ហាត់​ការ​នៅ​កូរ៉េ​ជាង ១ឆ្នាំ កើត​កូន​ចិត្ត​ចង់​​​អភិវឌ្ឍ​មធ្យោបាយ​​ដឹក​ជញ្ជូន​​ជឿន​លឿន​ដូច​ស្រុក​គេ

  • 2016-07-22 18:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស ម៉ាយូរ៉ា ចង់​អភិវឌ្ឍ​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​ប្រទេស​កម្ពុជា ដូច​ប្រទេស​កូរ៉េ ខណៈ​កំពុង​ហាត់​ការ​ផ្នែក Software Developer នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំមួយ ក្នុង​ប្រទេស​នេះ។

 

រូបភាព​៖ ហ្វេសប៊ុក យូរ៉ា 

 

អតីត​និស្សិត​ឆ្នើម​ជំនាន់​ទី ១៥ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ នៅ​សាកលវិទ្យាល័យ​ន័រតុន​រូប​នេះ​ថា ក្រោយ​ជាប់​ឈ្មោះ​ទៅ​ហាត់​ការ​នៅ​កូរ៉េ​តាមរយៈ​វិទ្យាស្ថាន​កូរ៉េ  HRD រូប​គេ​ត្រូវ​ហាត់​ការ​នៅ​ទី​នោះ​រយៈ​ពេល​ពីរ​ឆ្នាំ ទើប​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ ទំនើប​ភាវូបនីយកម្ម​ខាង​ផ្នែក​មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​ទីនោះ បាន​ដក់​ជាប់​ក្នុង​ចិត្ត​យូរ៉ា ក្រោយ​ធ្វើ​ការ​បាន​ជាង ១ឆ្នាំ​នៅ​កូរ៉េ។

 

បើ​និយាយ​ពី​សេវាកម្ម​ឡាន​ក្រុង​និង​រថភ្លើង ដែល​ជា​​​​មធ្យោបាយ​ធ្វើ​ដំណើរ​​ទំនើប​នៅ​កូរ៉េ យូរ៉ា​ថា សុទ្ធ​តែ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំងអស់។ ​ជាក់ស្តែង នៅ​ទីនោះ​គេ​ប្រើ​ប្រព័ន្ធ​​ឆូត​កាត​​លើ​ឡាន​ក្រុង​​និង​រថ​ភ្លើង​ដើម្បី​គិត​ប្រាក់ ងាយ​ស្រួល​និង​មិន​ខាត​ពេល។ ពេល​ឡើង​ឡាន​ក្រុង​​ឬ​រថភ្លើង​នៅ​កូរ៉េ ​អ្នក​ធ្វើ​ដំណើរ​​គ្រាន់​តែយក​កាត​​​​ធ្វើ​ដំណើរ​​ដែល​មាន​ទឹក​ប្រាក់​ ​ហើយ​ឆូត​​កាត ​អាច​រក​កន្លែង​អង្គុុយ​បន្ត​ដំណើរ​បាន ឯ​​តៃកុង​ឡាន​​​អាច​ប្រើ​ផែនទី​អេឡិចត្រូនិក​ដើម្បី​សម្រួល​ដល់​​​ការ​បើកបរ​ឲ្យ​កាន់​តែ​រលូន។

 

ឃើញ​បែប​នេះ យូរ៉ា ក៏​កើត​កូន​ចិត្ត​ចង់​យក​ជំនាញ​និង​បទ​ពិសោធន៍​បាន​រៀន​សូត្រ​និង​ជួប​ប្រទះ​នៅ​កូរ៉េ មក​រួម​ចំណែក​យ៉ាង​ណា​ឲ្យ​មធ្យោបាយ​ដឹក​ជញ្ជូន ពិសេស​ឡានក្រុង​ស្រុក​ខ្មែរ មាន​ការ​អភិវឌ្ឍ។

 

បុគ្គលិក​ហាត់​ការ​រូប​នេះ ថា យ៉ាង​ណា​បើ​ចង់​បំពាក់​ប្រព័ន្ធ​កុំព្យូទ័រ​គ្រប់​គ្រង​​លើ​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា អាច​ថា​មិន​ងាយ​ស្រួល តែ​ក៏​មិន​បាន​ន័យ​ថា​មិន​អាច​ទៅ​រួច​ដែរ។ ម្យ៉ាង​ទៀត សម្រាប់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ដល់​ពលរដ្ឋ ប្រព័ន្ធ​​​​កុំព្យូទ័រ​ទាំង​អស់​ គួរ​បង្ហាញ​ទិន្នន័យ​ជា​ភាសា​ខ្មែរ។

 

ដើម​ឆ្នាំ​ក្រោយ យូរ៉ា​ត្រូវ​ត្រឡប់​មក​មាតុភូមិ​វិញ តែ​ត្រូវ​ជាប់​កុងត្រា​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​រយៈ​ពេល ៣ ឆ្នាំ។

 

យូរ៉ា​ថា ​ការ​រួម​ចំណែក​អភិវឌ្ឍ​លើ​វិស័យ​ដឹក​ជញ្ជូន​​សាធារណៈ ជា​កូន​ចិត្ត​របស់​គេ​ចង់​សម្រេច តែ​គប្បី​មាន​ការ​រួម​សហការ​ពេញ​ដៃ​ជើង។ គោល​បំណង​មួយ​ទៀត​របស់​យូរ៉ា គឺ​បង្កើត​ក្រុមហ៊ុន​ផលិត Software បើ​មាន​ឱកាស​និង​លទ្ធភាព​គ្រប់គ្រាន់៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី