​​៥ក្បាច់​ មានប្រសិទ្ធភាព​បំផុត​ប្រុសៗ​គួរ​តែ​ដឹង ដើម្បី​លួង​សង្សារ​ឱ្យ​បាត់​ខឹង

  • 2017-01-26 03:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រុសៗ​ដែល​មាន​សង្សារ​ពេល​នាង​ខឹង​ម្ដងៗ​ តើ​ពិបាក​លួង​ខ្លាំង​មែន​អត់​? ជា​ពិសេស​មិន​ដឹង​ថា​មាន​វិធីសាស្ត្រ​អ្វី​លួង​នាង​ឱ្យ​បាត់​ខឹង​មែន​អត់​? ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​លួង​នាង​ឱ្យ​បាត់​ខឹង​យ៉ាង​មាន​ប្រសិទ្ធភាព ពី​អ្នក​ដែល​មាន​បទពិសោធន៍​ច្រើន​ក្នុង​រឿង​ស្នេហា​។​​

១.លេង​ទឹក​មុខ​និង​ដាក់​មនោសញ្ចេតនា

​សុខ​ហេង ​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ និង​កំពុង​មាន​ស្នេហា​យ៉ាង​ផ្អែមល្ហែម​ផង​នោះ ប្រាប់​ថា ​នៅ​ពេល​សង្សារ​របស់​លោក​ខឹង​ម្ដង​ពិត​ជា​ពិបាក​លួង​ខ្លាំង​ណាស់ ជួន​កាល​មិន​និយាយ​រក​លោក​ពេញ​មួយ​អាទិត្យ​ក៏​មាន​ដែរ​។ សុខ​ហេង និយាយ​ថា៖ "ចំពោះ​ខ្ញុំ​វិញ​មាន​វិធីសាស្ត្រ​មួយ​ធ្វើ​ហើយ​ច្រើន​បាន​សម្រេច​នោះ នៅ​ពេល​សង្សារ​ខ្ញុំ​ខឹង​គឺ​ដាក់​អារម្មណ៍​លេង​ទឹក​មុខ​ធ្វើ​តួ​កម្សត់​តិច​ទៅ ​ធ្វើ​ទឹក​មុខ​ក្រៀមក្រំ តែ​កុំ​ធ្វើ​មុខ​ក្រម៉ូវ​នាង​នឹង​កាន់​តែ​ខឹង​ថែម"។ ​យុវជន​ពូកែ​សម្ដែង​ទឹក​មុខ​រូប​នេះ បន្ថែម​ទៀត​ថា ​ក្រៅ​ពី​លេង​ទឹក​មុខ​ចូល​តួ​កម្សត់​ហើយ គួរ​តែ​ទទួល​ស្គាល់​កំហុស​ហើយ​សុំទោស​នាង​ទៅ​នោះ​នឹង​ចប់​រឿង​ហើយ​។​​​

២​. នាំ​ទៅ​កន្លែង​ដែល​នាង​ចូលចិត្ត​បំផុត

ចំណែក​កញ្ញា​ ឈាវ រចនា និស្សិត​ចប់​បរិញ្ញាបត្រ​ច្បាប់​ជា​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លើក​ឡើង​ថា ចំពោះ​កញ្ញា​ផ្ទាល់​ និង​នារី​ដទៃ​ទៀត​គឺ​ចិត្ត​មិន​ខុស​គ្នា​ទេ ពេល​ដែល​នាង​ខឹង​ខ្លាំង​ ​មិន​ថា​ដោយសារ​មូលហេតុ​អ្វី​ក៏​ដោយ ​ប្រសិន​បើ​នាំ​នាង​ទៅ​កន្លែង​ដែល​នាង​ចូលចិត្ត​បំផុត នោះ​អារម្មណ៍​ខឹង​ទាំង​ប៉ុន្មាន​អាច​កាត់​បន្ថយ​បាន​ ៥០%​។ ​បន្ទាប់​មក​ទៀត​គ្រាន់​តែ​និយាយ​លួងលោម ​ផ្អែម​ល្ហែម​ជាមួយ​នាង​បន្តិច​ទៀត​ទៅ គឺ​នាង​ប្រាកដ​ជា​លែង​អី​ហើយ ព្រោះ​ស្រី​ភាគ​ច្រើន​ខឹង​មិន​បាន​យូរ​ប៉ុន្មាន​ទេ​ ណាស់​តែ​មាត់​រឹង​មិន​ព្រម​និយាយ​តែ​ប៉ុណ្ណឹង​ទេ ​​ចំណែក​ក្នុង​ចិត្ត​វិញ​ត្រជាក់​តាំង​ពី​យូរ​មក​ហើយ​។​​​

៣. ទិញ​អ្វី​ដែល​នាង​ចូលចិត្ត​បំផុត

​​កញ្ញា ឈាវ រចនា ដដែល​មាន​បទពិសោធន៍​ស្នេហា​ច្រើន​គួរសម​ដែរ បន្ត​ទៀត​ថា ​តាម​ពិត​ពេល​ស្រី​ងរង៉ក់ ឬ​ប្រចណ្ឌ​រក​រឿង មិន​និយាយ​ស្ដី​ចំពោះ​សង្សារ​ខ្លួន មិន​មែន​មាន​ន័យ​ថា នាង​ចង់​បែក​អី​នោះ​ទេ ​គ្រាន់​តែ​នាង​ចង់​ឱ្យ​បុរស​ជាទី​ស្រឡាញ់​របស់​នាង​ស្វែង​យល់​ពី​ចិត្ត​នាង​។ ដូចនេះ​ប្រសិន​បើ​ដឹង​ថា នាង​ចូលចិត្ត​របស់​អ្វី​ទិញ​យក​ទៅ Surprise នាង​ទៅ​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ​មិន​ខាន​។ រចនា បន្ត​ទៀត​ថា ប្រសិន​បើ​បញ្ហា​នោះ​ធំដុំ​ដែរ គួរ​តែ​សរសេរ​ពាក្យពេចន៍​ចាក់​ដោត​អារម្មណ៍​លាក់​ទុក​ក្នុង​កាដូរ​​ ឱ្យ​នាង​អាន​ទៅ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។​​

៤. ​​មាន​ហេតុផល​ច្បាស់លាស់

ចំណែក លោក សេង ឡុង ​និយាយ​ថា​ រឿង​សង្សារ​លោក​ប្រចណ្ឌ​ រករឿង ងរង៉ក់ ជួន​កាល​មិន​និយាយ​ស្ដីដាក់​លោក​ គឺ​សឹង​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ លោក​និយាយ​ថា លោក​មិន​បាន​ទៅ​លួងលោម​អី​ច្រើន​ទេ សំខាន់​ត្រូវ​មាន​ហេតុផល​ច្បាស់លាស់ និង​សួរ​ពី​មូលហេតុ​ដែល​នាង​ខឹង បន្ទាប់​មក​ទៀត​លោក​បកស្រាយ​តាម​ការ​ពិត​មាន​អំណះអំណាង​ត្រឹមត្រូវ​ ថា​ពិត​ជា​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​នាង​យល់​ច្រឡំ​នោះ​ទេ​។

៥. ព្រម​ចាញ់​នាង

​សេង​ឡុង និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ​រូប​នេះ​បន្ត​ទៀត​ថា តាម​ពិត​ទៅ​ភាគ​ច្រើន​ដែល​សង្សារ​ឈ្លោះ​គ្នា​រហូត​ឈាន​ដល់​ការ​បែក​បាក់ គឺ​មក​ពី​ខ្លាំង​រៀង​ខ្លួន​។ សេង​ឡុង​និយាយ​ថា ពេល​ខ្លះ​ត្រូវ​ធ្វើ​ចាញ់​នាង​ខ្លះ​ទៅ កុំ​ទៅ​ចង់​យក​ឈ្នះ​ចាញ់​អី​ បើ​សិន​ជា​ស្រឡាញ់​គ្នា​ពិត​ប្រាកដ​មែន អ្នក​ដែល​ឈ្លោះ​បែកៗ​អាច​ថា​មិន​បាន​ស្រឡាញ់​គ្នា​ពិត​ប្រាកដ តែ​ចំពោះ​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ខ្លាំង គឺ​មិន​ងាយ​និយាយ​ពាក្យ​បែក​ទេ​៕​​​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម