បើ​សម្រេច​បាន​ចំណុច​ទាំង​អស់​នេះ ភាពយន្ត​ខ្មែរ​យើង​មាន​ផ្លូវ?

  • 2014-11-05 00:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍ CTN បាន​រៀប​ចំ​កិច្ច​ពិភាក្សា​តុ​មូល​ថ្មី​មួយ​កាល​ពី​យប់មិញ ដោយ​មិន​មាន​តំណាង​ក្រសួង​វប្បធម៌ គឺ​មាន​តែ​តំណាង​ក្រសួង​ព័ត៌មាន និង​តំណាង​សិល្បករ​ពីរ​រូប​គឺ​លោក ជា សំណាង តារា​សម្ដែង និង​លោក ឆាយ បូរ៉ា ផលិតករ​ភាពយន្ត។ កិច្ច​ពិភាក្សា​នេះ ដើម្បី​រក​ឲ្យ​ឃើញ​ ថា​តើ​ភាពយន្ត​ខ្មែរ​ពិត​ជា​រង​ផល​ប៉ះពាល់​ដោយ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ភាគ​ថៃ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​មែន​ឬ​ទេ និង​កត្តា​ជំនះ​បញ្ហា។

 

ឆ្លង​កាត់​ការ​ពិភាក្សា​ជិត​១​ម៉ោង ឯកឧត្តម អ៊ុក គឹម​សេង ទីប្រឹក្សា​ក្រសួង​ព័ត៌មាន បាន​សាទរ​ចំពោះ​កិច្ចការ​ដែល​ថា កម្ពុជា​គួរ​តែ​បង្កើន​លើ​ពន្ធ​នាំ​ចូល​ភាពយន្ត​បរទេស​ចូល​មក​ក្នុង​ស្រុក ដែល​លើក​ឡើង​ដោយ​សិល្បករ​វាគ្មិន។ ចំណុច​ផ្សេង​ទៀត ឯកឧត្តម​ អះអាង​ថា នឹង​ពាំនាំ​កង្វល់ នឹង​ការ​លើក​ឡើង​របស់​សិល្បករ​ទៅ​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​ធ្វើ​របាយ​ការណ៍​បញ្ជូន​បន្ត​ទៅ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច។

 

 

នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​យប់មិញ​នេះ សិល្បករ​វាគ្មិន​កិត្តិយស​បាន​ដាក់​ចេញ​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ខាង​ក្រោម៖

 

លោក ជា សំណាង តារា​សម្ដែង​រៀម​ច្បង​ដ៏​ល្បី​ឈ្មោះ​មួយ​រូប៖

 

-ទូរទស្សន៍​នីមួយៗ បើ​អាច​ពេល​បញ្ចាំង​ភាពយន្ត​ខ្មែរ​ចប់ គួរ​តែ​មាន​តូប​មួយ​សម្រាប់​ដាក់​ជួល​ភាពយន្ត​ខ្មែរ។ លោក​ថា ធ្វើ​បែប​នេះ ដើម្បី​សម្រួល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ផ្សេងៗ​ដែល​ខក​ខាន​ទស្សនា​ការ​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍។

 

-សម្រាប់​ភាពយន្ត​បរទេស​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ បើ​អាច​គួរ​តែ​កុំ​បក​ប្រែ​ខ្មែរ ប៉ុន្តែ​ដាក់ Sub Title ខ្មែរ​ជំនួស​វិញ។ លោក អះអាង​ថា ធ្វើ​បែប​នេះ​នឹង​បាន​ប្រយោជន៍​មួយ​ផ្នែក​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ភាសា​ខ្មែរ។

-ចំណុច​សំខាន់​មួយ លោក​ស្នើ​ទស្សនិកជន​ក្នុង​ស្រុក ចូល​រួម​គាំទ្រ​ផលិតផល​ភាពយន្ត​ក្នុង​ស្រុក​ជា​ចាំ​បាច់។

-ដំឡើង​ពន្ធ​ភាពយន្ត​បរទេស​នាំ​ចូល​ក្នុង​ស្រុក​ខ្មែរ។

លោក ឆាយ បូរ៉ា សាស្ត្រាចារ្យ និង​ជា​ផលិតករ​ល្បី​ឈ្មោះ​មួយ​រូប បាន​លើក​ឡើង​ពី​យន្តការ​លើក​ទឹក​ចិត្ត​ និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​លើ​ឧស្សាហកម្ម​ភាពយន្ត​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

-ស្វែង​រក​លទ្ធភាព​បង្កើត​សាលា​បង្រៀន​ផលិត និង​ដឹក​នាំ​ភាពយន្ត។

-បង្កើត​ការ​ប្រកួត​ប្រជែង​ផ្ដល់​ជូន​រង្វាន់ សម្រាប់​អ្នក​សរសេរ​រឿង និង​អ្នក​ដឹក​នាំ​រឿង។

-ថវិកា​ទ្រទ្រង់៖ លោក​អះអាង​ថា នេះ​ជា​ចំណុច​សំខាន់ ហើយ​រដ្ឋាភិបាល គួរ​មាន​កញ្ចប់​ថវិកា​សម្រាប់​ទ្រទ្រង់​រាល់​ផលិតផល​ភាពយន្ត​ខ្មែរ ដើម្បី​ជួយ​សម្រាល​ការ​ខាត​បង់​ដែល​អាច​កើត​មាន​ចំពោះ​ផលិតករ។ លោក លើក​ឡើង​ថា ប្រទេស​ថៃ អាល្លឺម៉ង់ សិង្ហបុរី សុទ្ធ​តែ​មាន​កញ្ចប់​នេះ​ហៅ​ថា Film Foundationហើយ​វៀតណាម​ដែល​យើង​គិត​ឧស្សាហកម្ម​ភាពយន្ត​គេ​មាន​កម្រិត​ទាប​ជាង​យើង​នោះ ក៏​រដ្ឋាភិបាល​គេ​មាន​កញ្ចប់​ថវិកា៤០% សម្រាប់​ទ្រទ្រង់​ផលិត​ភាពយន្ត​របស់​គេ​ដែរ។

-ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់ គួរ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​លើក​កម្ពស់​ភាពយន្ត​ខ្មែរ និង​គប្បី​យល់​ថា​ម៉ោង​មាស(6:00-9:00PM) គឺ​ជា​ម៉ោង​សម្រាប់​អប់រំ សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ។

 

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម អ៊ុក គឹម​សេង ក៏​បាន​ស្នើ​សុំ​មួយ​ចំណុច​ដែរ​ថា សិល្បករ​គួរ​តែ​ចេះ​ជួយ​ខ្លួន​ឯង​ជាមុន​សិន កុំ​ដំឡើង​ឫក​ពេល​ល្បី​ហើយ​ទារ​ឡើង​តម្លៃ​ខ្លួន​ខ្ពស់​ពេក ដែល​នាំ​ឲ្យ​មាន​ការ​ពិបាក​ដល់​ផលិតករ​លើ​ការ​ចំណាយ។

 

 

ការ​បើក​ច្រក​ឲ្យ​ភាពយន្ត​ថៃ​ចូល​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​ជា​ថ្មី​កាល​ពី​ខែ​មុន បន្ទាប់​ពី​ខក​ខាន​ជាង ១០​ឆ្នាំ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​រហូត​មក​ដល់​ពេល​នេះ ខណៈ​សិល្បករ ផលិតករ​មួយ​ចំនួន​នៅ​មាន​កង្វល់​ថា ជា​ឱកាស​ដែល​ភាពយន្ត​ខ្មែរ​អាច​ដួល​សន្លប់​ម្ដង​ទៀត ព្រោះ​ធ្លាប់​ជួប​បទ​ពិសោធន៍​នេះ​រួច​ហើយ​កាល​ពី​ជាង​១០​ឆ្នាំ​មុន។

 

 

ជា​មួយ​នឹង​កង្វល់​នោះ សិល្បករ​មួយ​ក្រុម​ដឹក​នាំ​ដោយ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា លោក ហ្វៃ សំអាង និង​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ចូល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន កាល​ពី​សប្ដាហ៍​មុន។ ខ្លឹម​សារ​នៃ​ការ​ចូល​ជួប​នោះ គឺ​ក្រុម​សិល្បករ​មិន​បាន​ហាម​ឃាត់​ការ​នាំ​ចូល​ភាពយន្ត​បរទេស ពិសេស​ភាពយន្ត​ភាគ​ថៃ​នោះ​ទេ ប៉ុន្តែ​ស្នើ​សុំ​ឲ្យ​រក្សា​ទុក​ម៉ោង​មាស គឺ​ម៉ោង ៦ល្ងាច​ដល់​ម៉ោង ៩យប់ ទុក​សម្រាប់​តែ​បញ្ចាំង​ភាពយន្ត​ក្នុង​ស្រុក​ប៉ុណ្ណោះ។

 

ការ​កំហិត​លើ​ស្ប៉ត​ពាណិជ្ជកម្ម​នានា​គួរ​តែ​ផលិត​នៅ​កម្ពុជា ផលិត​ដោយ​ផលិតករ និង​សម្ដែង​ដោយ​សិល្បករ​ខ្មែរ ក៏​ជា​អ្វី​ដែល​ក្រុម​សិល្បករ​ខ្មែរ​បាន​លើក​ឡើង​ដែរ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ភ្លាម​ៗ​បាន​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​សិល្បករ។ ឯកឧត្តម​បញ្ជាក់​ថា នឹង​ធ្វើ​របាយការណ៍​បញ្ជូន​បន្ត​ទៅ​នាយករដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច។

 

ដូច្នេះ ប្រសិន​បើ​ចំណុច​ទាំង​ត្រូវ​បាន​ដោះ​ស្រាយ ភាពយន្ត​ខ្មែរ​យើង​នឹង​បោះ​ជំហាន​ទៅ​មុខ តើ​ពិត​ទេ ឬ​ក៏​មាន​អ្វី​ត្រូវ​បន្ថែម​ទៀត?

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី