សត្វ​​​ផុត​ពូជ​ល្បី​ៗ​១០​ប្រភេទ​​ អ្នក​វិទ្យាសាស្ត្រ​គ្រោង​​ក្លូន​ឲ្យ​រស់​ឡើង​​វិញ

  • 2017-01-30 08:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​​ជា​ច្រើន​សហស្សវត្ស​មក​ហើយ សត្វ​​ជា​ច្រើន​ប្រភេទ​បាន​​ផុត​ពូជ​​បាត់​មុខ​ពី​លើ​​ផែន​ដី​ដោយ​សារ​មូលហេតុ​​ផ្សេង​​ៗ​គ្នា​ជា​ច្រើន។

​ពេល​ខ្លះ​វា​ដាច់​ពូជ​​ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​​បរិយាកាស​​ផែនដី គ្រោះ​ធម្មជាតិ ​​និង​ខ្លះ​​ដោយ​សារ​សកម្មភាព​បរបាញ់​​របស់​មនុស្ស​​។ ក្នុង​សម័យ​​វិទ្យាសាស្ត្រ​​ជឿនលឿន​ដែល​ផ្ដោត​​សំខាន់​​ទៅ​លើ​​ជីវ​បច្ចេកវិទ្យា ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​​នឹង​​នាំ​យក​សត្វ​ផុត​ពូជ​​ល្បី​ៗ​ឲ្យ​​បង្ហាញ​​វត្តមាន​​លើ​ផែន​ដី​ឡើង​វិញ ដោយ​ពេល​នេះ​​គេ​​បាន​កត់​​ទុក​​ប្រភេទ​សត្វ​​មួយ​ចំនួន​ហើយ។

ជា​ទូទៅ ប្រសិន​​បើ​​មាន​​​ប្រភេទ​សត្វ​អំបូរ​ស្រដៀង​គ្នា​នៅ​រស់​ នោះ​សេនេទិច​ក៏​ស្រដៀង​គ្នា​​​ដែល​ធ្វើ​ឲ្យ​គេ​ងាយ​ស្រួល​​ក្លូន​សត្វ​ផុត​ពូជ​​មក​វិញ​បាន​ស្រួល​​ដូច​ជា​​​ដំរី​​ធម្មតា​ សម្រាប់​​ក្លូន​យក​ដំរី​រោម​ក្រាស់ ​និង​​គោ​​ធម្មតា​​សម្រាប់​​​ក្លូន​យ​ក​គោ​ Aurochs ជា​ដើម។

ការ​សម្រេច​​ជ្រើស​រើស​សត្វ​​មក​ក្លូន​នោះ​ទៀត​សោត​ គេ​បាន​គិត​ទៅ​លើ​ថា​វា​ជា​សត្វ​មនុស្ស​​ត្រូវ​ការ ​ឬ​អត់​ ​ផ្ដល់​ប្រយោជន៍​ព្រៃ​ឈើ​ប៉ុណ្ណា មាន​ជម្រក អាហារ​​គ្រប់​គ្រាន់​សម្រាប់​​ពួក​វា​ដែរ​ទេ។ ​បើ​គិត​​លើ​ចំណុច​នេះ អំបូរ​ដាយណូស័រ​ មិន​អាច​​កើត​មាន​វិញ​បានឡើយ​។ សត្វ ២៥​ប្រភេទ​ដែល​អ្នក​វិទ្យាសាស្ត្រ​ចង់​យក​មក​វិញ តែ​សូម​ជ្រើស​រើស​​យក​​១០​ប្រភេទ​ប្លែក​ៗ​ និង​ធ្លាប់​​ឃើញ​​ខ្លះ​​ៗ​ក្នុង​ភាព​យន្ត​ដូច​​​ខាង​ក្រោម៖

១. ខ្លា​ Caspian ផុតពូជ​នៅ​​ឆ្នាំ១៩៦០ រស់​នៅ​​អាស៊ី​កណ្ដាល​​រួម​ទាំង​​អ៊ីរ៉ង់ អ៊ីរ៉ាក់ តួកគី និង​ភាគ​ខាង​ជើង​ប្រទេស​ចិន

២. គោ Auroch រស់​នៅ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក​ខាង​ជើង (មិន​បញ្ជាក់​ឆ្នាំ​ផុត​ពូជ)

៣. ដំរី​រោម​ក្រាស់ Mammoth ផុត​ពូជ​​​ជាង​៤​០០០​ឆ្នាំ រក​ឃើញ​សាកសព​​ក្រោម​ទឹក​កក​អាកទិច

៤. រមាស​រោម​ក្រាស់ ​woolly rhinoceros រស់នៅ​​អាស៊ី និង​អឺរ៉ុប។ វា​មាន​បាត​ជើង​ធំ​ៗ ​រោម​ដង​ខ្លួន​វែងៗ​អាច​រស់​ក្នុង​អាកាស​ធាតុ​ត្រជាក់​បាន។ ការ​បរបាញ់​​របស់​មនុស្ស​ត្រូវ​​គេ​​ជឿ​ថា​ធ្វើ​ឲ្យ​វា​ផុត​ពូជ។ (មិន​បញ្ជាក់​ឆ្នាំ​ផុត​ពូជ)

៥. មាន់ Health Hen រស់​នៅ​តាម​ឆ្នេរ​​អាមេរិក​ខាង​ជើង​ដល់​ឆ្នាំ​១៩៣២។ មនុស្ស​​ចូល​ចិត្ត​យក​ធ្វើ​ម្ហូប​សម្រាប់​ពេល​ល្ងាច។

៦. បក្សី​យក្ស​ Moa ​មិន​ចេះ​ហើរ​៖ ​រស់​​នៅ​​នូវែលហ្សេឡង់​មាន​កម្ពស់​​ដល់​ទៅ​៣,៦​ម៉ែត្រ ទម្ងន់​អាច​ដល់​ ២៣០​គីឡូ​ក្រាម។ ​វា​បាន​ផុត​ពូជ​​នៅ​​ឆ្នាំ​ ១៤០០ ហើយ​គេ​បាន​រក​ឃើញ​បក្សី​ស្រដៀង​គ្នា​​​ឈ្មោះ Tinamous នៅ​អាមេរិក​ខាង​ត្បូង​ចេះ​ហើរ​ ងាយ​នឹង​គេ​ប្រើ​ប្រាស់​ហ្សែន​របស់​វា។

៧. បក្សី​​ដំរី​ Elephant Bird ធ្លាប់​ប្រទះ​ឃើញ​​នៅ​កោះ​​ម៉ាដាហ្គាស្កា ដាច់​ពូជ​នៅ​សតវត្ស​ទី​១៧ ​ដោយ​សារ​សកម្មភាព​មនុស្ស។ វា​អាច​មាន​កម្ពស់ ៣ម៉ែត្រ និង​ទម្ងន់ ៤០០​គីឡូ​ក្រាម​

៨.​ ខ្លា Thylacin ឬ Tasmanian Tiger រស់​នៅ​ប្រទេស​អូស្ត្រាលី Tasmania និង New Guinea ត្រឹម​ឆ្នាំ ១៩៦០

៩. ក្ដាន់ Irish ជា​អំបូរ​ក្ដាន់​ធំ​បំផុត​លើ​ផែន​ដី ផុត​ពូជ​​ប្រមាណ​ ៧៧០០​ឆ្នាំ​មុន​​នៅ​តំបន់​ស៊ីបេរី ប្រទេស​រុស្ស៊ី។

១០. បក្សី​​​មិន​ចេះ​ហើរ​ Dodo រស់​នៅ​លើ​កោះ​ Mauritius។ កាល​ឆ្នាំ២០០៧​​ អ្នក​វិទ្យាសាស្ត្រ​​បាន​រក​ឃើញ​គ្រោង​​ឆ្អឹង​របស់​វា ដែល​​មាន​តម្លៃ​សម្រាប់​សំណាក​ DNA៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម