សមាគម​សិល្បៈ​សុវណ្ណភូមិ បដិសេធ​ព័ត៌មាន​ផ្អាក​សម្ដែង​ល្ខោនស្រមោល​ស្បែកធំ

  • 2016-07-06 17:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឃឹម មាឃ តំណាង​សមាគម​សិល្បៈ​សុវណ្ណភូមិ​បាន​អះអាង​ថា មិន​បាន​ផ្អាក​ការ​សម្ដែង​ទស្សនីយភាព​ល្ខោន​ស្រមោល​ស្បែក​ធំ​នោះ​ទេ ហើយ​នៅ​តែ​ដំណើរ​ការរៀងរាល់​ថ្ងៃ​សុក្រ-សៅរ៍​ចុង​សប្ដាហ៍​ជា​ធម្មតា។

 

 

“គេ​យល់​ច្រឡំ​ហ្នឹង ប្រហែល​មក​ពី​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្រុម​យើង​អត់​សម្ដែង​ទេ ដោយ​សារ​គ្មាន​អ្នក​ទៅ​មើល​សោះ​តែ​ម្ដង ប៉ុន្តែ​ដល់​សៅរ៍​បន្ទាប់ មាន​ជន​បរទេស​ទៅ​មើល ៦ នាក់​ដែរ"។ លោក​ថ្លែង​មក​កាន់ Sabay ។ សិល្បករ​រូប​នេះ​បន្ថែម​ទៀត​ថា ព័ត៌មាន​បិទ​ការ​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ​មិន​បាន​ចេញ​ពី​សមាគម​សិល្បៈ​សុវណ្ណភូមិ​នោះ​ទេ។

 

ប៉ុន្តែ​សិល្បករ​រូប​នេះ​បាន​ចាប់​អារម្មណ៍​ឃើញ​ថា សន្ទុះ​នៃ​ការ​គាំទ្រ​សិល្បៈ​ខ្មែរ​រួម​មាន​ល្ខោន​ស្បែក​ធំ​ជា​ដើម មាន​លក្ខណៈ​ដូច​ភ្លើង​ចំបើង​បាន​តែ​ដំបូង​ប៉ុណ្ណោះ ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ។ ប៉ុន្តែ​លោក​អះអាង​ថា ទោះ​បី​ជា​យ៉ាង​ណា សមាគម​ដែល​ជា​ដំបូល​ជ្រកកោន​របស់​លោក​មួយ​នៅ​តែ​បន្ត​សម្ដែង​ជា​រៀងរាល់​ចុង​សប្ដាហ៍ ដើម្បី​បាន​កម្រៃ​ខ្លះ​សម្រាប់​ទ្រទ្រង់​ជីវភាព​សមាជិក​ប្រហែល ២០ នាក់ និង​ចំណាយ​លើ​ការ​ជួល​ទីតាំង​ដាក់​សម្ភារៈ។

 

 

កន្លង​មក​លោក​គ្រូ​ស្បែក​ធំ ម៉ាន់ កុសល ធ្លាប់​បាន​ឱ្យ​ដឹង​ថា ការ​បើក​ទ្វា​សមាគម​សិល្បៈ​សុវណ្ណភូមិ​ឡើង​វិញ គឺ​ជា​ការ​ដឹង​គុណ​ចំពោះ​មហាជន​ដែល​ជ្រោមជ្រែង​សមាគម​របស់​លោក​ក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច។ ក្នុង​នោះ​យុវវ័យ​ជំនាន់​ក្រោយ​មួយ​ចំនួន បាន​បង្ហាញ​ជំហរ​ធានា​និរន្តរភាព​សមាគម​ទៀត​ផង។

 

កញ្ញា រិទ្ធី លំអងពេជ្រ តំណាង​ក្រុម​ភ្លើង​គប់ ដែល​ជា​អ្នក​ធានា​និរន្តរភាព​សមាគម​ខាង​លើ​​បាន​និយាយ​ថា នាង​កំពុង​ប្រកាស​ស្វែង​រក​ក្រុម​ការងារ​ស្នូល​ចូលរួម​ការងារ​ក្នុង​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ​ផង​ដែរ។ ក្នុង​នោះ​រួម​មាន​ផ្នែក​គណនេយ្យ ទីផ្សារ ប្រធាន​គម្រោង និង​អ្នក​ទទួល​កក់​សំបុត្រ​ទស្សនា​ជា​ដើម។

 

យុវតី​រូប​នេះ​បន្ត​ថា ការ​អនុវត្តន៍​តាម​ផែនការ​ខាង​លើ​ទើប​អាច​ធ្វើ​ឱ្យ​សមាគម​មាន​ចំណូល​ជា​អចិន្ត្រៃយ៍ និង​អាច​ធានា​បាន​នូវ​និរន្តរភាព​យូរ​អង្វែង​ផង​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ