ម៉ូម៉ូ៖ "ខ្ញុំ​រស់​នៅ​ជាមួយ​ប្រហុក​រាប់​សិប​ឆ្នាំ​ ក្លិន​ប្រហុក​គឺជា​ទឹក​អប់​របស់​ខ្ញុំ"

  • 2016-12-18 08:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាំង​ពី​ដឹង​ក្ដី​មក​ ម៉ូម៉ូ បាន​រស់​នៅ​តំបន់​ដែល​គេ​ធ្វើ​ប្រហុក រហូត​ដល់​ដឹង​​ក្ដី ក៏​ក្លាយ​ជា​កម្មករ​ធ្វើ​ត្រី និង​លីសែង​ប្រហុក​ដាក់​ឡាន នៅ​ផ្សារ​ប្រហុក​ខេត្ត​បាត់​ដំបង។ ដូច្នេះ​លោក ម៉ូម៉ូ សុំា​នឹង​ក្លិន​ប្រហុក​ហើយ​ចាត់​ទុក​ថា ក្លិន​នេះ​ជា​ទឹក​អប់​ទៅ​វិញ។

*ផ្ផ្សារ​ប្រហុក​នេះ​​ ស្ថិត​នៅ​​ភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមាន​ចម្ងាយ ៨ គីឡូម៉ែត្រ ​ពី​ក្រុង​បាត់​ដំបង បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩០*

បុរស​វ័យ ៦៤ ឆ្នាំ និង​មាន​កូន​ ៩ នាក់​ រស់​នៅ​ភូមិ​សំរោងក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក"​ថា ដោយ​សារ​ពុំ​បាន​រៀន​សូត្រ និង គ្រួសារ​ក្រីក្រ ដែល​តាំង​ពី​ដូនតា​មក​ជា​កម្មករ​គេ ម៉្លោះ​ហើយ​ លោក​បាន​ចាប់​អាជីព​ជា​កម្មករ​លីសែង​ប្រហុក​ដាក់​ឡាន។

“ខ្ញុំ​ជា​កម្មករ​ កូន​កើត​មក​ក៏​ជា​កម្មករ​ដែរ"។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក ម៉ូម៉ូ។ លោក​បាន​ថ្លែង​ថា យើង​មិន​ចេះ​ធ្វើ​អី យើង​ក្រីក្រ កូន​ក៏​មិន​បាន​រៀន​សូត្រ ដូច្នេះ​ហើយ​ពួកគេ​មួយ​ចំនួន​ធ្វើ​ជា​កម្មករ​សំណង់​ឲ្យ​គេ​ដែរ ឯ​ខ្ញុំ​គឺជា​កម្មករ​លីសែង​ប្រហុក​ជិត ៣០ឆ្នាំ​មក​ហើយ។

កម្រៃ​ដែល​ទទួល​បាន​ពី​ការងារ​លីសែង​ប្រហុក​គឺ​ក្នុង​១ថ្ងៃ​បាន​ពី ១០ ០០០ ទៅ ១ ៥០០០ រៀល។ ចំណូល​នេះ​តិចតួច​ណាស់​មិន​អាច​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ដែល​មាន​កូន​រហូត​ដល់​ ៩ នាក់​បាន​ទេ ដូច្នេះ ហើយ​កូន​ៗ​មិន​បាន​រៀន​សូត្រ​អី​ជ្រៅជ្រះ​ដែរ គឺ​ត្រូវ​ឲ្យ​កូនៗ​ធ្វើ​ការ​ដែរ​ជា​កម្មករ​គេ​រកចំណូល​ជួយ​ជ្រោង​គ្រួសារ។

នៅ​ពេល​សួរ​ថា តើ​រស់​នៅ​ជាមួយ​នឹង​ការងារ​ធ្វើ​ប្រហុក ឬ​លីសែង​ប្រហុក​រាល់​ថ្ងៃ មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ក្លិន​មួយ​នេះ​ដែរ​ទេ? ឆ្លើយ​តប​នឹង​សំណួរ​នេះ ម៉ូម៉ូ បាន​និយាយ​ថា ខ្ញុំ​មិន​ដែល​ដឹង​ថា​ខ្លួន​ធំ​ក្លិន​ប្រហុក​នេះ​ទេ ព្រោះ​ខ្ញុំ​សុំា​នឹង​ក្លិន​នេះ​តាំង​ពី​តូច​មក តែ​ពេល​ខ្ញុំ​ដើរ​ជិត​គេ​ គេ​ថា​ស្អុយ​ប្រហុក តែ​ចំពោះ​ខ្ញុំ​ ខ្ញុំ​មិន​ដែល​ធំ​ក្លិន​អី​ទេ ផ្ទុយ​ទៅវិញ​ក្លិន​ដូចជា​ឈ្ងុយ​ដូច​ទឹក​អប់​សម្រាប់​រូប​ខ្ញុំ (និយាយ​បណ្ដើរ​សើច​បណ្ដើរ)៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា