Liverpool និង Man City យកយន្តហោះឯកជនដឹកកីឡាករខ្លួនពីអាមេរិកខាងត្បូង
- 2016-11-17 04:28:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool និង Man City យកយន្តហោះឯកជនដឹកកីឡាករខ្លួនពីអាមេរិកខាងត្បូង
ចន្លោះមិនឃើញ
ក្លឹបធំ២នៅអង់គ្លេសគឺ Liverpool និង Manchester City បានចំណាយលុយជួលយន្តហោះឯកជន ឬ Private Jet ដឹកកីឡាកររបស់ពួកគេដែលកំពុងបំពេញកាតព្វកិច្ចជាមួយជម្រើសជាតិ ពីទ្វីបអាមេរិកខាងត្បូង មកកាន់អឺរ៉ុបវិញ ស្របពេល Chelsea បណ្ដោយឲ្យកីឡាករធ្វើដំណើរត្រឡប់មកវិញដោយខ្លួនឯង។
យន្តហោះ Private Jet បានហោះចេញពីប្រទេសប៉េរូ នៃទ្វីបអាមេរិកខាងត្បូង មកកាន់អឺរ៉ុបកាលពីថ្ងៃពុធម្សិលមិញ ដោយដឹកកីឡាករមកពី Liverpool, Manchester City និង Paris Saint-Germain ធ្វើដំណើរជាមួយគ្នា ហើយថ្លៃចំណាយគឺក្លឹបទាំង៣នោះចែកគ្នាចេញ។
ខណៈកីឡាករ Philippe Coutinho, Roberto Firmino របស់ Liverpool និង Fernandinho របស់ Manchester City ដែលមកពីទ្វីបអាមេរិកខាងត្បូងកំពុងហ្វឹកហាត់ជាមួយក្លឹបរបស់ពួកគេ កីឡាករ ប្រេស៊ីលរបស់ Chelsea ឯណោះវិញកំពុងប្ដូរយន្តហោះតាមជើងហោះហើរធម្មតានៅឡើយដើម្បីមកកាន់ទ្វីបអឺរ៉ុប។
ពាក់ព័ន្ធនឹងការមិនដឹកកីឡាកររបស់ខ្លួនតាមជើងយន្តហោះពិសេសដើម្បីមកកាន់អង់គ្លេសឲ្យបានលឿន មន្ត្រីរបស់ Chelsea បានបកស្រាយថា ដោយសារ ក្លឹបត្រូវប៉ះ Middlesbrough ថ្ងៃអាទិត្យ ខុសពី Man City និង Liverpool ដែលត្រូវលេងថ្ងៃសៅរ៍ ដូច្នេះកីឡាករ Chelsea មិនចាំបាច់ធ្វើដំណើរមកកាន់អង់គ្លេសដោយប្រញាប់ប្រញាល់ពេកទេ៕