ក្តៅ! Mark Zuckerberg ប្រឈមធ្លាក់ពីតំណែងធំនៅ Facebook
- 2017-02-07 14:16:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅ! Mark Zuckerberg ប្រឈមធ្លាក់ពីតំណែងធំនៅ Facebook
ចន្លោះមិនឃើញ
Mark Zuckerberg បច្ចុប្បន្នជានាយកប្រតិបត្តិ Facebook កំពុងត្រូវម្ចាស់ភាគហ៊ុនក្រុមហ៊ុនបណ្ដាញសង្គមយក្សនេះ សម្រេចទម្លាក់ពីដំណែងក្រុមប្រឹក្សាភិបាល។
ការស្នើទម្លាក់ Mark ចេញពីតំណែងប្រធានក្រុមប្រឹក្សាភិបាល ក៏ព្រោះតែអ្នកកាន់ភាគហ៊ុននៅ Facebook ទាំងអស់ ចង់បានមនុស្សម្នាក់ធ្វើការឯករាជ្យ ដើម្បីបម្រើជាប្រយោជន៍យូរអង្វែងដល់ក្រុមហ៊ុនទាំងមូល។ មួយទៀតគឺពួកគេចង់បន្ថយអំណាច Mark ដែលកាន់តួនាទីពីរម្នាក់ឯងក្នុងក្រុមហ៊ុន។
ខណៈ Facebook កំពុងត្រេកត្រអាលកើបលុយពីជំនួញពាន់លានដុល្លារ អ្នកមានភាគហ៊ុនក្នុងក្រុមហ៊ុនទាំងអម្បាលមានហាក់កំពុងពាក់មុខយក្សនិងមិនស្រួលចិត្តឡើយ ចំពោះអំណាចដែល Mark Zuckerberg មានរាល់ថ្ងៃ ដោយកាន់តំណែងជា CEO ផងនិងប្រធានក្រុមប្រឹក្សាភិបាលផង តាំងពីឆ្នាំ ២០១២។
ក្នុងលិខិតស្នើ ធ្វើឡើងដោយម្ចាស់ភាគហ៊ុនហ្វេសប៊ុកនិងជាសមាជិកអង្គការឃ្លាំមើលសាកល (SumOfUs) បានទាមទារឲ្យមានប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យមួយ ដែលអាចបែងចែកតុល្យភាពអំណាចរវាង CEO និងធ្វើឲ្យប្រព័ន្ធក្រុមប្រឹក្សាភិបាលកាន់តែរឹងមាំ។
រឿងរសើបមួយទៀត កាន់តែដុតកម្ដៅម្ចាស់ភាគហ៊ុនឲ្យទម្លាក់ Mark នោះ គឺរឿង រចនាសម្ព័ន្ធមូលធនថ្មី ត្រូវ Mark អនុញ្ញាតកាលពីឆ្នាំមុន។ វាបានបង្ហាញនូវហ៊ុនប្រភេទ Class C ថ្មី ដែលមិនទាមទារការបោះឆ្នោតពីម្ចាស់ភាគហ៊ុនសោះឡើយ។
រចនាសម្ព័ន្ធថ្មីនេះត្រូវគេដឹងថា មានទិសដៅផ្គត់ផ្គង់គម្រោងលើកកម្ពស់ប្រព័ន្ធសុខុមាលភាពពលរដ្ឋរបស់ Mark Zuckerberg ដែលតម្រូវឲ្យលោកលក់ភាគហ៊ុន ៩៩ ភាគរយ។ ថែមលើនេះ វាកាន់តែធ្វើឲ្យនាយកក្រុមហ៊ុន Facebook រូបនេះ កាន់តែជិះសេះលែងដៃដឹកនាំក្រុមហ៊ុន។
ក្រៅពីចង់បន្ថយអំណាច Mark Zuckerberg ប្រធានក្រុមប្រឹក្សាភិបាលថ្មី និងមានតួនាទីពិសេសដោះស្រាយរឿង Facebook ត្រូវចោទប្រកាន់ថាជាទីកន្លែងប្រមូលផ្តុំនិងចែកចាយព័ត៌មានក្លែងក្លាយ ការជេរប្រទេចគ្នា និងបញ្ហាផ្សេងៗ។ ការស្នើនេះ ទាមទារឲ្យ Mark ផ្ទាល់សម្រេចចិត្ត ដើម្បីបានលាលែងពីដំណែងនិងរកប្រធានក្រុមប្រឹក្សាថ្មីមកជំនួស៕