កុមារី​អាយុ​៦ឆ្នាំ​​ ក្លាយ​ជា​គ្រូពេទ្យ​ជួយ​សង្គ្រោះ​​​​​ ថែម​ទាំង​និយាយ​គួរ​ឲ្យ​ស្ងើច​

  • 2017-03-07 01:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី​អាយុ​​ទើប​តែ​៦​ឆ្នាំ​ម្នាក់ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​​ចាប់​អារម្មណ៍​តាម​រយៈ​ការ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ជា​មនុស្ស​ធំៗ​ជា​មួយ​ឪពុកម្ដាយ។

កុមារី​នេះ​មាន​ឈ្មោះ​ កាទូន ​ជា​កូន​​របស់​អ្នក​បើក​រថយន្ត​ជួយ​សង្គ្រោះ ​និង​ម្ដាយ​ជា​គ្រូពេទ្យ​មធ្យម។ នាង​​ចាប់​ផ្ដើម​ជួយ​សង្គ្រោះ​ចាប់​តាំង​ពី​អាយុ​នៅ​​ ២​ឆ្នាំ​មក​ម្ល៉េះ។ កាទូន ​រស់​​នៅ​ខេត្ត​ណាក់ខន រាជសីម៉ា ប្រទេស​ថៃ ​ត្រូវ​បាន​គេ​ឃើញ​ដើរ​ជួយ​អ្នក​ជំងឺ​ជាមួយ​ឪពុកម្ដាយ​​ទាំង​មិន​រារែក និង​ឃើញ​រូប​ភាព​​ហូរ​ឈាម ខ្លះ​រហូត​ដល់​អ្នក​ជំងឺ​ស្លាប់​​នៅ​មុខ​ក៏​មាន ​​​តែ​នាង​មិន​រាថយ​ឡើយ។

បើ​តាម​ប្រភព​ពី​​ឪពុក​របស់​​ កាទូន​ បង្ហើប​​ឲ្យ​ដឹង​ថា "​នាង​​ចាប់​ផ្ដើម​​ដើរ​ជួយ​សង្គ្រោះ​ជា​មួយ​ពួក​យើង​​ជា​ការងារ​ស្ម័គ្រចិត្ត​​តាំង​ពី​អាយុ​២​ឆ្នាំ នាង​ដើរ​តាម​យើង​ ហើយ​ចែក​អាហារ​ដល់​ជន​រង​គ្រោះ​ទឹក​ជំនន់​​ផង។ នាង​ពេញ​ចិត្ត​​នឹង​ជួយ​អ្នក​ដទៃ ដោយ​មិន​ដែល​ត្អូញត្អែរ​ទេ។"

ដ្បិតតែ កាទូន ​មិន​ទាន់​ដឹង​ថា ​ទង្វើ​បែប​នេះ​​ជា​សកម្មភាព​ដ៏​​មាន​តម្លៃ​ក្ដី នាង​​នៅ​តែ​ជួយ​អ្នក​​របួស​ជានិច្ច។ កាទូន និយាយ​ថា​ "​​ខ្ញុំ​ចាំ​មិន​បាន​ថា​​ នៅ​ពេល​ណា​ខ្ញុំ​ចាប់​ផ្ដើម​សកម្មភាព​បែប​នេះ ​ប៉ុន្តែ​​ខ្ញុំ​ចាំ​ឪពុក​ម្ដាយ​ខ្ញុំ​តែង​តែ​យក​ខ្ញុំ​ទៅ​ជាមួយ​ជានិច្ច​ ​បង្រៀន​ខ្ញុំ​របៀប​ព្យាបាល​​របួស និង​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ជាមួយ​​គ្រូ​ស្ម័គ្រចិត្ត​ផង។ បន្ទាប់​មក​ខ្ញុំ​ដឹង​ និង​ចាប់​ផ្ដើម​រៀន​ជួយ​អ្នក​ដទៃ។​"

កាទូន​បន្ត "​មនុស្ស​ជា​ច្រើន​ហាក់​ចូល​ចិត្ត​ខ្ញុំ​ណាស់។ ​ពួក​គេ​បបួល​ខ្ញុំ​ថត​​ជាមួយ​ និង​ឲ្យ​ប្រាក់​បន្តិច​បន្តួច​ទិញ​នំ​ញ៉ាំ​​ក៏​មាន តែ​ខ្ញុំ​យក​ប្រាក់​ទាំង​នោះ​​ជូន​អ្នក​ក្រ ​និង​មនុស្ស​ចាស់​បន្ត​ទៀត។"

អ្វី​ដែល​គួរ​ឲ្យ​ស្ងើចសរសើរ ​គឺ​នាង​មិន​ដែល​ភ័យខ្លាច​ពេល​​ឃើញ​ឈាម ​សាកសព ឬ​ខ្មោច​ឡើយ។ គេ​សួរ​ថា​ហេតុ​អ្វី​​មិន​ខ្លាច នាង​ឆ្លើយ​ទាំង​ជ្រួញ​ចិញ្ចើម​ថា "ខ្ញុំ​មិន​​ខ្លាច​ខ្មោច​ទេ យើង​មិន​ដែល​ឃើញ​ផ្ទាល់​ភ្នែក​សូម្បី​តែម្ដង តែ​ខ្ញុំ​បាន​ឃើញ​សាកសព​តាំង​ពី​នៅ​តូច​ និង​ស៊ាំ​ទៅ​ហើយ។ ប៉ាខ្ញុំ​ប្រាប់ថា ​យើង​មិន​ត្រូវ​​ខ្លាច​​ទេ​​ព្រោះ​យើង​​មក​ទី​នេះ​​ គឺ​ដើម្បី​ជួយ​ពួក​គេ៕"

ប្រភព៖ CCTV   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី