ពលរដ្ឋ​មក​ពី​ប្រទេស​ទាំង​៧​នេះ នឹង​ពិបាក​ចូល​អាមេរិក​ខ្លាំង

  • 2017-01-26 07:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ឡើង​កាន់​តំណែង ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​ប្រតិបត្តិ​បញ្ជា ចំនួន​១០​រួច​មក​ហើយ ហើយ​បាន​រំពឹង​ថា នឹង​ប្រកាស​ពី​ប្រតិបត្តិ​បញ្ជា​ជា​ច្រើន​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ទិដ្ឋាការ និង ជន​ភៀសខ្លួន។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោក ត្រាំ កំពុង​តែ​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន ដោយ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ហាម​ឃាត់​ទិដ្ឋាការ នៃ​ពលរដ្ឋ​មក​ពី​ប្រទេស​ចំនួន​៧ មិន​ឲ្យ​ចូល​មក​សហរដ្ឋអាមេរិក​ងាយៗ​ឡើយ ដោយ​ក្នុង​នោះ​រួម​មាន​ដូច​ជា អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី លីប៊ី យេមែន ស៊ូដង់ និង សូម៉ាលី ផង​ដែរ។

ស្ថិត​នៅ​ក្រោម​សេចក្ដី​ព្រាង​ច្បាប់​មួយ សហរដ្ឋអាមេរិក​នឹង​បញ្ឈប់​ដំណើរ​ការ​ទិដ្ឋាការ នៃ​ជនជាតិ​ទាំងទ្បាយ​នោះ រយៈពេល​៣០​ថ្ងៃ ដោយ​រដ្ឋាភិបាល​របស់​លោក អូបាម៉ា កាលពីមុន បាន​ចាត់​ទុក​ថា (ជនជាតិ​ទាំង​នោះ) អាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​មក​សហរដ្ឋអាមេរិក ក្រោម​កម្មវិធី​លើកលែង​ទិដ្ឋាការ​របស់​ប្រទេស​មួយ​នេះ។

ជា​មួយ​គ្នា​នេះ​ដែរ លោក ត្រាំ បាន​រំពឹង​ទុក​ថា នឹង​បញ្ជា​ហាម​ឃាត់​ជា​ច្រើន​ខែ មុន​ពេល​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន ចូល​មក​សហរដ្ឋអាមេរិក លើកលែង​តែ​ជនជាតិ​ភាគ​តិច ដែល​កំពុង​គេច​ចេញ​ពី​ទុក្ខបុកម្នេញ​ប៉ុណ្ណោះ។

ស្ថិត​ក្រោម​ឯកសារ​ព្រាង​នេះ រដ្ឋាភិបាល​​ថ្មី​របស់​លោក ត្រាំ នឹង​​កែ​ប្រែ​ មក​បញ្ឈប់​ដំណើរ​ការ​ទិដ្ឋាការ រយៈ​ពេល​១២០​ថ្ងៃ​វិញ ចំពោះ​ជនភៀសខ្លួន​មក​ពី​ប្រទេស​ទាំង​៧​ ខាងលើ រហូត​ដល់​ក្រុម​មន្ត្រី អាច​ប្រតិបត្តិ​កម្មវិធី​ជនភៀសខ្លួន ដើម្បី​ពិនិត្យ និង​វាយតម្លៃ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​លើ​ពួក​គេ៕

ប្រភព៖ sbs   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី