វិធីការពារខ្លួនពីមេរោគអេបូឡា ដែលកំពុងរីករាលដាលខ្លាំងលើលោក
- 2014-10-30 17:50:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីការពារខ្លួនពីមេរោគអេបូឡា ដែលកំពុងរីករាលដាលខ្លាំងលើលោក
ចន្លោះមិនឃើញ
បច្ចុប្បន្ន ពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការផ្ទុះឡើងជាថ្មីនៃមេរោគអេបូឡា។ ក្នុងឆ្នាំ២០១៤ មានមនុស្សជិត ៥ពាន់នាក់ហើយបានបាត់បង់ជីវិត និងជាងមួយម៉ឺននាក់ទៀតកំពុងមានផ្ទុកមេរោគកំណាចនេះក្នុងប្រទេសនានា ដោយរាប់ទាំងសហរដ្ឋអាមេរិកផង។ គេនៅមិនទាន់ដឹងថាមេរោគមួយនេះ កើតឡើងមកពីអ្វីនៅឡើយទេ ប៉ុន្តែតាមការសន្និដ្ឋាន សត្វជ្រឹងមួយប្រភេទបានចម្លងមេរោគនេះដល់សត្វផ្សេងៗទៀត ហើយក៏ចម្លងមកដល់មនុស្ស។
រូបរាងមេរោគអេបូឡា
ខាងក្រោមនេះ គឺជាព័ត៌មានមួយចំនួនពីអេបូឡា និងវិធីបង្ការខ្លួន៖
អេបូឡា មានប្រវត្តិយ៉ាងណា?
អេបូឡា(Ebola) គឺជាមេរោគមរណៈមួយ ដែលអាចឆក់យកជីវិតមនុស្សយ៉ាងឆាប់រហ័ស និងសាហាវបំផុត។ មេរោគនេះផ្ទុះឡើងដំបូងនៅឆ្នាំ១៩៧៦ នៅទីតាំងពីរកន្លែងផ្សេងគ្នា។ ទីតាំងទីមួយ គឺកើតឡើងនៅក្នុងភូមិមួយក្បែរទន្លេ Ebola (យកធ្វើជាឈ្មោះមេរោគ) នៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចំណែកឯទីតាំងទីពីរ គឺនៅតំបន់ដាច់ស្រយាលមួយនៃសាធារណរដ្ឋស៊ូដង់។ មកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញវ៉ាក់សាំងការពារមេរោគនេះទេ ប៉ុន្តែមានវិធីមួយចំនួនដែលអាចបង្ការការឆ្លងបាន។
ទិន្នន័យអ្នកស្លាប់ និងអ្នកឆ្លង ចុងក្រោយបំផុតរបស់អង្គការសុខភាពពិភពលោក
អ្នកផ្ទុកមេរោគអេបូឡា មានរោគសញ្ញាអ្វីខ្លះ?
មុនដំបូងអ្នកជំងឺនឹងទទួលរងនូវអាការៈគ្រុនភ្លាមៗដោយមិនដឹងមូលហេតុ បន្ទាប់មកចាប់ផ្ដើមចុះទន់ខ្សោយខ្លាំង ឈឺចាប់សាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ក្រោយមកវាក៏វិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរដោយមានការក្អួតចង្អោរ រាគ និងមានកន្ទួលក្រហមជាច្រើនគួរអោយខ្លាច។ ក្រៅពីនេះ អេបូឡានឹងធ្វើឲ្យតម្រងនោម ថ្លើមចុះខ្សោយ ហើយករណីមួយចំនួនអាចមានការហូរឈាមនៅតាមអវយវៈផ្សេងៗ ទាំងក្នុងទាំងក្រៅ។ ចាប់ពីពេលឆ្លងមេរោគនេះរហូតដល់ចេញរោគសញ្ញា មានរយៈពេលចន្លោះពី ២ ទៅ ២១ ថ្ងៃប៉ុណ្ណោះ។
អេបូឡា ឆ្លងដោយរបៀបណា?
មេរោគនេះអាចឆ្លងបានតាមឈាម ទឹកមាត់ កម្អួត លាមក រួមទាំងសារធាតុរាវទាំងឡាយដែលមាននៅលើខ្លួនមនុស្សនិងសត្វ ដែលផ្ទុកមេរោគនេះ។ នៅពេលដែលនរណាម្នាក់នៅក្នុងសហគមន៍មានផ្ទុកមេរោគអេបូឡា ការរីករាលដាលនឹងកើតឡើងយ៉ាងឆាប់រហ័ស ពីមនុស្សម្នាក់ទៅមនុស្សតាមរយៈភ្នាសកោសិកាស្បែកដែលខូច ទឹករងៃដែលកើតចេញពីដំបៅ និងសារធាតុរាវផ្សេងៗទៀត។ សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកជំងឺ គឺជាប្រភពមេរោគដ៏គ្រោះថ្នាក់បំផុត។
ប្រជាជននៅអាហ្វ្រិកមួយចំនួនឆ្លងមេរោគអេបូឡាតាមរយៈសត្វព្រៃ ដូចជាសត្វស្វាហ្គោរីឡា និងជ្រឹង ដែលជាប្រភពនៃមេរោគដំបូងបំផុត។ ការប៉ះពាល់ និងការបរិភោគសាច់សត្វព្រៃដែលមានផ្ទុកមេរោគអេបូឡា សុទ្ធតែអាចចម្លងមកខ្លួនយើងបានទាំងអស់។
ធ្វើយ៉ាងណាទើបអាចការពារខ្លួនពីអេបូឡាបាន?
១. រក្សាអនាម័យជាប្រចាំ
វិធីបង្ការមេរោគអេបូឡា ក៏ដូចជាមេរោគផ្សេងៗទៀតដែរ សំខាន់បំផុតគឺត្រូវលាងសម្អាតដៃឲ្យបានស្អាតបំផុត ដោយប្រើប្រាស់សាប៊ូនិងទឹក ឫទឹកលាងសម្អាតដៃដែលមានសារជាតិអាល់កុល។
២. ជៀសវាងទៅតំបន់ដែលផ្ទុះមេរោគ
មុនពេលធ្វើដំណើរទៅទ្វីបអាហ្វ្រិក ត្រូវស្វែងរកព័ត៌មានពីតំបន់ដែលមានការរីករាលដាលមេរោគប្រភេទនេះ ដោយអាចរកបានតាមរយៈគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(សូមចុចទីនេះ) ដែលនឹងបង្ហាញលោកអ្នកពីតំបន់ផ្ទុះឡើងនៃមេរោគអេបូឡា។
៣. ជៀសវាងការទាក់ទងជាមួយមនុស្សដែលឆ្លងជំងឺនេះ
ត្រូវនៅដាច់ឆ្ងាយពីមនុស្សដែលទទួលរងការវាយប្រហារដោយអេបូឡា ព្រោះមេរោគនេះងាយឆ្លងបំផុតតាមរយៈការប៉ះពាល់ដោយផ្ទាល់លើរាងកាយរបស់អ្នកជំងឺ។
៤. សាកសពមនុស្សដែលស្លាប់ដោយមេរោគអេបូឡាក៏នៅតែឆ្លងដែរ ដូចនេះមិនត្រូវប៉ះពាល់ជាដាច់ខាត សូម្បីសម្ភារៈដែលអ្នកជំងឺនោះប្រើប្រាស់ក៏ដោយ។
៥. ប្រសិនបើអ្នកត្រូវទៅជិតអ្នកជំងឺ គួរប្រើសំលៀកបំពាក់ការពារជិតៗ ពាក់ស្រោមដៃ ពាក់ម៉ាស និងរបាំងការពារភ្នែក។
៦. ជៀសវាងការប្រើប្រាស់ម្ជុលដែលប្រើរួច និងសម្ភារៈវេជ្ជសាស្ត្រដែលមិនទាន់បានលាងសម្អាតមេរោគ។
៧. ជៀសវាងទទួលទានសាច់សត្វព្រៃ ឫសាច់ឆៅ
ចុចអាន៖ អូបាម៉ាពិតជាមិនខ្លាចមែន ហ៊ានឱបអ្នកជំងឺទើបជាពីអេបូឡា
ចុចអាន៖ ព័ត៌មានជាច្រើនទៀតទាក់ទងនឹងមេរោគអេបូឡា
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ WHO