ម្ដាយ​ឪ​ពុក​សន្យា​អ្វី​ខ្លះ​ បើ​កូន​ជាប់​បាក់​ឌុប​?

  • 2016-08-23 15:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បាក់​ឌុប​មិន​ទាន់​ចប់ តែ​ម្ដាយ​ឪពុក​បាន​សន្យាក្នុង​ចិត្ត​​ជាមួយ​កូន​រួច​ជា​ស្រេច ដើម្បី​លើក​ទឹក​ចិត្ត​កូន​ឲ្យ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ធ្វើ​ចម្លើយ​កិច្ចការ​របស់​ខ្លួន។

 

 

អ្នក​នាង​ អ៊ុង​ នី មាន​កូន​មក​ប្រលង​នៅ​មណ្ឌល​ព្រះ​យុ​គន្ធ​ បាន​ប្រាប់​ថា ទោះ​ជីវភាព​មិន​ធូរធារ​ដូច​គេ តែ​កា​ដូ​សម្រាប់​កូន​ពេល​ប្រលង​ជាប់​គឺ​ត្រូវ​តែ​មាន​។ ស្ត្រី​វ័យ​ប្រមាណ​៤០​ឆ្នាំ​បន្ត​ថា៖ "​គ្មាន​អ្វី​ធុំ​ដុំ​ទេ តែ​ជូន​កូន​ដើរលេង​ទៅ​កំពង់សោម។ អោយ​តែ​កូន​ជាប់​ ទោះ​និទ្ទេស​អី​ក៏​អត់​សំខាន់​ដែរ"។ ​

 

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក សុខ សុ​វណ្ណ​ បាន​ប្រាប់​ថា​ កូន​ជាប់​សម្រាប់​ការ​ប្រលង​តឹង​ចឹង​ លោក​ពិត​ជា​មាន​អំណោយ​ឲ្យ។ លោក​មិន​ទាន់​ច្បាស់​ថា​ត្រូវ​ឲ្យ​អ្វី​នោះ​ទេ តែ​លោក​ថា​​ប្រាកដ​ជា​សន្សំ​លុយ​ឲ្យ​បាន​សម្រាប់​កូន បើ​កូន​ជាប់​មែន​នោះ។ លោក​ថា អាច​ប្រហែល​ជា​ទូរសព្ទ​ថ្មី​មួយ​គ្រឿង​អី​​ តែ​ចាំ​មើល​ថ្ងៃ​នោះ​ឲ្យ​ប្រាកដ​សិន​ ប៉ុន្តែ​ដឹង​តែ​មាន​របស់​សំខាន់​ឲ្យ​កូន​មិន​ខាន។

 

 

កំពុង​អង្គុយ​លើ​ម៉ូតូ​ពាក់​ម៉ាស​ អ្នក​នាង​ ទុង​ ធីតា បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​កូន​ថា​នឹង​មាន​របស់​តិច​តួច​សម្រាប់​កូន​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​បាក់​ឌុប។ "និយាយ​តាម​ត្រង់​ មិនសូវ​មាន​លុយ​អី​ទេ។ តែ​បើ​កូន​ប្រលង​ជាប់​មែន ខ្ញុំ​ដឹង​តែ​នាំ​វា​ទៅ​ទិញ​ខោ​អាវ​ស្អាត​ពីរ​បី​កំប្លេ​ហើយ ដើម្បី​លើក​ទឹក​ចិត្ត​កូន"។

 

ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​២០១៦​នេះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​នេះ​។ ចំពោះ​ការ​ប្រកាស​លទ្ធផល​នឹង​ប្រព្រឹត្ត​នៅ​ពេល​រសៀល​ ថ្ងៃ​១៣ កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ដោយ​ឡែក​នៅ​ថ្ងៃ​១៤​កញ្ញា សម្រាប់​មណ្ឌល​នៅ​តាម​បណ្តា​ខេត្ត​នានា៕

 

អត្ថបទ៖ លឹម សុ​នា ​​​​