៥ ចំណុចតូចៗ លើម៉ាស៊ីនឡានត្រូវពិនិត្យរាល់ថ្ងៃមុននឹងបើកបរ
- 2016-03-28 18:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ចំណុចតូចៗ លើម៉ាស៊ីនឡានត្រូវពិនិត្យរាល់ថ្ងៃមុននឹងបើកបរ
ចន្លោះមិនឃើញ
ប្រេងហ្វ្រាំង ប្រេងប្រអប់លេខ ប្រេងចង្កូត ប្រេងម៉ាស៊ីន ធុងទឹកលើរថយន្តទាំងនេះជាចំណុចចម្បងគេដែលប្រិយមិត្តត្រូវឧស្សាហ៍ពិនិត្យរាល់ថ្ងៃ មុននឹងបើកបរជៀសវាងការមានបញ្ហាទៅថ្ងៃក្រោយ ឬពេលកំពុងបើកបរជាដើម។
លោក សុខ ដែលជាគ្រូបង្រៀនបើកបរនៅសាលាបង្រៀនបើកបរជ័យជំនះ បានប្រាប់ពីគន្លឹះងាយៗ ដល់ប្រិយមិត្តដែលមានរថយន្តត្រូវបើកបររៀងរាល់ថ្ងៃ ឲ្យពិនិត្យលើចំណុចទាំងប្រាំនេះ
១) ប្រេងហ្វ្រាំង៖
មានតួនាទីធ្វើឱ្យហ្រ្វាំងដំណើរការល្អ ព្រោះវាជាអ្នកបញ្ជាទៅកង់ទាំងបួននៃរថយន្ត។ កាលណារថយន្តអ្នកអស់ឬខ្វះប្រេងហ្វ្រាំង នោះការបើកបរនឹងលំបាកនិងអាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ដោយសារហ្រ្វាំងរថយន្តអ្នកស្អិតពេលចាប់ហ្រ្វាំង។ អ្នកអាចត្រួតពិនិត្យប្រេងហ្វ្រាំងពេលអ្នកត្រូវប្តូរប្រេង ម៉ាស៊ីន ឬអាចប្តូរវាចេញរយៈពេល២ឆ្នាំម្តងឬតិចជាងនេះ។
២) ប្រេងប្រអប់លេខ៖
មានតួនាទីដើម្បីឱ្យប្រអប់លេខដើរស្រួល។ ជាទូទៅអ្នកបើកបរភាគច្រើនហាក់មិនសូវចាប់អារម្មណ៍នឹងការដូរ ប្រេងប្រអប់លេខនេះសោះ។ លោកថា ធម្មតាប្រេងប្រអប់លេខគួរដូរចេញពេលវាឡើងពណ៌ត្នោតនិងធំក្លិន ឈ្ងៀម ឬ ជាង២ម៉ឺនគីឡូម៉ែត្រត្រូវដូរចេញម្ដង។
៣) ប្រេងម៉ាស៊ីន៖
ប្រេងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យម៉ាស៊ីនដើរស្រួល។ ជាធម្មតាប្រេងនេះច្រើនត្រូវប្ដូរចេញរៀងរាល់ ៣០០០គីឡូម៉ែត្រម្ដង ឬតិចជាងនេះអាស្រ័យលើបែបបទថែទាំរបស់ម្ចាស់រថយន្ត។
៤) ប្រេងចង្កូត៖
ប្រេងនេះប្រើដើម្បីធ្វើឱ្យចង្កូតធូរ។ កាលណាប្រេងចង្កូតអស់ឬមិនគ្រប់គ្រាន់នោះវានឹងធ្វើឱ្យតឹង ចង្កូតពិបាកកាច់ចង្កូតពេលកំពុងបើកបរ។
៥) ធុងទឹក៖
ត្រូវពិនិត្យជារៀងរាល់ថ្ងៃ ជៀសវាងធ្វើឲ្យម៉ាស៊ីនឡានឡើងកម្ដៅខុសធម្មតា។
លោកក៏បានបញ្ជាក់ដែរថា ចំណុចតូចៗទាំងនេះត្រូវយកចិត្តទុកដាក់ជាងគេបំផុតមុននឹងធ្វើដំណើរទៅណាមកណា ព្រោះថាអាយុកាលយូរអង្វែងនៃម៉ាស៊ីនរថយន្តក៏អាស្រ័យលើចំណុចតូចៗ ទាំងនេះដែរ។
https://youtu.be/9LmS8J1qf48
អានបន្ត៖ ប្រភេទប្រេងសំខាន់ៗឱ្យរថយន្តដើរស្រួល មានអ្វីខ្លះ?
អានបន្ត៖ អាយុកាលគ្រឿងបន្លាស់នីមួយៗលើរថយន្ត ដែលអ្នកគួរដឹង
អត្ថបទ៖ រក្សា