ទំនាក់ទំនង​អ្វី​នៅ​ពី​ក្រោយ​ Angelina និង អ៊ឹង លួង មុន​ព្រម​ធ្វើ​រឿង "មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ"​?

  • 2017-02-23 06:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" ជា​រឿង​ដែល​ប្រែ​សម្រួល​ចេញ​ពី​ការ​ចង​ចាំ​​ដ៏​ឈឺ​ចាប់​មួយ​របស់​កុមារី​​អ៊ឹង​ លួង​ ដែល​បាន​រួច​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ គ្រប់​យ៉ាង​នៅ​ក្នុង​​រឿង​សុទ្ធ​តែ​ឆ្លុះ​បង្ហាញ​ពី​ ការ​ជួប​ប្រទះ​ របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​កាល​សម័យ​នោះ​ទាំង​អស់ ប៉ុន្តែ​​ប្រិយមិត្ត​មាន​ឆ្ងល់​ទេថា​ ហេតុ​អី​អ្នក​ស្រី​ Angelina Jolie ធ្វើ​រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" ឲ្យ​អ្នកស្រី អ៊ឹង លួង? ហើយ​តើ​អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​អ្វី​នឹង​គ្នា​?

ជា​ការពិត​ណាស់​ អ្នក​ទាំង​ពី​រ​សុទ្ធ​តែ​អះអាង​ថា​ពិត​ជា​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា​មែន​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​​កូន​ចិញ្ចឹម​របស់​អ្នកស្រី Angelina Jolie ​គឺ​ Maddox នោះ​ ក៏​អ្នក​ស្រី​ អ៊ឹង លួង ជា​អ្នក​ណែ​នាំ​ឲ្យ​យក​ទៅ ចិញ្ចឹម​ ព្រម​ទាំង​​ធ្លាប់​បាន​ជួយ​មើល​ការ​ខុស​ត្រូវ​កូន​ៗ​របស់​តារា​ហូ​លីវូដ​រូប​នេះ​ដែរ​។

អ្នក​និពន្ធ​រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" អ៊ឹង លួង បាន​ផ្ដល់​បទ​សម្ភាសន៍​ពិសេស​ជាមួយ​ក្រុម​ការងារ​Sabay កាល​ពី​ថ្ងៃ​សន្និសីទ​នៅ​ខេត្ត​សៀមរាប​ថា​អ្នក​ស្រី​ និង Angelina​ ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​នឹង​គ្នា​។

ពី​ដំបូង​ឡើយ​មុន​នឹង​​រឿង​នេះ​ធ្លាក់​ដល់​ដៃ​ Angelina អ្នក​និពន្ធ​ អ៊ឹង លួង ប្រាប់​ថា​ដំបូងឡើយ ​កាល​​អ្នក​ស្រី Angelina Jolie មក​ធ្វើ​កុន​មួយ​នៅ​ស្រុក​ខ្មែរ​ គាប់​ជួន​អ្នក​ស្រី អ៊ឹង​ លួង​ មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​ដែរ ក៏​បាន​ផ្ញើ​សៀវភៅ​ដែល​ខ្លួន​បាន​សរសេរ​ឡើង​ពី ការ​ចងចាំ​អំពី​របប​ខ្មែរ​ក្រហម​ទៅ​ តារាស្រី​ហូលីវូដចិត្តធម៌នេះ​មើល​។ យ៉ាង​ណា​ក៏​ដោយ​​ អ្នក​និពន្ធ​ អ៊ឹង លួង មិន​ប្រាកដ​ថា​ សៀវភៅ​មួយនេះ​ពិត​ជា​បាន​​ទៅ​ដល់​​ដៃ​ Angelina ដែរ​ឬយ៉ាង​ណា? ជា​សំណាង​ល្អ​​តារា​ហូលីវូដ​ Angelina បាន​អាន​ ហើយ​ថែម​ពេញ​ចិត្ត​ នឹង​ចង់​ជួប​ម្ចាស់​សំណេរ​ អ៊ឹង លួង​ ទៀត​ផង។

អ៊ឹង​ លួង សរសើរ​ទឹក​ចិត្ត​ពោរពេញ​ទៅ​ដោយ​ក្តី​ស្រលាញ់​ដែល​ Angelina ​មាន​សម្រាប់ប្រទេស​ខ្មែរ ក៏​ដូចជា​ជនជាតិ​ខ្មែរ​ ថា​ពិតជា​កម្រ​រក​បាន​ណាស់។ "ខ្ញុំ​នៅ​ស្រុក​ខ្មែរ ក៏​ផ្ញើ​សៀវ​ភៅ​ឲ្យ​ Angelina មើល ក៏​ខល​រក​​ខ្ញុំ​ គាប់​ជួន​នៅ​ស្រុក​ខ្មែរ​ ក៏​រក​គ្នា​តែ​ម្តង​។ គាត់​ស្រលាញ់​ស្រុក​ខ្មែរ​ គាត់​មាន​បេះដូង​ស្រលាញ់​ខ្មែរ​ ទាំង​ ភាសា កូនក្មេង​ ម្ហូប ដីស្រុក​ខ្មែរ គាត់ពេញចិត្ត​ទាំង​អស់​ ខ្ញុំ​ដើរ​ជាមួយ​គាត់​​ពិត​ជា​សប្បាយ"។ អ៊ឹង លួង បន្ថែម។

ក្រោយ​ពី​បាន​អាន​រឿង​របស់​ អ៊ឹង លួង​ ចប់​ Angelina សន្យា​ថា​នឹង​ថត​ភាពយន្ត​មួយ​នេះ​ឲ្យ​ អ៊ឹង លួង​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ ប៉ុន្តែ​​អ្នក​និពន្ធ​ដដែល​រូបនេះថា ត្រូវ​ចំណាយ​ពេល​ចាំ​ជិត​២​ឆ្នាំ​​ ដោយសាររវល់​កិច្ចការ​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​ ២០១៤​ ទើប​តារា​ស្រី​ហូលីវូដ​ ចាប់​ផ្តើម​រៀប​គម្រោង​ថត​។

រយៈ​ពេល​​ជាង​ជិត​២០​ឆ្នាំ​ រវាង​ទំនាក់​ទំនង​​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​ទាំង​ពីរ សូម្បី​តែ​ Angelina ​មាន​បំណង​ចង់​បាន​កូន​ចិញ្ចឹម Maddox ​នៅ​ស្រុក​ខ្មែរ ក៏​មាន​ការ​រួម​ចំណែក​ពី​អ្នក​ស្រី​ អ៊ឹង លួង​ ដែរ។ កាល​ឆ្នាំ​ ២០០០​ Angelina ​បាន​សួរ​ទៅ​ អ៊ឹង លួង​ ថា បើសិន​ជា​អ្នក​ស្រី​ ចង់​យក​កូន​ខ្មែរ​តៅ​ចិញ្ចឹម​ គិត​យ៉ាង​ណា? មិន​បដិសេធ អ៊ឹង​ លួង ថែម​ទាំង​សប្បាយ​ចិត្ត​ និង​បាន​នាំ ទៅ​កន្លែង​ដែល​ Maddox រស់​នៅ​ទៀត​ផង​។

​​រីឯ​​តារា​សម្តែង​លំដាប់​ A​ អាមេរិក​ Angelina Jolie ក៏​អះអាង​ដូច​ អ៊ឹង លួង​ ដែរ​ អ្នក​ទាំង​ពីរ​គឺ​ជាមិត្ត​ល្អ​ហើយ​បាន​ស្គាល់​គ្នា​ជិត​២០​ឆ្នាំ​ហើយ។ Angelina បន្ត​ឲ្យ​ដឹង​​តាម​រយៈ​វីដេអូ​ Trailer ​ដែល​បាន​បង្ហោះ​លើ​Page First They Killed My Father ទៀត​ថា អាន​សៀវភៅ​របស់​អ្នក​ស្រី​ អ៊ឹង លួង​ ហើយ​ ធ្វើ​ឲ្យ អ្នកស្រី​​កាន់​តែ​យល់​ និង​ដឹង​ច្បាស់​អំពី​ប្រទេស​កម្ពុជា​។ អាច​និយាយ​បាន​ថា​អ្នក​ស្រី​ ដូចជា​កំពុង​តែ​ផលិត​ខ្សែ​ភាពយន្ត​មួយ​នេះ​នៅ​កម្ពុជា​ដូ​ច្នោះ​ដែរ ហើយ​វា​ជា​ចំណែក​មួយ​សម្រាប់​គ្រួសារ​អ្នក​ស្រី​ សម្រាប់​ប្រទេស​កម្ពុជា ជា​ពិសេស​សម្រាប់​ Maddox ដែរ។

ជាក់​ស្តែង​តាម​រយៈ​ភាពយន្ត​មួយ​នេះ​ Angelina Jolie ថា​ ពួកគេ​អាច​រៀន​សូត្រ​ថា​គេ​ជា​អ្នក​ណា​ ហើយ​បាន​ស្គាល់​ពី​ជាតិ​សាសន៍​របស់​គេ៕

ស្តាប់​វីដេអូ​សម្ភាសន៍​ពិសេស​រវាង​ក្រុម​ការងារ​ Sabay ជាមួយ​ អ្នក​ស្រី អ៊ឹង​ លួង៖

អត្ថបទ៖ ថា ម៉ាលីដា