ពិការជើងតែមិនពិការចិត្ត រកស៊ីសុចរិតចិញ្ចឹមប្រពន្ធកូន ទាំងកាយទ្រុឌទ្រោម
- 2017-02-21 03:16:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិការជើងតែមិនពិការចិត្ត រកស៊ីសុចរិតចិញ្ចឹមប្រពន្ធកូន ទាំងកាយទ្រុឌទ្រោម
ចន្លោះមិនឃើញ
កំពុងអូសរទេះអេតចាយ នៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅខ្លាំង ដោយប្រើតែជើងម្ខាង និង ឈើច្រត់មួយដើម បុរសមានរាងស្គមមួយរូប បានរៀបរាប់ថាលោកមានឈ្មោះ ស្រេ វីរៈ ហើយមានមុខរបរជាអ្នកដើរទិញអេតចាយ។
បុរសដែលមានស្រុកកំណើត នៅខេត្តកណ្ដាលរូបនេះបានរំលឹកថា លោកបានមករស់នៅទីក្រុងភ្នំពេញប្រមាណជាង១០ឆ្នាំមកហើយ ដើម្បីស្វែងរកការងារធ្វើ ព្រោះតែជីវភាពខ្វះខាត និង ធ្លាក់ខ្លួនក្លាយជាជនពិការជើងមួយរូប។ ដំបូងឡើយ លោកមានការងារជាអ្នកចាក់ជើងឆត្រស៊ីម៉ង់អោយគេ ប៉ុន្តែដោយសារថៅកែជំពាក់លុយ មិនព្រមបើកអោយ លោកក៏សម្រេចចិត្តឈប់ធ្វើការកន្លែងនោះ ហើយបានមកសុំការងារថ្មីពីថៅកែអេតចាយមួយរូប។ ដោយក្ដីអាណិត ស្រលាញ់ ថៅកែអេតចាយក៏អនុញ្ញាតអោយសង់ខ្ទមតូចមួយលើដីរបស់គាត់ដើម្បីស្នាក់នៅ និង ប្រកបរបរនេះវិញ។ មិនតែប៉ុណ្ណោះ គាត់ក៏អោយខ្ចីរទេះ និង ផ្ដល់លុយ៣ម៉ឺនរៀល សម្រាប់ធ្វើដើមរកស៊ីទៀតផង។
លោកបានថ្លែងថាក្រោយមក លោកក៏ជួបនឹងប្រពន្ធរបស់លោក ដែលជាអ្នកទិញអេតចាយដូចគ្នា ហើយក៏ទទួលបាននូវចំណងដៃកូន២នាក់ ដោយបច្ចុប្បន្ន ម្នាក់មានអាយុ៦ឆ្នាំ និង ម្នាក់ទៀតមានអាយុ៣ឆ្នាំ។ ដោយសារជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាច លោកពុំមានលទ្ធភាពបញ្ជូនកូនទៅសាលារៀននោះឡើយ ប៉ុន្តែថ្ងៃមួយពេលដែលលោកអូសរទេះអេតចាយដឹកកូនទៅជាមួយ ក៏មានសមាជិកអង្គការក្រៅរដ្ឋាភិបាលម្នាក់បានឃើញ ហើយបានអនុញ្ញាតអោយកូនរបស់គាត់ចូលរៀនដោយឥតគិតថ្លៃនៅសាលាអង្គការ។
បុរសវ័យ៣៨ឆ្នាំរូបនេះ បាននិយាយថា ក្នុងមួយថ្ងៃលោកអាចរកចំណូលបានពី ៥-៨ ពាន់រៀល ប៉ុន្តែថ្ងៃខ្លះក៏អូសរទេះទទេមកផ្ទះផងដែរ។ លោកបានពន្យល់ថា ដោយសារតែឥឡូវតម្លៃនៃអេតចាយចុះថោកខ្លាំង ម្ល៉ោះហើយ មនុស្សភាគច្រើនមិនសន្សំទុកដូចកាលពីមុនឡើយ គឺភាគច្រើនពួកគាត់បោះចោលក្នុងថង់សំរាមតែម្ដង។
ចំពោះការលំបាកវិញគឺ លោកមិនអាចដើរឆ្ងាយបាននោះឡើយ ព្រោះតែលោកពិការជើងម្ខាង។ ជាទូទៅលោកអូសរទេះបាន២០០ ម៉ែត្រ រួចត្រូវឈប់សម្រាកម្ដង ទើបបន្តដំណើរទៅមុខទៀត។ ពេលខ្លះត្រូវរុញកាត់ភ្លៀង ខ្យល់ និង ក្រោមកម្ដៅថ្ងៃដ៏ក្ដៅខ្លាំង។ ហើយអ្វីដែលលំបាកជាងនេះទៀត គឺពេលអូសរទេះឡើងទួល ចុះទួលម្ដងៗ។
ថ្វីត្បិតតែជីវិតពោរពេញដោយការលំបាកបែបនេះក្ដី ក៏លោកបានពុះពារប្រកបរបរនេះជិត១០ឆ្នាំមកហើយដែរ ដើម្បីចិញ្ចឹមប្រពន្ធ កូន ដោយលោកមិនបានដើរសុំទានគេនោះឡើយ។ លោកបានលើកឡើងថា ការដើរសុំទានគេ គឺជាអ្វីដែលធ្វើអោយលោកខ្មាស។
បច្ចុប្បន្ន គ្រួសាររបស់លោក កំពុងស្នាក់នៅក្នុងខ្ទមតូចមួយ ក្នុងដីឡូរបស់ ថៅកែអេតចាយ ដែលស្ថិតនៅភូមិសន្សំកុសល I សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជិតបុរី ៩៩៩)។