បើកម៉ាស៊ីនត្រជាក់រួចទម្លាក់កញ្ចក់ អាចខូចម៉ាស៊ីនត្រជាក់អត់?
- 2016-11-02 16:20:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកម៉ាស៊ីនត្រជាក់រួចទម្លាក់កញ្ចក់ អាចខូចម៉ាស៊ីនត្រជាក់អត់?
ចន្លោះមិនឃើញ
មានអ្នកខ្លះចាញ់ម៉ាស៊ីនត្រជាក់ ពេលចូលក្នុងឡានដែលបើកម៉ាស៊ីនត្រជាក់ម្តងៗឈឺក្បាល រកកលចង់ពុល។ ករណីនេះ អ្នកខ្លះបើកម៉ាស៊ីនត្រជាក់តែចំហកញ្ចក់ ឯអ្នកខ្លះទៀតសម្រេចចិត្តមិនបើកម៉ាស៊ីនត្រជាក់តែម្ដង ព្រោះខ្លាចមានបញ្ហាម៉ាស៊ីនត្រជាក់។ តើការចំហកញ្ចក់ហើយបើកម៉ាស៊ីនត្រជាក់ អាចខូចម៉ាស៊ីនត្រជាក់ឬទេ?
យានដ្ឋានជាងបារាំងនៅទល់មុខនឹងសាលាបឋមសិក្សាត្រាំកក់ ក្នុងខេត្តតាកែវ បានបញ្ជាក់ថា វាមិនមានបញ្ហាអ្វីទេ សម្រាប់ការចំហកញ្ចក់នៅពេលបើកម៉ាស៊ីនត្រជាក់ ព្រោះរថយន្តសេរីទំនើបមានប្រព័ន្ធការពារធូលីមិនឲ្យស្ទះកញ្ច្រែងរថយន្ត។ តែសម្រាប់រថយន្តសេរីទាបចាប់ពីឆ្នាំកាមរី៩៨ ចុះ អាចនឹងមានបញ្ហាបើឧស្សាហ៍បើកក្នុងរយៈពេលយូរ។
ស្រដៀងគ្នានេះដែរ លោក ម៉េង ជាជាងធ្វើម៉ាស៊ីនត្រជាក់រថយន្តនៅស្រុកឈូក ខេត្តកំពត បានប្រាប់ Sabayថាការបើកម៉ាស៊ីនត្រជាក់រួចបើកកញ្ចក់ មិនបណ្ដាលឲ្យខូចម៉ាស៊ីនត្រជាក់ទេ គ្រាន់តែមិនសូវត្រជាក់ក្នុងរថយន្តប៉ុណ្ណោះ ព្រោះខ្យល់ក្ដៅចូលពីក្រៅរថយន្ត។
មិនខុសគ្នាពីអ្នកទាំងពីរខាងលើ ជាង វ័ន្ត ម្ចាស់យានដ្ឋានជាងវ័ន្ត ស្ថិតខាងកើតនៅផ្សារអង្គតាសោម ខេត្តតាកែវ បានប្រាប់ថា ការចំហកញ្ចក់ហើយបើកម៉ាស៊ីនត្រជាក់មិនមានបញ្ហាដល់ម៉ាស៊ីនត្រជាក់ទេ គ្រាន់តែក្នុងឡានមិនសូវត្រជាក់ ព្រោះម៉ាស៊ីនត្រជាក់ត្រូវការកន្លែងបិទជិត។ យ៉ាងណាក្ដី ក៏មិនត្រូវបើកយូរពេកដែរ ព្រោះអាចធ្វើឲ្យធូលីចូលកកស្ទះឆាប់ខូចសម្រាប់រថយន្តសេរីចាស់៕
អត្ថបទ៖ គីម សាយ