ស្ថាបនា​លើក​ពាន​ Khmer Real Estate 2016 ដោយ​ឈ្នះ​​ប៉េណាល់​ទី​លើ​ Khmer United​

  • 2016-07-11 20:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​​មិន​អាជីព​ Khmer Real Estate 2016 បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ដែល​ក្រុម​ស្ថាបនា​បាន​ក្លាយ​ជា​ជើង​ឯក​ បន្ទាប់​ពី​ឈ្នះ​​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី​លើ​ក្រុម​ Khmer United ៣-០​ ក្រោយ​ពេល​បញ្ចប់​៩០​នាទី​ស្មើ​ ២-២។

 

 

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​លាន​វេស្ទើន​ ក្រុម​ស្ថាបនា​បាន​បង្ហាញ​សមត្ថភាព​ និង​បច្ចេកទេស​យ៉ាង​ល្អ​​​​​ដោយ​បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​​​ដែល​​អាច​ទម្លាយ​សំណាញ់​ទី​របស់​ Khmer United បាន​១​គ្រាប់​នៅ​តង់​ទី​១។ ការ​ប្រកួត​នៅ​តង់​ទី​២​ Khmer United ​ដែល​មាន​កីឡាករ​បរទេស​ដល់​៤​នាក់​ក្នុង​ទី​​លាន​បាន​វាយ​បក​វិញ​រហូត​បាន​២​គ្រាប់​ដើម្បី​នាំ​មុខ​ ២-១។

 

ការ​ប្រកួត​ស្ទើរ​តែ​បញ្ចប់​ហើយ​ សមាជិក​ Khmer United បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​ដែល​ផ្តល់​ឲ្យ​ស្ថាបនា​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ និង​ស៊ុត​បាន​សម្រេច​នៅ​ចុង​តង់​ទី​២។ ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​ស្មើ​ ២-២។

 

 

ដើម្បី​ស្វែង​រក​​ម្ចាស់​ជើង​ឯក​ ការ​ប្រកួត​ត្រូវ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី។ សមាជិក​ Khmer United ៣​នាក់​ក្នុង​នោះ​បរទេស​២​នាក់​ និង​ខ្មែរ​ម្នាក់​ស៊ុត​អត់​ចូល​ ខណៈ​សមាជិក​៣​នាក់​របស់​ស្ថាបនា​ស៊ុត​ចូល​ទាំង​៣​ដើម្បី​ក្លាយ​ជា​ជើងឯក​ Khmer Real Estate​ ប្រចាំ​ឆ្នាំ​២០១៦។  ចំណែក​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទី​ក្រុម​ RFL​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ V.K United ដោយ​លទ្ធផល​ ៣-២។​

 

លោក​ គីម ហ៊ាង​ ​អគ្គនាយក​ក្រុម​ហ៊ុន​ Khmer Real Estate និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា​​​ដែល​ជា​ម្ចាស់​ក្រុម​ Khmer United បាន​លើក​ឡើង​ថា​ ៖«ក្នុង​នាម​កីឡាករ​ ពេល​ដែល​ចាញ់​គឺ​មិន​សប្បាយ​ចិត្ត​ តែ​ក្នុង​នាម​ជា​អ្នក​រក​ស៊ី​ ជា​អ្នក​បង្កើត​ពាន បើ​បង្កើត​ ហើយ​ឈ្នះ​យក​ពាន​តែ​ឯង​ វា​មិន​ល្អ​ទេ​ ​​ព្រោះ​គេ​ថា​ យើង​ធ្វើ​ពាន​យក​តែ​ខ្លួន​ឯង»។ ​

ទស្សនា​វីដេអូ ប៉េណាល់​ទី

 

សម្រាប់​ក្រុម​ជយលាភី​លេខ​១​ ក្រុម​ស្ថាបនា​ទទួល​​ទទួល​បាន​ពាន​១ មេដាយ​មាស​ ប្រាក់​រង្វាន់​៤​លាន​រៀល​ បាល់​២​ និង​ឯក​សណ្ឋាន​​កីឡា​២២​កំប្លេ ខណៈ​លេខ​២​ក្រុម Khmer United ​ទទួល​បាន​ពាន​​ពាន​១​ ប្រាក់​រង្វាន់​២.៨០​លាន​​រៀល​​ បាល់​២​ និង​ឯក​សណ្ឋាន​កីឡា​២២​កំប្លេ ហើយ​​ក្រុម​លេខ​៣ RFL ​ទទួល​បាន​ពាន​១​ ប្រាក់​រង្វាន់​១.២០​លាន​​រៀល​ បាល់​២ និង​ឯក​សណ្ឋាន​កីឡា​២២​កំប្លេ​ និង​ក្រុម​លេខ​៤ ​V.K United ​​ទទួល​បាន​បាល់​២ និង​ឯក​សណ្ឋាន​កីឡា​២២​កំប្លេ៕

 

 
 

អត្ថបទ៖ ជាន ចាន់រ៉ា​