ផ្នូរ​ប៉ុលពត​មាន​អ្នក​ថែ តែ​មិនសូវ​មាន​អ្នក​ទៅ​មើល

  • 2016-11-10 09:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាឡុត ស ហៅ​ប៉ុលពត បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ ១៩៩៨ ហើយ​រហូត​មក​ដល់​នឹង​ពេល​​នេះ​ផ្នូរ​មេដឹកនាំ​សម័យ​ខ្មែរ​ក្រហម​បាន​ក្លាយ​ទៅ​ជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នៅ​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ សព្វថ្ងៃ​នេះ​មាន​អ្នក​ថែ​ផ្នូរ​ពលពត​ តែ​អត់​សូវ​មាន​មនុស្ស​ទៅ​មើល​ដូច​កាល​ពី​ ៦ឆ្នាំ​មុន​នោះទេ។

*ផ្នូរ​របស់​ប៉ុលពត*

លោក មា ជ្រន អ្នក​ថែ​ផ្នូរ​ប៉ុលពត បាន​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅស្រុក" ថា បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​មក​មើល​ផ្នូរ​ប៉ុលពត ដូច​កាល​ពី​អំឡុង​ឆ្នាំ ២០០៩-២០១០ ទេ។ "កាល​ពី​មុន​បរទេស​មក​មើល​ផ្នូរ​នេះ​យ៉ាង​តិច ២នាក់​ក្នុង​១ខែ ឥឡូវ​មាន​តែ ១ ឬ ២នាក់​ប៉ុណ្ណឹង!។"

អ្នក​ថែ​ផ្នូរ​មេដឹកនាំ​កំពូល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​រូប​នេះ បាន​និយាយ​ថា ប៉ុលពត បាន​ស្លាប់​នៅ​ថ្ងៃ​ទី ១៥ ខែ​មេសា ឆ្នាំ ១៩៩៨ ដោយ​សារ​ជំងឺ ហើយ​ផ្នូរ​របស់​គាត់​ដី​រាប​ធម្មតា​ទេ តែ​ក្រោយ​មក​នៅ​អំឡុង​ឆ្នាំ ២០០៩-២០១០ ទើប​គេ​ធ្វើ​ដំបូល ដូច​បាន​ឃើញ​សព្វថ្ងៃ​នេះ។

សូមទស្សនា​វីដេអូ​ខាង​ក្រោម

លោក សៀង សុខ ហេង ប្រធាន​ការិយាល័យ​ទេសចរណ៍​ស្រុក​អន្លង់វែង បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅស្រុក" ថា ក្នុង​ចំណោម​ ១៤ កន្លែង ផ្នូរ​ប៉ុលពត​ត្រូវ​បាន​ដាក់​ចូល​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត ដើម្បី​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​មក​មើល​និង​ដឹង​អំពី​ការ​​គ្រប់គ្រង​មួយ​នៅ​សម័យ​ខ្មែរ​ក្រហម។ ប៉ុន្តែ​ផ្នូរ​​ប៉ុល​ពត មិន​សូវ​មាន​អ្នក​មក​មើល​ប៉ុន្មាន​ទេ ក្រៅ​តែ​ពី​មាន​សិស្ស និស្សិត ឬ​អង្គការ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ​សម័យ​ខ្មែរ​ក្រហម​ទើប​គេ​មក​មើល។

​ប៉ុលពត ជា​ឈ្មោះ​ស្ថាបនិក ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នា​ថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃ​ទី ០៧ មករា ឆ្នាំ ១៩៧៩។ ប៉ុលពត មាន​ឈ្មោះ​ដើម​ថា សាឡុត ស កើត​​នៅ​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ១៩២៥ នៅ​ភូមិ​ព្រែក​ស្បូវ ខេត្ត​កំពង់​ធំ ជាកូន​ទី ៨ ក្នុង​ចំណោម​បងប្អូន ៩នាក់ គ្រួសារ​របស់​គាត់​ជា​កសិករ​ស្ដុកស្ដម្ភ​ម្នាក់។ នៅ​សម័យ​ខ្មែរ​ក្រហម​ ប៉ុលពត មាន​មុខ​ងារ​ជា​ លេខា​បក្ស សមាជិក​គណៈកម្មការ​មជ្ឈិមបក្ស និង​ជា​នាយករដ្ឋមន្ត្រី។ ក្រោយ​ពី​ថ្ងៃ​រំដោះ​ ៧មករា ឆ្នាំ ១៩៧៩ ប៉ុលពត បាន​ស្លាប់​នៅ​ផ្ទះ​របស់​គាត់​ដែល​ស្ថិត​នៅ​ស្រុក​អន្លង់​វែង​ដោយសារ​រោគ​គាំង​បេះ​ដូង​នៅ​ថ្ងៃ​ទី ១៥ មេសា ឆ្នាំ ១៩៩៨។ ប៉ុន្តែ​មជ្ឈដ្ឋាន​មួយ​ចំនួន​នៅ​តែ​ដាក់​ការ​​សង្ស័យ​អំពី​ការ​ស្លាប់​របស់​ប៉ុលពត ព្រោះតែ​ពេល​ប៉ុលពត​ស្លាប់​ តាម៉ុក ជា​មេទ័ព​កំពូល​ក្នុង​សម័យ​ខ្មែរក្រហម​ មិន​អនុញ្ញាត​ឲ្យ​គេ​ពិនិត្យ​សាកសព​នោះ​ទេ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា