ពិការភ្នែកបណ្ដោះអាសន្ន ក្រោយសម្លឹងអេក្រង់ទូរសព្ទនៅទីងងឹត ដោយភ្នែកម្ខាង
- 2016-06-23 16:18:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិការភ្នែកបណ្ដោះអាសន្ន ក្រោយសម្លឹងអេក្រង់ទូរសព្ទនៅទីងងឹត ដោយភ្នែកម្ខាង
ចន្លោះមិនឃើញ
ទស្សនាវដ្ដីពេទ្យ New England Journal of Medicine បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា មានស្ត្រីពីររូបជួបប្រទះជំងឺ "ពិការភ្នែកបណ្ដោះអាសន្នព្រោះស្មាតហ្វូន" ក្រោយពីពួកគេសម្លឹងមើលអេក្រង់ទូរសព្ទនៅទីងងឹតជាញឹកញាប់។
ស្ត្រីរងគ្រោះម្នាក់មានវ័យ ២២ ឆ្នាំ និងម្នាក់ទៀតវ័យ ៤០ ឆ្នាំ បានត្អូញត្អែរពីការបាត់បង់វិស័យចក្ខុរហូតដល់ទៅ ១៥ នាទី។ ពួកគាត់ទាំងពីរត្រូវបានឆ្លងកាត់ការពិនិត្យផ្សេងៗគ្នារួមមាន ការស្កេន MRI រួមជាមួយការពិនិត្យបេះដូង។ ជាលទ្ធផលគ្រូពេទ្យមិនអាចស្វែងរកភាពមិនប្រក្រតីណាមួយ ដែលជាមូលហេតុធ្វើឲ្យពួកគេពិការបណ្ដោះអាសន្នឡើយ។
ប៉ុន្តែប៉ុន្មាននាទីក្រោយដើរចូលបន្ទប់អ្នកជំនាញខាងចក្ខុ ភាពមន្ទិលសង្ស័យបានដោះស្រាយ។ ពេលនោះវេជ្ជបណ្ឌិត Gordon Plant នៃមន្ទីរពេទ្យភ្នែក Moorfield’s Eye Hospital ទីក្រុង London ដែលជាអ្នកពិនិត្យលើស្ថានភាពស្ត្រីរងគ្រោះទាំងពីរបានសួរសំនួរថា៖ "តើអ្នកទាំងពីរបានធ្វើអ្វី មុនពេលដែលបញ្ហានេះបានកើតឡើង?”
ក្រោយមកទើបដឹងថាស្ត្រីទាំងពីររូបនោះ បានសម្លឹងមើលអេក្រង់ទូរសព្ទដោយភ្នែកតែម្ខាងនៅលើគ្រែសម្រាកដែលងងឹតស្លុប ហើយភ្នែកម្ខាងទៀតត្រូវបាំងដោយខ្នើយកើយ។ នៅពេលដែលដាក់ទូរសព្ទចុះភ្នែកដែលសម្លឹងទូរសព្ទរបស់ពួកគេមិនអាចមើលអ្វីឃើញរហូតដល់ ១៥ នាទី ទើបដូចដើម។ លោក Gordon Plant បានបកស្រាយថានេះក៏ព្រោះតែភ្នែកម្ខាងទៀតត្រូវចំណាយពេលរាប់សិបនាទីដើម្បីតាមទាន់ ភ្នែកម្ខាងទៀតដែលសម្របនឹងភាពងងឹត។
លោក Gordon Plant បានបន្ថែមថា ជំងឺពិការបណ្ដោះអាសន្ននេះមិនបង្កជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះឡើយ ហើយជំងឺនេះអាចជៀសផុតបានប្រសិនបើសម្លឹងមើលស្មាតហ្វូនដោយប្រើភ្នែកទាំងសងខាងនោះ៕
ចុចអាន៖ មានអាវពោងសុវត្ថិភាព អ្នកប្រើប្រាស់ម៉ូតូទៀត
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TheGuardian