វិញ្ញាសា​​គីមី ជីវៈ ព្រឹក​មិញ​ បេក្ខជន​​​ធ្វើ​មិន​​ពេញ​ទាំង​អស់​​ តែ​​​សង្ឃឹម​ច្រើន​

  • 2016-08-22 21:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ការ​ប្រលង​​បាក់​ឌុប​​​ថ្នាក់​វិទ្យាសាស្ត្រ លើ​វិញ្ញាសា​​​គីមី​វិទ្យា​ និង​ជីវវិទ្យា​ កាល​ពី​ព្រឹក​មិញ​ នៅ​មណ្ឌល​​វិទ្យាល័យ​ជាស៊ីម បឹង​កេង​កង បេក្ខជន​​មួយ​ចំនួន​​រៀប​រាប់​ឲ្យ​ដឹង​ថា ពួក​គេ​​ធ្វើបាន​​​​​​​ច្រើន​​​ជិត​ពេញ​ទាំង​អស់ និង​សង្ឃឹម​​ខ្ទង់​៦០ ទៅ ៧០ ភាគ​រយ​លើ​វិញ្ញាសា​ទាំង​ពីរ​នោះ។

 

 

យុវតី​ ជា ​ម៉ាដាលីន បេក្ខជន​មក​ពី​ សាលា​ប៊ែលធី​អន្តរជាតិ​ សាខា​ស្ទឹង​មាន​ជ័យ​ បាន​ប្រាប់​ថា កញ្ញាសង្ឃឹម​៦០​ភាគ​រយ​​​​ក្នុង​ការ​ព្រឹក​មិញ ដោយ​​វិញ្ញាសា​គីមី​កញ្ញា​បាន​ធ្វើ​ហើយ​ពេញ ចំណែក​ជីវវិទ្យា​ នៅ​សល់​លំហាត់​១​ខ្ទង់​។ ចំពោះ​ វិញ្ញាសា​ដែល​បាន​​​ចេញ​ព្រឹក​មិញ​នោះ គឺ កញ្ញា​បាន​​​និយាយ​ថា៖ "វិញ្ញាសា​គឺ​ម៉ា​ល្មម​អាច​ធ្វើ​បាន​ អត់​តឹង​ហើយ​ក៏​អត់​ធូរ​ដែរ "។ ​ ​​​​​ ចំណែក​​បេក្ខជន​​មក​ពី​វិទ្យាល័យ​ព្រែក​ឯង យុវតី ជាប ធុធ​សូរិយ៉ា​ បាន​ប្រាប់​ថា​ កញ្ញា​មាន​សង្ឃឹម​លើ​មុខ​វិជ្ជា​ទាំង​ពីរ​ព្រឹក​មិញ គឺ​៧០​ភាគ​រយ ទោះ​បី​ជា​វិញ្ញាសា​ប្រលង​ព្រឹក​​មិញ​ កញ្ញា​​នៅ​សល់​លំហាត់​និង​សំណួរ​​ខ្លះ ​ពុំ​បាន​ធ្វើ​ហើយ​រួច​រាល់​ក៏​ដោយ។ ចំពោះ​វិញ្ញាសា​កញ្ញា​បាន​ឲ្យ​ដឹង​​ថា វិញ្ញាសា​គឺ​​ល្មម​​អាច​ធ្វើ​បាន។ ​

 

ងាក​ទៅ​ស្ដាប់​យុវជន​ ចេង​ សេង​ហាក់ ​មក​ពី​វិទ្យាល័យ​ អន្តរទ្វីប​អាម៉េរិកាំង​ បាន​ប្រាប់​ថា​សម្រាប់​មុខ​វិជ្ជា​​ទាំង​ពីរ​ខាង​លើ ខ្លួន​​នៅ​​សល់​​សំណួរ​​​ខ្លះ​​មិន​បាន​ធ្វើ​រួច​រាល់។ រី​ឯ​​ក្ដី​​សង្ឃឹម​​របស់​យុវជន​រូប​នេះ​ គឺ​៧០​ភាគ​រយ។ យុវជន​ដដែល​បាន​បន្ថែម​​ថា សម្រាប់​វិញ្ញាសា​​ព្រឹក​មិញ​ គឺ​សម​ល្មម​សម្រាប់​សិស្ស​​ទី​១២​ទូ​ទៅ​អាច​ធ្វើ​បាន៕​

 

 

ចុចអាន៖ បាក់ឌុប​៖ វិន័យតឹង​ តែ​វិញ្ញាសា​ធូរ ព្រឹក​មិញ​

 

អត្ថបទ៖ មាន រតនា ​​​​