គ្រោះថ្នាក់ធំ ទុកឡានចោលហាលថ្ងៃក្តៅយូរមិនចាប់អារម្មណ៍
- 2016-03-17 13:00:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះថ្នាក់ធំ ទុកឡានចោលហាលថ្ងៃក្តៅយូរមិនចាប់អារម្មណ៍
ចន្លោះមិនឃើញ
អ្នកជិះឡានមិនតិចនាក់ទេ ដែលចាប់អារម្មណ៍ពីផលប៉ះពាល់ដោយសារការទុកឡានចោលហាលថ្ងៃក្តៅខ្លាំង។
លោក ហាក់ ហ៊ួត ដែលជាម្ចាស់ហ្គារ៉ាស់លក់គ្រឿងបន្លាស់រថយន្តយីហោ ហាក់ ហ៊ួត បានឱ្យដឹងថា ឡានដែលត្រូវទុកហាលថ្ងៃយូរនឹងធ្វើឱ្យតាប្លូប្រេះ ព្រោះដោយសារតែកម្តៅថ្ងៃក្តៅខ្លាំងដែលជះចូលតាមកញ្ចក់ឡានខាងមុខ។
លោក ហ៊ួតបន្តទៀតថា ក្រៅពីធ្វើឱ្យតាប្លូស្លកនិងប្រេះ កញ្ចក់ឡានក៏អាចនឹងផ្ទុះបែកដែរ (ករណីកម្រ) បើសិនឡានទុកចោលហាលថ្ងៃក្តៅខ្លាំងហើយកញ្ចក់ទ្វារទាំងអស់បិទជិត។ ដោយសារតែកញ្ចក់ទ្វារទាំងអស់ត្រូវបិទជិតហើយបរិយាកាសក្នុងឡានហប់និងក្តៅខ្លាំង ទើបធ្វើឱ្យកញ្ចក់បែក។
បើនិយាយពីភេសជ្ជៈឬនំចំណីនៅក្នុងឡានវិញនឹងត្រូវខូចគុណភាព ដោយសារប្រតិកម្មនៃហ្គាស់និងសារធាតុគីមីផ្សេងៗនៅក្នុងអាហារឬភេសជ្ជៈទាំងនោះជាមួយនឹងកម្ដៅ។ ដូច្នេះមិនគួរយកចំណីអាហារឬភេសជ្ជៈកំប៉ុងនានាដែលទុកចោលក្នុងឡានយូរមកញាំឡើយ។
ម្ចាស់ហ្គារ៉ាស់រូបនេះផ្តល់ដំបូន្មានថា បើទុកឡានចោលហាលក្តៅយូរ គួរតែយកអ្វីមួយមកគ្របពីខាងមុខកញ្ចក់ដើម្បីកាត់បន្ថយកម្តៅជះទៅតាប្លូ ហើយមួយវិញ បើអាចគួរតែបើកកញ្ចក់ទ្វារណាមួយតូចល្មមអាចឱ្យខ្យល់ចេញចូលទៅខាងក្នុងរថយន្តដើម្បីកុំឱ្យបរិយាកាសក្នុងឡានហប់ពេក៕
អាន៖ របស់សាមញ្ញៗ ៣ យ៉ាងមិនគួរទុកចោលនៅក្នុងរថយន្ត
អត្ថបទ៖ ប៉ែត ផាន់និត