អ៊ូ ផាវ រំលឹក​រឿង​ឈឺចាប់​ រង​ទុក្ខ​សាងសង់​អាង​​ទឹក​​ត្រពាំង​ថ្ម​

  • 2016-10-30 16:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម អ្នក​ស្រី​ អ៊ូ ផាវ អាយុ​ ៦១ ​ឆ្នាំ ដែល​បាន​ចូលរួម​ធ្វើ​អាង​ទឹក​ត្រពាំង​ថ្ម បាន​រំលឹក​រឿង​ឈឺចាប់ និង ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ឆ្នាំ ១៩៧៧។ មនុស្ស​ដូច​ស្រមោច​បាន​មក​លើក​ទំនប់​ដោយ​ប្រើ​ពេល​តែ​ ៣​ ខែ​ប៉ុណ្ណោះ ហើយ​ថ្ងៃ​ចុង​ក្រោយ​ គេ​​បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ​ ​ហូប​មិន​គ្រប់​ និង ពុំ​បាន​ងូត​ទឹក​រយៈពេល​ ៥ ថ្ងៃ។ អ៊ុំស្រី អ៊ូ ផាវ រៀបរាប់​។

 

អ្នកស្រី អ៊ូ ផាវ

 

ក្រោយ​ពី​របប​សាធារណរដ្ឋ​ដួល​រលំ ជំនួស​វិញ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នៅ​ឆ្នាំ ១៩៧៥ ​អ្នក​ស្រី​អ៊ូ ផាវ ត្រូវ​បាន​របប​អាវ​ខ្មៅ​​ឲ្យ​ធ្វើ​ការងារ​ជា​អ្នក​​​ធ្វើ​ស្រែ​​ហើយ​នៅ​ឆ្នាំ​១៩៧៦ អ៊ូ ផាវ បាន​រៀប​ការ​ដែល​ផ្សំផ្គុំ​ដោយ​កម្មាភិបាល​ខ្មែរ​ក្រហម។ ចូល​មក​ដល់​ឆ្នាំ ១៩៧៧ ខ្មែរ​ក្រហម​ចាប់​ផ្ដើម​ឲ្យ​ធ្វើ​អាង​ត្រពាំង​ថ្ម ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ (បច្ចុប្បន្ន​អាង​ទឹក​ត្រពាំង​ថ្ម​​ជា​រមណីយដ្ឋាន)។

 

ជា​អ្នក​លក់​ដូរ​នៅ​អាង​ទឹក​ត្រពាំង​ថ្ម អ្នកស្រី អ៊ូ ផាវ បាន​រំលឹក​ថា "ជិត​ ៤០ ឆ្នាំ​ហើយ​ រាល់​ពេល​ខ្ញុំ​មើល​អាង​ទឹក​ត្រពាំង​ថ្ម​នេះ ខ្ញុំ​នឹក​ដល់​ការ​ឈឺចាប់​ និង​មនុស្ស​ដូច​ស្រមោច​កំពុង​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ​លើក​ដី​ទប់​ទំនប់។ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ទំនប់​ពួកគេ​បង្ខំ​ពួក​យើង​ឲ្យ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ និង​ហូប​ចុក​អត់​គ្រប់គ្រាន់​ រួម​ទាំង​មិន​បាន​ងូត​ទឹក​៥ថ្ងៃ"។

 

ជនរងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​រូប​នេះ បាន​រៀបរាប់​ទៀត​ថា ការ​សាងសង់​ទំនប់​នេះ គឺ​បែក​ជា​តំបន់ ជា​ក្រុម និង ជា​ពួក ដោយ​ក្នុង​មួយ​ពួក​មាន​គ្នា ៣នាក់ មួយ​ក្រុម​មាន​គ្នា ១០​នាក់។ ផែន​ការ​ធ្វើ​ទំនប់​ដំបូង​គេ​ឲ្យ​រែក​ដី​ក្នុង​មួយ​ពួក ១ម៉ែត្រគីប តែ​យូរ​ៗ​ទៅ ឡើង​រហូត​ដល់​ មួយ​ពួក ៥ម៉ែត្រគីប គ្រប់​គ្នា​ធ្វើ​លែង​ចង់​បាន។ "តែ​ខ្ញុំ​មិន​បាន​ឃើញ​អ្នក​ស្លាប់​ទេ តែ​ក្រោយ​ថ្ងៃ​រំដោះ​ខ្ញុំ​ឃើញ​ឆ្អឹង​ខ្មោច​ជាច្រើន​នៅ​ទី​នេះ"។

 

អ៊ូ ផាវ ដែល​បាន​រៀន​ចប់​ត្រឹម​ថ្នាក់​ទី ៩​ចាស់ នៅ​សាលា​បឋម​សិក្សា​ត្រពាំង​ថ្ម ក្នុង​អំឡុង​ឆ្នាំ ១៩៧០ បាន​រៀបរាប់​ទៀត​ថា សង្គ្រាម​បាន​បង្ខំ​ឲ្យ​អ្នកស្រី​ឈប់​រៀន​ និង​ក្លាយ​ជា​អ្នក​តម្បាញ​ចន្លោះ​ពី​ឆ្នាំ ១៩៧០-១៩៧៥។ ក្រោយ​ឆ្នាំ​ ១៩៧៩ បន្ត​អាជីព​ជា​អ្នក​តម្បាញ​កន្សែង​ សូត្រ និង​ ក្រមា ជាដើម។ លុះ​មក​ដល់​ឆ្នាំ ២ ០០០ អ្នក​ស្រី​បាន​ចាប់​អាជីព​ជា​អ្នក​លក់ដូរ​នៅ​រមណីយដ្ឋាន​ត្រពាំង​ថ្ម ទី​ដែល​ធ្លាប់​រែក​ដី​ធ្វើ​ទំនប់។

 

 

សព្វថ្ងៃ​នេះ អ្នក​ស្រី​ អ៊ូ ផាវ មាន​អាយុ ៦១ ឆ្នាំ មាន​កូន​ចំនួន ៣នាក់ ក្នុង​នោះ​ស្រី​ ១នាក់ ប្រុស​២នាក់។ កូន​ស្រី​ទី​១ មាន​ឈ្មោះ​ថា រ៉ឺន សារូ កើត​នៅ​ឆ្នាំ ១៩៧៨ ជា​កូន​​ស្រី​ច្បង​នៅ​ក្នុង​គ្រួសារ កូន​ទី ២ ជា​កូន​ប្រុស ឈ្មោះ រ៉ឺន វីរៈ កើត​នៅ​ក្នុង​ឆ្នាំ ១៩៨២ និង កូន​ទី ៣ ជា​កូនប្រុស ឈ្មោះ រ៉ឺន អក្ខរា កើត​នៅ​ឆ្នាំ ១៩៨៤៕

 

 
 
 
 
 

អត្ថបទ៖ ប៊ុណ្ណា