​ការពិត​​ពី​ក្រោយ​រូប​ថត​កុមារ​ចង​ដៃ​ជើង​ ដែល​​ផ្អើល​ថា​គេ​ចាប់​វះ​យក​ក្រលៀន

  • 2017-01-31 02:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ​រូប​ថត​​​មួយ​សន្លឹក​បង្ហាញ​ពី​​កុមារ​៣​នាក់​ ត្រូវ​គេ​ចង​ដៃ​ចង​ជើង មាត់​​​រុំ​នឹង​ក្រណាត់​ស​​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​​ខ្មែរ​មួយ​ចំនួន​ផ្អើល​​ថា​ មាន​គេ​ចាប់​ក្មេង​​វះ​យក​ក្រលៀន និង​បេះ​ដូង​​ទៅ​លក់ ​ប៉ុន្តែ​វា​មិន​មែន​​ជា​រឿង​​ពិត​ឡើយ។​

​​តាម​​ការ​ស្រាវ​ជ្រាវ​​រក​ប្រភព​​​ព័ត៌មាន​​ យើង​បាន​​ឃើញ​​សារព័ត៌មាន​​ម៉ាឡេស៊ី​ល្បី​​ឈ្មោះ​ The Star​​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០​មករា​កន្លង​ទៅថា ​នេះ​ជា​អំពើ​​ទារុណកម្ម​​របស់​ស្ត្រី​៤​នាក់​ទៅ​លើ​កុមារ​​​​៣​នាក់​​​នៅ​​មជ្ឈមណ្ឌល​​​មើល​ថែ​ក្មេង​ Bangi ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​

​​​ក្នុង​​ចំណោម​​ស្ត្រី​ជន​សង្ស័យ​​​ទាំង​​៤​នាក់​ មាន​ម្នាក់​​អាយុ​៤០​ឆ្នាំ ជា​​ប្រធាន​មជ្ឈមណ្ឌល​មើល​ថែ​ទាំ​ក្មេង​តែម្ដង​ ​នៅ​ផ្ទះ​ល្វែង​មួយ​កន្លែង​​ក្នុង​ទីក្រុង Bandar Baru Bangi ប៉ុន្តែ​គេ​មិន​ទាន់​​ដឹង​មូល​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ទាំង​នោះ​ធ្វើ​បាប​ក្មេង​​ទេ។

បន្ទាប់​ពី​ចាប់​ខ្លួន​​ជនសង្ស័យ​​​​ដើម្បី​​សាកសួរ ប៉ូលិស​បាន​​នាំ​ក្មេង​រង​គ្រោះ​​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ក្បែរ​នោះ​​ដើម្បី​​ពិនិត្យ​សុខភាព​ហើយ។ ឯ​មជ្ឈមណ្ឌល​​ត្រូវ​បាន​​ចាក់​សោ​​ជាប់​​មិន​អនុញ្ញាត​ឲ្យ​នរណា​​​ចូល​ឡើយ។

ក្រោយ​​ពី​ករណី​​​នេះ​ល្បី​ខ្ទរខ្ទារ ​រដ្ឋមន្ត្រី​​អភិវឌ្ឍ​សហគមន៍​ ​ស្ត្រី និង​គ្រួសារ​ ​លោក​ស្រី Datuk Seri Rohani Abdul Karim បាន​អះអាង​ថា​​ខាង​ក្រសួង​​បាន​បញ្ជូន​​មន្ត្រី​​ម្នាក់​ទៅ​ស៊ើប​អង្កេត​ករណី​នេះ​ផង​ដែរ​៕

ប្រភព៖ The Star   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី