មិនច្បាស់ គណិត និងរូប កុំលូកជំនាញព័ត៌មានវិទ្យា
- 2017-01-27 03:46:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនច្បាស់ គណិត និងរូប កុំលូកជំនាញព័ត៌មានវិទ្យា
ចន្លោះមិនឃើញ
មានជំនាញជាច្រើនដែលនិស្សិតបានជ្រើសរើសសិក្សានៅមហាវិទ្យាល័យ ក្នុងនោះក៏មានជំនាញព័ត៌មានវិទ្យាមួយដែរ។ ការជ្រើសរើសជំនាញព័ត៌មានវិទ្យា ត្រូវគេយល់ឃើញថាមានការលំបាក បើមិនមានគ្រឹះរឹងមាំ។
មានការលើកឡើងថាបើចង់រៀន IT ឲ្យពូកែចាំបាច់ត្រូវខ្លាំងមុខវិជ្ជាគណិតនិងរូប។
បញ្ញា ដែលកំពុងសិក្សាឆ្នាំទីមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា៖ “ពូកែ ឬមិនពូកែមិនជាបញ្ហាអីធំដុំនោះទេ ប៉ុន្តែការប្រឹងប្រែងដោយខ្លួនឯងនោះទេ ដែលជារឿងសំខាន់នោះ! កាលណាយើងប្រឹងប្រែងរៀនទៅ វាចេះដូចតែគ្នាហ្នឹង មិនចាំបាច់អីទាល់តែពូកែគណិត ឬរូបនោះទេ”។
និស្សិតស្រីមួយរូបទៀតដែលកំពុងត្រៀមខ្លួនចូលរៀនឆ្នាំទីពីរនៅមហាវិទ្យាល័យស៊ីតិក ប្រាប់ថា៖ “លំបាកគឺលំបាកហើយកាលណាមិនចេះគណិត រូបនោះ។ ជំនាញ IT ការសិក្សាទាក់ទងនឹងការគណនា រៀបចំតារាង ធ្វើបញ្ជី និងប្រើកម្មវិធីដែលសុទ្ធតែតម្រូវឲ្យមានការគិតពិចារណាច្រើន។ ដូច្នេះបើមិនពូកែមុខវិជ្ជាទាំងពីរនេះទេ រៀនមិនទាន់គេនោះទេនិងថែមទាំងមានការលំបាកទៀតផង។
សាស្រ្តាចារ្យផ្នែក IT លោក ហេង សុផារ័ត្នបានឲ្យដឹងដែរថា ការសិក្សាជំនាញ IT មិនស្រួលដូចការគិតនោះទេ។ សម្រាប់សិស្សនិស្សិតដែលចង់ចាប់យកមុខវិជ្ជា IT ត្រូវតែគិតឲ្យបានល្អិតល្អន់ជាមុនសិន។
លោកបានលើកឡើងពីគ្រឹះការសិក្សាជំនាញនេះត្រូវពូកែគណិត រូប ទើបល្អ។ លោកចាត់ទុកជំនាញ IT មានភាពស្មុគស្មាញបើប្រៀបធៀបនឹងមុខជំនាញដទៃទៀត។
លោក អួ ចិន្តា អ្នកគ្រប់គ្រងនិស្សិតបង់ថ្លៃផ្នែក IT នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងឲ្យដឹងថា ចំពោះសាកលវិទ្យាល័យរបស់លោកមានការកម្រិតយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលរៀនផ្នែក IT គឺអ្នកដែលធ្លាក់មុខវិជ្ជាគណិត និងរូបពេលប្រលងបាក់ឌុបមិនអាចចូលរៀនមុខជំនាញនេះបានទេ។ ការដាក់កំហិតបែបនេះដោយសារមើលឃើញថានឹងផ្ដល់ការលំបាកដល់អ្នកសិក្សា បើសិនពួកគេខ្សោយមុខវិជ្ជាទាំងពីរនេះ។
លោកបញ្ជាក់ថា អ្វីដែលកាន់តែអាក្រក់ ពួកគេអាចបោះបង់ចោលការសិក្សាកណ្ដាលទីទៀតផង ដែលនេះជាការចំណាយពេលវេលានិងខាតបង់លុយកាក់ដោយឥតប្រយោជន៍ បើសិនពួកគេចាប់លែងជាប់នោះ។
ក្នុងសៀវភៅមគ្គទេសក៍ដែលរៀបរៀងនិងចេញផ្សាយដោយនាយកដ្ឋានឧត្ដមសិក្សា បានចង្អុលបង្ហាញគន្លឹះខ្លះៗក្នុងការជ្រើសរើសមុខវិជ្ជាសិក្សានៅកម្រិតសាកលវិទ្យាល័យ ដែលក្នុងនោះក៏មានមុខវិជ្ជា IT មួយដែរ។ សៀវភៅនោះបានរៀបរាប់ថា ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាលើមុខជំនាញ IT មានគណិតវិទ្យា និងរូបវិទ្យា។ ចំណេះដឹងមូលដ្ឋានដែលអ្នកសិក្សាទទួលបានក្រោយបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំមានដូចជា យល់ដឹងពីការវិភាគ និងធ្វើគម្រោងប្រព័ន្ធព័ត៌មានវិទ្យា សរសេរកម្មវិធីកុំព្យូទ័រ យល់ដឹងពីការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ទំនាក់ទំនងទិន្នន័យ យល់ដឹងពីវិស្វករ Software កុំព្យូទ័រ Client-Server និងដឹងពីកម្មវិធីសារព័ត៌មាន និងបញ្ញាសិប្បនិម្មិត យល់ពីការគ្រប់គ្រងគម្រោង ប្រព័ន្ធប្រតិបត្តិការ និងភាសាអង់គ្លេស។ល។ អង្គភាពឬស្ថាប័នដែលនិស្សិតចប់មុខជំនាញនេះអាចទៅបម្រើការងារបាន គឺអាចធ្វើជាសាស្ត្រាចារ្យនៅតាមគ្រឹះស្ថានសិក្សា បណ្ដាក្រុមហ៊ុន ធនាគារ អង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នផ្សេងៗ៕