ក្រុម​កុលសម្ព័ន្ធ រស់​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន កាន់​ដំបង​ឈើ ចាំ​វាយ​យន្តហោះ

  • 2016-11-18 01:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ដែល​ថត​ពី​លើ​អាកាស​ជា​ច្រើន​សន្លឹក បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្រុម​កុលសម្ព័ន្ធ ដែល​ជា​ជនជាតិ​ភាគ​តិច រស់​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន មាន​ការ​ភ្ញាក់​ផ្អើល និង​ជ្រួល​ច្របល់ នៅ​ពេល​បាន​ឃើញ​យន្តហោះ ហោះ​សំកាំង​ពី​លើ​ផ្ទះ​របស់​ពួកគេ។

រូបថត​ទាំង​នោះ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សហគមន៍​កុលសម្ព័ន្ធ ដែល​មាន​ផ្ទះ​សម្រាប់​មនុស្ស ចំនួន​ប្រមាណ​ជា ១០០​នាក់ នៅ​ក្នុង​ភូមិ​មួយ ក្នុង​ប្រទេស​ប្រេស៊ីល ដែល​នៅ​តែ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ខាង​ក្រៅ និង​មិន​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ឡើយ រហូត​មក​ដល់​សតវត្ស​ទី​២១​នេះ។

ពួក​គេ​ភាគច្រើន ស្លៀក​សំលៀក​បំពាក់​បិទ​បាំង​ខ្លួន​តិច​តួច​ប៉ុណ្ណោះ ហើយ​បាន​កាន់​ដំបង​ឈើ និង​ឈរ​សម្លឹង​មើល​ទាំង​ងឿងឆ្ងល់ នៅ​ពេល​អ្នក​ថតរូប ជិះ​យន្តហោះ​សំកាំង​ពី​លើ​ផ្ទះ​ពួក​គេ ដើម្បី​ប្រមាញ់​យក​ទិដ្ឋភាព​ទាំង​នោះ។

គួរ​បញ្ជាក់​ថា ភូមិ​ខាង​លើ​នោះ ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ជនជាតិ​ដើម​ភាគតិច Yanomami នៅ​ភាគ​ខាងជើង នៃ​ប្រទេស​ប្រេស៊ីល ក្បែរ​ព្រំដែន​ប្រទេស​វេណេហ្ស៊ុយអេឡា។ ជនជាតិ​ភាគ​តិច Yanomami ប្រមាណ​ជា ២២ ០០០​នាក់ រស់​នៅ​ទី​នោះ ហើយ​មិន​ដែល​មាន​ទំនាក់​ទំនង ជា​មួយ​អ្នក​រស់​នៅ​ខាង​ក្រៅ​ឡើយ។

ជា​មួយ​គ្នា​នេះ​ដែរ ជនជាតិ​ភាគតិច Yanomami ប្រមាណ​ជា ១៣ ០០០​នាក់​ផ្សេង​ទៀត បាន​រស់​នៅ​តំបន់ Alto Orinoco លើ​ព្រំដែន​ប្រទេស​វេណេហ្ស៊ុយអេឡា។

យ៉ាងណាមិញ នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ដែល​គេ​ប្រមាញ់​បាន​ជនជាតិ​ភាគតិច ដែល​រស់​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន​បែប​នេះ។ កាល​ពី​ឆ្នាំ​២០០៨ គេ​ថត​បាន​ជនជាតិ​ភាគ​តិច​ជា​ច្រើន ដោយ​ក្នុង​ដៃ​មាន​កាន់​លំពែង និង​ព្រួញ​ភ្លើង តម្រង់​មក​យន្តហោះ ដែល​បាន​ហោះ​ពី​លើ​ផ្ទះ​របស់​ពួក​គេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី