មូលហេតុលើកលែងមិនបាន ធ្វើឲ្យបេក្ខជនម្នាក់ធ្លាក់បាក់ឌុបដោយស្វ័យប្រវត្តិឆ្នាំនេះ
- 2016-08-23 14:48:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុលើកលែងមិនបាន ធ្វើឲ្យបេក្ខជនម្នាក់ធ្លាក់បាក់ឌុបដោយស្វ័យប្រវត្តិឆ្នាំនេះ
ចន្លោះមិនឃើញ
បេក្ខជនមួយរូបនៅបន្ទប់លេខ២ តុលេខ២៧៦ ក្នុងមណ្ឌលវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុមការងារក្រសួងអប់រំធ្វើកំណត់ហេតុពិសេស ធ្លាក់ដោយស្វ័យប្រវត្តិ និងមិនអនុញ្ញាតឲ្យប្រលងបន្តនៅថ្ងៃនេះឡើយ បន្ទាប់ពីល្មើសបទបញ្ញត្តិនាំយកទូរសព្ទ iPhone 5 មួយគ្រឿងចូលក្នុងមណ្ឌលប្រលង។
អ្នកសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាអ្នករាយការណ៍ពីករណីនេះជូនគណៈមេប្រយោគទូទាំងប្រទេស។ បន្ទាប់មក ខាងក្រុមការងារក្រសួងអប់រំក៏បានធ្វើកំណត់ហេតុពិសេស ឲ្យ ធ្លាក់ដោយស្វ័យប្រវត្តិ។ ចំណាត់ការខាងលើ បាននាំឲ្យអ្នកលេងបណ្ដាញសង្គមបញ្ចេញមតិផ្សេងៗគ្នា ដោយអ្នកខ្លះថាគួរទុកឱកាស ឯអ្នកខ្លះទៀតថាជារឿងត្រឹមត្រូវដែលធ្វើបែបនេះ។
ជាការឆ្លើយតប អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់តាម Comment ខាងក្រោមថា៖ "មិនអាចនិយាយថាហួសហេតុទេ ព្រោះនេះជាចំណាត់ការរបស់ក្រសួងអប់រំដែល អនុវត្តន៍តាមបទបញ្ញត្តិក្នុងការប្រឡង។ សួរថាបើមានបទបញ្ញត្តិហើយមិនអនុវត្តន៍តាម តើបទបញ្ញត្តិនេះមានន័យអីទៀត ហើយបើបទបញ្ញត្តិទាំងនេះគ្មានប្រសិទ្ធភាព បេក្ខជនប្រព្រឹត្តិល្មើសមិនមានកំហុស សួរថាមានយុត្តិធម៌ទេ ហើយអ្នកចេះ គឺជាប់ អាចទទួលបានជោគជ័យទេ។ សូមបេក្ខជនទាំងអស់គោរពបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង។ មិនមែនគេធ្លាក់ អ.ប.ព សប្បាយចិត្តទេ តែធ្វើម៉េចបើបទបញ្ញត្តិចែងចឹង ហើយគាត់ប្រព្រឹត្តិល្មើសចឹង"៕
អត្ថបទ៖ គង់ វិសាល