់ចូលដឹកនាំនៅរដូវកាលនេះទេ។ បុរសរហស្សនាម "Special One” គ្រោងនឹងចូលដឹកនាំ Man Utd ក្រោយចប់រដូវកាលនេះសិន។
បើតាម Mirror Sport បានឲ្យដឹង កាលពីដើមខែកុម្ភៈនេះថា Mourinho បានព្រមចុះកិច្ចសន្យា៣ឆ្នាំ ដើម្បីដឹកនាំក្រុម Man Utd ដោយទទួលបានថ្លៃឈ្នួល១៥លានផោន និងទទួលបានប្រាក់លើកទឹកចិត្ត៤លានផោនទៀត បើជួយឲ្យក្រុមបិសាចក្រហមលើកពាន Premier League បាន នារដូវកាលក្រោយ។
យ៉ាងណា អតីតអ្នកចាត់ការក្រុម Chelsea រូបនេះ មិនចង់ឡើងជំនួសតំណែង Van Gaal នៅរដូវកាលនេះទេ ដោយលោកចាំចូលដឹកនាំនៅខែមិថុនាខាងមុខ។ Mourinho ចង់បានឱកាសរុះរើក្រុមថ្មី និងចង់ចាប់ផ្ដើមប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី ជាមួយនឹងកីឡាកររបស់លោកតែម្ដង។
កៅអីរបស់ Van Gaal កាន់តែក្ដៅបន្ទាប់ពី ចំណាយជាង៩០លានផោនរដូវក្ដៅមុន តែ Man Utd ធ្លាក់ពី UEFA Champions League ត្រឹមវគ្គសន្សំពិន្ទុតាមពូល ហើយថែមទាំងសប្ដាហ៍មុនចាញ់ FC Midtjylland នៅ UEFA Europa League វគ្គ៣២ក្រុម ជើងទី១ទៀត ដែលធ្វើឲ្យអ្នកគាំទ្រក្រុមបិសាចក្រហមជាច្រើន ទទូចសុំឲ្យ Mourinho ឡើងជំនួសឆាប់ៗ។
ទោះឈ្នះតែ៦ដង ក្នុងចំណោម១៩ប្រកួតចុងក្រោយគ្រប់កម្មវិធីទាំងអស់ក្ដី ក៏លោក Ed Woodward អនុប្រធានក្លឹប Man Utd នឹងទុកឱកាសឲ្យអ្នកចាត់ការវ័យ៦៤ឆ្នាំ Van Gaal បន្តដឹកនាំដល់ពេញមួយរដូវកាលនេះតែម្តង៕
-ចុចអាន៖ Fans Man Utd អង្វរក្លឹបឲ្យតែងតាំង Mourinho ក្រោយចាញ់យប់មិញ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror