មុនបញ្ឆេះឡានចេញដំណើរ ត្រូវធ្វើរឿងទាំងអស់នេះជាមុន
- 2016-04-12 17:26:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនបញ្ឆេះឡានចេញដំណើរ ត្រូវធ្វើរឿងទាំងអស់នេះជាមុន
ចន្លោះមិនឃើញ
ជាទូទៅអ្នកបើកបររថយន្ត ច្រើនតែបើកទ្វារឡានហើយបញ្ឆេះម៉ាស៊ីនចេញដំណើរតែម្តង ដោយពុំបានមើលសព្វជ្រុងជ្រោយអ្វីជាមុនឡើយ។ បើតាមការលើកឡើងរបស់អ្នកជំនាញ មុនចូលឡានបញ្ឆេះចេញដំណើរ អ្នកបើកបរទាំងអស់ត្រូវធ្វើរឿងសាមញ្ញៗខាងក្រោមជាមុនសិន។
លោក រដ្ឋា ដែលជាម្ចាស់ហ្ការ៉ាស់ វើ សឺស ខេមបូឌា បានឱ្យដឹងថា ដំបូងត្រូវដើរព័ទ្ធឡានពីខាងក្រោយពិនិត្យមើលកង់។ ធ្វើបែបនេះគឺដើម្បីឱ្យអ្នកបើកបរដឹងថា តើខ្ចៅបាឡុងកង់ទាំងអស់គ្រប់និងមិនធូរ ហើយកង់មានធូរឬបញ្ហាត្រង់ណាខ្លះ។ ម្យ៉ាងទៀតក៏អាចឱ្យអ្នកបើកបរដឹងថា តើមានវត្ថុឬអ្វីមួយនៅក្បែរឡានដែរឬអត់ ដើម្បីកុំឱ្យមានបញ្ហាពេលបើកចេញដំណើរ។
នៅពេលចូលដល់ក្នុងឡានត្រូវសារ៉េកញ្ចក់ឆ្វេងស្តាំ មុខក្រោយឱ្យបានម៉ត់ចត់។ ចំពោះកៅអីក៏ត្រូវសារ៉េដូចគ្នា ទៅតាមបែបបទនៃការអង្គុយរបស់អ្នកបើកបរបុរសនិងស្រ្តី (កៅអីរបស់ស្រ្តីច្រើនរុញទៅមុខឯបុរសច្រើនរុញទៅក្រោយ) ហើយក៏ត្រូវសារ៉េត្រង់ផ្នែកកឱ្យបានត្រឹមត្រូវផងដែរ ដើម្បីមានផាសុកភាពពេលធ្វើដំណើរយូរ។
ចំពោះឡានលេខដៃ គឺដោះហ្វ្រាំងជាមុនសិនរួចសឹមបញ្ឆេះ មិនដូចច្នោះ អាចធ្វើឱ្យឆេះតាបួរ ស្បែកហ្វ្រាំង និងឆេះកង់ក៏ថាបានព្រោះតែវាកកិតខ្លាំងពេក។ ភាគច្រើនឡានលេខដៃ ត្រូវទម្លាក់ចុះក្រោម ដើម្បីដោះហ្វ្រាំង ហើយអ្នកដែលទើបចេះបើកបរដំបូងៗច្រើនតែធ្វេសប្រហែសត្រង់ចំណុចនេះ។
ចំពោះធុងទឹករថយន្តក៏ជារឿងសំខាន់ដែលអ្នកបើកបរគ្រប់រូបត្រូវពិនិត្យឱ្យបានញឹកញាប់រាល់ពេលចេញដំណើរទៅទីឆ្ងាយ ដើម្បីធានាថាមិនមានបញ្ហាលេចខ្វះឬលេចធុងទឹកជាដើម។ អ្នកគួរឧស្សាហ៍ពិនិត្យមើលត្រង់ចំណុចទាំងអស់ ដើម្បីឱ្យការធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ ប៉ែត ផាន់និត