ពន្លឺ៖ "​ត្រឹម​ជាប់​ជយ​លាភី​លេខ ៣ នៅ DevFest ជា​សមិទ្ធផល​ជោគជ័យ​ដំបូង​ក្នុង​ឆាក​ជីវិត”

  • 2016-11-02 18:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ទោះបី​​ជាប់​ត្រឹម​ជយ​លាភី​លេខ ៣ នៅ DevFest តែ​ខ្ញុំ​រំភើប​ខ្លាំង​ ដោយសារ​វា​ជា​សមិទ្ធផល​ជោគជ័យ​ដំបូង​ក្នុង​ឆាក​ជីវិត”។ ​​និស្សិត​​ឆ្នាំ​ទី​ ២ ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

 

 

ញ៉េវ ចន្ទ​ពេញ​ពន្លឺ ជា​អតីត​សិស្ស​ពូកែ​គណិតវិទ្យា ​មក​ពី​វិទ្យាល័យ​ជាស៊ីម​តាកែវ​​មាន​ក្តី​មោទនភាព​​ ​នៅ​ពេល​ក្រុម​របស់​គេ​បាន​ចូលរួម​ការ​ប្រកួត​​​បង្កើត App លើ​ទូរសព្ទ​ដៃ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​ទទួល​បាន​ចំណាត់​លេខ ៣ ទោះ​​មិន​បាន​ជាប់​ជា​ក្រុម​ជើង​ឯក​ប្រចាំ​កម្មវិធី។

 

"ក្រុម​របស់​ខ្ញុំ​ទើប​ចូល​រួម​ប្រកួត​លើក​ដំបូង ហើយ​ក៏​មិន​សង្ឃឹមថា​ជាប់​ជយលាភី​ដែរ ព្រោះ ៦ ក្រុម​ផ្សេង​ទៀត​ដែល​ចូល​រួម​ប្រកួត សុទ្ធ​តែ​ជា​សិស្ស​ច្បង​និង​ជា​ជើង​ខ្លាំង​ខាង​កូដ ប៉ុន្តែ​ដោយ​ការ​ព្យាយាម​ក្នុង​ក្រុម​ រួម​ទាំង​ការ​ធ្វើ​បទ​បង្ហាញ​បាន​ល្អ​ផង ទើប​ក្រុម​​អាច​ជាប់​ជយ​លាភី​នេះ"។

 

ក្នុង​ពេល​ប្រកួត​ក្រុម​របស់​ពន្លឺ​ បាន​លើក​យក​គំនិតធ្វើ​កម្មវិធី Change ​ដែល​ហាក់​ដូច​ជា​ខុស​ពី​គេ​​បន្តិច ដោយ​កម្មវិធី​នេះ​ជា​របៀប​ហ្គេមផ្លាស់​ប្តូរ​ (Challenge) ក្រោម​ប្រធានបទ “ការផ្លាស់ប្ដូរ​ផ្នត់​គំនិត​ទៅ​លើ​ដៃ​គូ​ស្វាមី ឬ​ដៃ​គូ​ស្និទ្ធស្នាល"។

 

 

 

ពន្លឺ​ប្រាប់​ពី​របៀបការ​លេង​ហ្គេម​នេះ​ តម្រូវ​ឲ្យ​មានគ្នា​ពីរ​នាក់​​ ដោយ​សមាជិក​ម្នាក់​ដើរតួជា​ប្តី ហើយ​ម្នាក់​ទៀត​ដើរតួជា​ប្រពន្ធ។ ក្នុងការ​លេងប្រពន្ធជាអ្នក​ធ្ចើការ​ជ្រើសរើស Quest ដែលជា Challenge មួយក្នុងចំនោម​ ៥​ ទៅ ១០ ដូចជា (លាងចាន, ដាំបាយ និង​មិនពិសារស្រា៥ថ្ងៃជាដើម) ដើម្បី​​បញ្ចួនទៅ​ឲ្យ​ប្តីធ្វើ​ការអនុវត្ត។ បន្ទាប់​​ពី​ប្ដី​ធ្វើតាម​សំណើ​រួច​ហើយ ប្រពន្ធនឹងធ្វើការចុច​ដាក់​ពិន្ទុ ​រួច​នឹង​ធ្វើ​ការ​បូក​សរុប​​ដើម្បី​​ចាត់ជា​ចំណាត់​ថ្នាក់​នៅលើ​ App។

 

យុវជន​រូប​នេះ​បន្ត​ថា កម្មវិធី​ Change នេះ​នៅ​មិន​ទាន់​អាច​ដាក់​ឲ្យ​ទាញ​យក​ប្រើ​បាន​ទេ ប៉ុន្តែ​ទៅ​ថ្ងៃ​ខាង​មុខ ពួក​គេ​នឹង​ប្រឹងប្រែង​អភិវឌ្ឍន៍​ព្យាយាម​បង្កើត​កម្មវិធី​នេះ​ឲ្យ​ចេញ​ជា​រូបរាង ដើម្បី​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​អំពើហិង្សា​លើ​ស្ត្រី និង​ជួយ​កែ​ប្រែ​ផ្នត់​គំនិត​របស់​ស្វាមី​ទាំង​អស់​ឲ្យ​ចេះ​ជួយ​សម្រាល​ទុក​ធុរៈ​ប្រពន្ធ និង​គ្រួសារ​។

 

 

​ពន្លឺ ​ជា​បេក្ខជន​​និង​ជា​អ្នក​ដឹកនាំ​ក្រុម CDev Group ​ដែល​ទទួល​បាន​ជយលាភី​ចំណាត់​ថ្នាក់​លេខ ៣ នៅ​ក្នុង​កម្មវិធី Hack+Marathon ឬ​ហៅ​កាត់​ថា Hack​athon​ (ហែកថុន) ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Google (GDG DevFest Phnom Penh 2016)។ កម្មវិធី​នេះ​តម្រូវ​គ្រប់​ក្រុម​ចូលរួម​ប្រជែង​សមត្ថភាព​គ្នា​លើ​ការ​បង្កើត App លើ​ទូរសព្ទ​ដៃ​ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្រោម​ប្រធានបទ “ការផ្លាស់ប្ដូរ​ផ្នត់​គំនិត​ទៅ​លើ​ដៃ​គូ​ស្វាមី ឬ​ដៃ​គូ​ស្និទ្ធស្នាល"។

 

ក្រុម CDev Group ​​មាន​សមាជិក​បួន​រូប​ដូចជា​និស្សិត ញ៉េវ ចន្ទ​ពេញ​ពន្លឺ(ប្រធាន​ក្រុម​) ពូ​លក្ខ័ ចន្ទ​រិទ្ធ(អ្នក​សរសេរ​កូដ​) ទូច ជ័យ​រដ្ឋា និង​ធី ឡែន(អ្នក​រចនា)៕

 

 

 

អត្ថបទ៖ រក្សា 

រូបភាព​ផ្ដល់​ឲ្យ៖ ពន្លឺ 

អត្ថបទថ្មី