និស្សិត​ IT ពិការ​ភ្នែក​ តស៊ូ​រហូត​​​ក្លាយ​ជា​ទីប្រឹក្សា​ប៉ាតង់​​​​​ក្រុមហ៊ុន​​​ Google

  • 2016-09-23 17:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jack Chen ជា​និស្សិត​​មួយ​រូប​​ដែល​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​​ពី​​សកលវិទ្យាល័យ​ Harvard និង Berkeley ហើយ​បច្ចុប្បន្ន​នេះ​គាត់​ជា​ទីប្រឹក្សា​ប៉ាតង់​របស់​ Google និង​ជា​អ្នក​ត្រួត​ពិនិត្យ​បញ្ហា​ច្បាប់​ទាក់​ទង​នឹង Chrome។

 

 

កាល​ពី​ក្មេង​​ប្រព័ន្ធ​ចក្ខុវិញ្ញាណ​របស់​ Chen បាន​ចុះ​ខ្សោយ​ជា​ខ្លាំង​ ប៉ុន្តែ​នៅ​អាច​មើល​ឃើញ​ពន្លឺ​ ពណ៌​ និង​ ទ្រង់​ទ្រាយ​ខ្លះ។ ពេល​ដល់​វ័យ​ ១៦ ឆ្នាំ​ Chen បាន​ធ្វើ​ការ​វះកាត់​ភ្នែក​ជា​លើក​ទី​ ៨ ឬ ទី​ ៩ ដោយ​សង្ឃឹម​ថា​នឹង​ជួយ​ឲ្យ​ភ្នែក​មើល​ឃើញ​បាន​ប្រសើរ​ជាង​មុន ប៉ុន្តែ​គាត់​បាន​ងងឹត​ភ្នែក​ទាំង​ស្រុង​​ដោយ​សារ​ផល​វិបាក​នៅ​ពេល​វះកាត់។

 

 

ទោះ​បី​ជា​ងងឹត​ភ្នែក​ទាំង​ស្រុង​ក្ដី​ ប៉ុន្តែ​នៅ​មិន​អាច​បញ្ឈប់​ Chen ពី​ការ​ស្វែងរក​ភាព​ជោគជ័យ​ក្នុង​ជីវិត​​ឡើយ។ Chen បាន​ចូល​ធ្វើ​ជា​អ្នក​ហាត់​ការ​នៅ​ក្រុមហ៊ុន​ទូរគមនាគមន៍​​ AT&T ហើយ​បន្ទាប់​មក​ចូល​ធ្វើ​ជា​វិស្វករ​​ផ្នែក​ System (System Engineer) នៅ​ក្រុមហ៊ុន​​ Xanboo Inc., ដែល​ជា​ក្រុមហ៊ុន​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​សុវត្ថិភាព​អ៊ីនធឺណិត​តាម​ផ្ទះ។

 

 

ក្រោយ​មក​ទៀត​បន្ទាប់​ពី​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​នីតិសាស្ត្រ​​ពី​សាលា​ច្បាប់ Fordham Law School, Chen បាន​ចូល​ធ្វើ​ជា​មេធាវី​ផ្នែក​ប៉ាតង់​ និង កម្មសិទ្ធិ​បញ្ញា​ នៅ​ក្រុមហ៊ុន​ច្បាប់​នា​ទីក្រុង​ New York។ ឆ្នាំ​ ២០១០ Chen បាន​ចូល​បម្រើ​ការងារ​ជា​ទីប្រឹក្សា​ប៉ាតង់​​ឲ្យ​​ក្រុមហ៊ុន​ Google រហូត​មក​ទល់​បច្ចុប្បន្ន។

 

 

រយៈ​ពេល​ ៦ ឆ្នាំ​មក​នេះ Chen ​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ឈើ​ច្រត់ ហើយ​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ Chen គឺ​បង្គោល​ និង​ សសរ ដែល​គាត់​ត្រូវ​​ប្រឈម​មុខ​នៅ​ស្ថានីយ​រថភ្លើង​ Penn។ ស្ទើរ​ពេញ​មួយ​ជីវិត​ Chen បាន​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត​ដោយ​ពឹង​ផ្អែក​លើ​​ការ​ស្ដាប់ ដូច​ជា​ប្រើ​បច្ចេកវិទ្យា​ Screen Reader និង មុខងារ​ VoiceOver លើ iPhone ដែល​អាច​អាន​អក្សរ​​ឲ្យ​គាត់​ស្ដាប់​បាន។

 

 

ក្រៅ​ពី​ការងារ​ Chen បាន​ប្រើ​ជីវិត​ដោយ​សម្បូរ​បែប​ និង សកម្ម​បំផុត​ ដោយ​កាល​ពី​ឆ្នាំ​ ២០១២ គាត់​បាន​ឡើង​ភ្នំ​ Kilimanjaro ជា​ភ្នំ​ខ្ពស់​ជាង​គេ​​នៅ​ប្រទេស​ Tanzania ទ្វីប​អាហ្វ្រិក៕​​​​​​​​​​​​​​​​​

 

ចុច​អាន៖ ជនជាតិ​ឥណ្ឌា​កាន់​តែ​ច្រើន ​ឡើង​កាន់​កាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​នៅ​អាមេរិក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ NextShark​​​​

អត្ថបទថ្មី