ទម្លាប់អាក្រក់អ្នកជិះម៉ូតូ គួរប្រញាប់បោះបង់ចោល
- 2016-04-04 17:38:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់អ្នកជិះម៉ូតូ គួរប្រញាប់បោះបង់ចោល
ចន្លោះមិនឃើញ
អ្នកជិះម៉ូតូខ្លះ នៅប្រកាន់ទម្លាប់មិនល្អមួយចំនួនដែលធ្វើឱ្យម៉ូតូឆាប់ខូចដោយមិនដឹងខ្លួន។ អ្នកខ្លះតែងរអ៊ូថាហេតុអីម៉ូតូឆាប់ខូចនេះខូចនោះ តែតាមពិតដោយសារទម្លាប់អាក្រក់ប៉ុន្មានចំណុចខាងក្រោមដែលតែងតែធ្វើរាល់ថ្ងៃទាំងមិនចាប់អារម្មណ៍នោះឯង។
១. បញ្ឆេះម៉ូតូភ្លាមចេញដំណើរប្រុយ
ព្រឹកឡើង អ្នកជិះម៉ូតូមិនតិចនាក់ទេ ពេលទៅធ្វើការម្តងៗគ្រាន់តែទាញម៉ូតូចេញ រួចបញ្ឆេះភ្លាមហើយចេញដំណើរតែម្តង ដោយមិនបានបញ្ឆេះឱ្យម៉ូតូក្តៅម៉ាស៊ីនសិននោះទេ។ ធ្វើបែបនេះអាចឱ្យម៉ាស៊ីនដើរមិនស្រួល ពេលកំពុងធ្វើដំណើរ។
២. ជិះម៉ូតូទាល់តែអស់សាំងបណ្ដើរ
ព្រោះតែខ្លាចអស់លុយចាក់សាំងច្រើន អ្នកខ្លះសុខចិត្តជិះម៉ូតូរហូតអស់សាំងរលីងពីធុងដល់ថ្នាក់បណ្ដើរម៉ូតូបែកញើសរកកន្លែងចាក់សាំងក៏មាន។ ត្រូវចាំថា កាលណាសាំងម៉ូតូអស់សាំងរលីងពីធុងញឹកញាប់ នោះធូលីនិងកំណកកករនឹងឆាប់កកស្ទះប្រព័ន្ធបូបសាំងឬប៊ិចសាំង រហូតបណ្ដាលឱ្យខូច។
៣. ចាក់សាំងប៉ាតណាប៉ាតណី
អ្នកខ្លះគិតថាឱ្យតែសាំងស៊ុបពែរថ្លៃ គឺសុទ្ធតែល្អសម្រាប់ម៉ូតូ គឺចាក់ស៊ុបពែរសឹងរាល់ថ្ងៃ។ ពិតមែនសាំងស៊ុបពែរ គឺមានតម្លៃថ្លៃ ហើយមានចំហេះខ្លាំង តែវាប្រើសម្រាប់តែម៉ាស៊ីនឡាននិងម៉ូតូប្រភេទស្ព័រ ឬប្រើយូរឆ្នាំ មិនសូវស្ទុះ។ សាំងប្រភេទនេះធ្វើឱ្យម៉ាស៊ីនឆាប់ឡើងកម្តៅជាងការប្រើសាំងធម្មតា។ បើជិះផ្លូវឆ្ងាយចាក់សាំងស៊ុបពែរ នោះម៉ាស៊ីនម៉ូតូនឹងឆាប់ឡើងកម្តៅ។ នេះបើតាមការអះអាងរបស់លោក ហួត អ្នកជំនាញផ្នែកគ្រឿងម៉ាស៊ីន។
៤. មិនដែលខ្វល់ពីបូមម៉ូតូ
អ្នកខ្លះជិះម្នាក់ឯងក៏ដាក់បូមមួយ ពីរនាក់ក៏បូមមួយ មិនសូវខ្វល់ថាត្រូវប្តូរដាក់បូមសម្រាប់មនុស្សពីរនាក់វិញទេ ទាំងពេលខ្លះដឹងហើយថានឹងធ្វើឱ្យបូមឆាប់ខូច (ចំពោះម៉ូតូមួយចំនួនដូចជា Honda Dream)។
៥. ជិះម៉ូតូបណ្ដើរឈ្ងោកចុចទូរសព្ទបណ្ដើរ អ្នកបើកម៉ូតូតិចនាក់អី ដែលចូលចិត្តជិះម៉ូតូបណ្តើរចុចទូរសព្ទបណ្តើរ រហូតភ្លេចមើលផ្លូវក៏មាន។ ទង្វើបែបនេះ អាចបង្កឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ព្រោះតែពុំបានចាប់អារម្មណ៍មើលផ្លូវខាងមុខ ហើយពេលខ្លះអាចនឹងមានអំពើឆក់កើតឡើង ព្រោះតែការសម្ញែងទូរសព្ទតម្លៃថ្លៃពេលកំពុងជិះម៉ូតូហ្នឹងឯង។
៦. មួលហ្គ៊ែរខ្លាំងៗ
អ្នកខ្លះចូលចិត្តជិះម៉ូតូលឿន មួលហ្គែរខ្លាំងៗ ព្រោះតែចង់សម្ញែងគេឯង តែមិនដឹងថាធ្វើដូច្នេះអាចបណ្ដាលឱ្យមានគ្រោះថា្នក់កើតឡើង និងឆាប់អស់សាំងម៉ូតូលឿននោះទេ។
៧. មិនដែលខ្វល់រឿងពាក់មួកសុវត្ថិភាព ព្រោះតែខ្លាចខូចម៉ូដសក់និងមិនឡូយឆាយ មិត្តយុវវ័យស្ទាវៗមួយចំនួនមិនចង់ពាក់មួកការពារទេ។ យ៉ាងហោចណាស់មួកសុវត្ថិភាពអាចជួយការងារជីវិតអ្នកបានចំពោះគ្រោះថ្នាក់ភាគច្រើន និងអាចជៀសផុតពីការផាកពីន័យពីពូៗប៉ូលិសបានដែរ។ មួយទៀតបើពេលពាក់មួកការពារហើយ កុំភ្លេចបិទគន្លឹះឱ្យបានត្រឹមត្រូវផងណា!។
៨. មិនសូវខ្វល់រឿងដូរប្រេងបាត ក្រៅពីការជ្រើសរើសសាំងត្រឹមត្រូវ ប្រេងបាតក៏ជាផ្នែកសំខាន់ ជួយឱ្យម៉ាស៊ីនម៉ូតូដើរស្រួលដែរ។ មិត្តយុវវ័យខ្លះ ជិះម៉ូតូមិនសូវខ្វល់ថាត្រូវដូរប្រេងបាតឱ្យបានទៀងទាត់ទេ ដល់ថ្នាក់ជិះរហូតប្រេងបាតឡើងខ្មៅដូចធ្យូងនិងហុយផ្សែងឈ្លក់គេឯងតាមផ្លូវក៏មាន។
ការលើកឡើងខាងលើ Sabay គ្រាន់តែចង់ដាស់តឿនប្រិយមិត្ត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបើកបរនិងថែរក្សាម៉ូតូឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស ដើម្បីជៀសវាងការខាតបង់ណាមួយ ដែលអ្នកមិនចង់ជួបប្រទះ។ Sabay សូមជូនពរឱ្យការធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ប្រិយមិត្តទាំងអស់ជួបតែសុវត្ថិភាពណា!
អត្ថបទ៖ ប៉ែត ផាន់និត