តាំង បុរិត៖ ការ​តាំង​ចិត្ត​ខ្ពស់ ធ្វើ​ឲ្យ​ខ្ញុំ​ជោគជ័យ​ទទួល​អាហារូបករណ៍​ទៅ​បរទេស

  • 2016-08-08 16:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​ត្រូវ​តែ​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ដាច់​ខាត"។ សម្ដី​អតីត​និស្សិត​ជំនាញ IT នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

 

បុរិត តែងតែ​មាន​ក្តី​ស្រមៃ​មួយ​គឺ​ត្រូវ​តែ​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ហើយ​ទី​បំផុត​សុបិន​របស់​គេ​ក៏​សម្រេច​ដូច​បំណង ដោយ​បាន​ទៅ​រៀន​​ផ្នែក IT នៅ​កូរ៉េ​ខាង​ត្បូង។

 

អតីត​និស្សិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គេ​ធ្លាប់​ប្រឡង​អាហារូបករណ៍​ពីរ​ដង​រួច​មក​ហើយ​មុន​ពេល​បាន​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ជំនាញ IT កូរ៉េ។ ការ​ប្រឡង​លើក​ទី​មួយ​សម្រាប់​កម្មវិធី Korean Air Scholarship មិន​ទទួល​ជោគជ័យ និង​លើក​ទីពីរ​បាន​ជោគជ័យ​ទៅ​សិក្សា​នៅ​ចិន តែ​ដោយ​អាហារូបករណ៍​មិន​បាន​ពេញ​លេញ ក៏​ត្រូវ​បោះ​បង់​ចោល​វិញ។

 

យ៉ាងណា​កូនចិត្ត​ចង់​បន្ត​ការ​សិក្សា​នៅ​បរទេស​នៅ​មាន​ជានិច្ច​សម្រាប់​អតីត​និស្សិត​រូប​នេះ ដោយ​រូបគេ​នៅ​តែ​ប្រឹងប្រែង​ដាក់​អាហារូបករណ៍​​ជានិច្ច។ នៅ​ដើម​ឆ្នាំ ២០១៦ បុរិត​​ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង។

 

តាម​ពិត​ទៅ​បុរិត​​ថា រូប​គេ​ពុំ​មែន​ជា​សិស្ស​ពូកែ​ផ្នែក IT អ្វី​នោះ​ទេ នៅ​សាលា តែ​រាល់​ពេល​ប្រឡង​និង​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ បុរិត​តែង​ប្រឹង​ស្វែង​យល់​និង​ធ្វើ​អស់​លទ្ធភាព​ជានិច្ច​និង​គួបផ្សំ​មាន​មិត្ត​រួម​ក្រុម​ល្អ​តែង​ជួយ​។

 

អំឡុង​ចុង​ខែ​នេះ បុរិត​នឹង​ត្រូវ​ចាក​ចេញ​ពី​ស្រុក​កំណើត ឆ្ពោះ​ទៅ​កាន់​ទឹកដី​កូរ៉េ​ខាង​ត្បូង ដើម្បី​បន្ត​មហិច្ឆតា​រៀន​ជំនាញ ភាសា​សរសេរ​កម្មវិធី។ រយៈ​ពេល​ត្រូវ​សិក្សា​នៅ​ទីនោះ បុរិត​ត្រូវ​ចំណាយ​ពេល ៣ឆ្នាំ ដោយ​១ឆ្នាំ​ត្រូវ​រៀន​ភាសា​កូរ៉េ និង​មួយ​ឆ្នាំ​ទៀត​សម្រាប់​ថ្នាក់​អនុបណ្ឌិត។ ចំពោះ​ភាសា​កូរ៉េ បូរិត​ធ្លាប់​រៀន​ខ្លះ​ៗ​កាល​សិក្សា​ផ្នែក IT នៅ​​មជ្ឈមណ្ឌុល HRD។

 

ក្រោយ​ការ​សិក្សា​ផ្នែក ភាសា​សរសេរ​កម្មវិធី​នៅ​កូរ៉េ បុរិត​​សង្ឃឹម​ថា​នឹង​អាច​ឲ្យ​គេ​មាន​សមត្ថភាព​ជួយ​ដល់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។ លម្អិត​យ៉ាងណា បុរិត​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​នោះ​ទេ រង់​ចាំ​ការ​សិក្សា​នៅ​កូរ៉េ​សិន។

 

អតីត​និស្សិត​​ IT រូប​នេះ​បញ្ជាក់​ចុង​ក្រោយ​ថា មហិច្ឆតា​ខ្លាំងក្លា ការ​ប្រឹងប្រែង​​ ​និង​ការ​ជំរុញ​ទឹកចិត្ត​និង​ជ្រោមជ្រែង​​ពី​ក្រុម​គ្រួសារ ជា​រឿង​សំខាន់​ដែល​នាំ​ឲ្យ​​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស៕

 

អត្ថបទ៖ ប៉ែត ផាន់និត

រូប​ថត៖ ផ្តល់​ឲ្យ

អត្ថបទថ្មី