ថៅកែ​នំប៉័ង​ប្ដឹង​កសិករ​ថា​រក​ស៊ី​បោក​ប្រាស់ តែ​​ដូច​ហែកកេរ្តិ៍​ខ្លួន​ឯង

  • 2016-08-16 16:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ម្នាក់​បាន​ប្រកប​ជំនួញ​ជួញ​ដូរ​ជាមួយ​ថៅកែ​ហាង​នំប៉័ង។ គាត់​បាន​លក់​ប៊័រ​ឲ្យ​ហាង​នំប៉័ង​នោះ​ជា​រឿយ​ៗ។ នៅ​ថ្ងៃ​មួយ​ម្ចាស់​ហាង​នំប៉័ង​បាន​សាក​ថ្លឹង​ប៊័រ​​ដែល​កសិករ​លក់​ឲ្យ​គាត់ ប៉ុន្តែ​ក៏​រក​ឃើញ​ថា​ប៊័រ​នោះ​មាន​ទម្ងន់​មិន​គ្រប់​គីឡូ​​ឡើយ។ ម្ចាស់​ហាង​នំប៉័ង​យល់​ថា​ខ្លួន​ឯង​ត្រូវ​គេ​បោកប្រាស់ ហើយ​ក៏​យក​រឿង​នេះ​ទៅ​ប្ដឹង​ដល់​តុលាការ។

 

 

នៅ​ក្នុង​តុលាការ ចៅក្រម​បាន​សួរ​កសិករ​ថា​មាន​ប្រើ​អ្វី​ថ្លឹង​ប៊័រ​ឬ​ទេ មុន​លក់​វា​ឲ្យ​ម្ចាស់​ហាង​នំប៉័ង។ កសិករ​ឆ្លើយ​ថា "ខ្ញុំ​គ្មាន​ឧបករណ៍​ត្រឹម​ត្រូវ​មក​ថ្លឹង​ទេ​លោក មាន​តែ​ជញ្ជីង​ចាស់​ ហើយ​រលុប​លេខ"។

 

ចៅ​ក្រម​សួរ​បន្ត៖ "អីចឹង​អ្នក​ថ្លឹង​ប៊័រ​នេះ​​របៀប​ណា?”

 

កសិករ​ឆ្លើយ៖ "បាទ​ទាន មុន​ខ្ញុំ​ចាប់​ផ្ដើម​លក់​ប៊័រ​ឲ្យ​គាត់ ខ្ញុំ​ធ្លាប់​បាន​ទិញ​នំប៉័ង​មួយ​ដុំ​ដែល​មាន​ទម្ងន់​មួយ​ផោន​ពី​គាត់។ ក្រោយ​មក​ខ្ញុំ​ក៏​សម្រេច​ចិត្ត​លក់​ប៊័រ​ឲ្យ​គាត់។ ខ្ញុំ​បាន​យក​នំប៉័ង​ដែល​ទិញ​ពី​គាត់​ទៅ​ដាក់​លើ​ជញ្ជីង​ហើយ​ក៏​ដៅ​លេខ​ចំណាំ​ទុក ដើម្បី​ទុក​ថ្លឹង​ប៊័រ​លក់​ឲ្យ​គាត់​វិញ"។

 

នៅ​ពេល​នេះ ចៅ​ក្រម​ក៏​ដឹង​ថា​អ្នក​ណា​ជា​អ្នក​​បន្លំ​ពិត​ប្រាកដ។

 

គំនិត​អប់រំ៖

មុន​ពេល​​ចង់​រក​រឿង​ចាប់​កំហុស​​នរណា​ម្នាក់ យើង​គួរ​តែ​សួរ​ខ្លួន​ឯង​មុន​សិន​ថា​អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ​ត្រឹមត្រូវ​ដែរ​ឬ​ទេ។ ហើយ​បើ​អំពើ​អាក្រក់​ដែល​យើង​ធ្វើ​ដាក់​គេ ត្រូវ​គេ​ធ្វើ​ដាក់​យើង​វិញ តើ​យើង​មាន​អារម្មណ៍​បែប​ណា​ដែរ? ការ​កិបកេង បញ្ឆោត​អ្នក​ដទៃ ​ក៏​ដូច​ជា​បោកប្រាស់​ខ្លួន​ឯង​ដូច្នោះ​ដែរ ព្រោះ​យូរ​ៗ​ទៅ​ភាព​មិន​ស្មោះ​ត្រង់​វា​នឹង​ក្លាយ​ជា​ទម្លាប់​ ហើយ​ទម្លាប់​នោះ​នឹង​បក​មក​ផ្ដល់​ភាព​អន្តរាយ​ឲ្យ​​អ្នក​វិញ​នៅ​ពេល​ណា​មួយ ៕​​​

 

ចុចអាន៖បណ្ដាំ​ម្ដាយ​ពេល​ជិត​ស្លាប់ ធ្វើ​ឲ្យ​កូន​ឆ្ងល់ តែ​ក្ដុកក្ដួល​ពេល​យល់​ន័យ​ពិត

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ បរទេស

អត្ថបទថ្មី