រាជធានីភ្នំពេញ បង្ហាញលម្អិតក្នុងសៀវភៅមួយក្បាលដោយអ្នកនិពន្ធអាល្លឺម៉ង់
- 2017-03-15 10:47:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជធានីភ្នំពេញ បង្ហាញលម្អិតក្នុងសៀវភៅមួយក្បាលដោយអ្នកនិពន្ធអាល្លឺម៉ង់
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា ត្រូវបានរៀបរាប់លម្អិតតាមរយៈរូបភាព អមដោយសំណេរខ្លីៗនៅក្នុងសៀវភៅមួយក្បាលកម្រាស់ជាង ២០០ទំព័រ រៀបរៀងដោយការីនិពន្ធជនជាតិអាល្លឺម៉ង់ Michael Waibel និងសហការីមួយចំនួនទៀត ដែលត្រូវចំណាយពេលប្រមាណមួយឆ្នាំមកហើយ។
លោក Michael Waibel បានរំលឹកថា កាលពីឆ្នាំ១៩៩៦ លោកបានធ្វើដំណើរមកកម្ពុជាលើកដំបូង ហើយឃើញថាពេលនោះប្រទេសកម្ពុជាស្ថិតនៅក្នុងភាពក្រីក្រ និងគ្មានសុវត្ថិភាពឡើយ ប៉ុន្តែ ២១ឆ្នាំក្រោយ ប្រទេសអាស៊ានមួយប្រែមុខមាត់យ៉ាងខ្លាំង ជាពិសេសលើសំណង់អគារ និងរបៀបរស់នៅជាដើម។ ដូចនេះហើយ ទើបលោកមានគំនិតបង្កើតសៀវភៅនេះឡើង ដើម្បីបង្ហាញឲ្យឃើញពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។
បណ្ឌិតផ្នែកភូមិវិទ្យារូបនេះ បានលើកឡើងដោយសង្ខេបថា សៀវភៅ “Phnom Penh Capital City" ចែកចេញជា ៦ផ្នែកសំខាន់ៗ រៀបរាប់ពីទិដ្ឋភាពពីខាងលើនៃទីក្រុងភ្នំពេញ ការផ្លាស់ប្ដូរតាមពេលវេលា ស្ថាបត្យកម្ម និងលំនៅឋាន ប្រជាជននៅក្នុងទីក្រុង ដួងព្រលឹងនៃទីក្រុង និងបណ្ដុំរូបភាពតូចៗនៅក្នុងទីក្រុងភ្នំពេញ ដែលផ្នែកទាំងអស់នេះ សុទ្ធតែប្រមូលផ្ដុំដោយរូបភាពពិសេសៗ ពីអ្នកថតរូបប្រមាណ ២០នាក់។
លោក Michael Waibel ក៏បានសរសើរពីស្នាដៃ របស់បិតាស្ថាបត្យកម្មខ្មែរ លោកតា វណ្ណ ម៉ូលីវណ្ណ ដែលបានធ្វើឲ្យប្រទេសកម្ពុជាឈានដល់ចំណុចកំពូលក្នុងវិស័យស្ថាបត្យកម្ម និងមានសំណង់តំណាងជាតិជាច្រើនក្នុងរាជធានីភ្នំពេញ ហើយលោកក៏សង្ឃឹមថានឹងមានយុវជនជំនាន់ក្រោយអាចធ្វើបានដូចនោះម្ដងទៀត ដើម្បីជួយរាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនឡើង។
ចំណែកលោក Laurent Genet ប្រធានក្រុមហ៊ុន Audi Cambodia ដែលជាអ្នកឧបត្ថម្ភចំពោះការបោះពុម្ពសៀវភៅខាងលើ បាននិយាយថា ភ្នំពេញកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយអគារទំនើបៗជាច្រើនកំពុងតែលេចខ្លួនឡើងនៅរាជធានីភ្នំពេញ។ ដូចនេះ លោកពិតជាមានភាពរីករាយដែលបានឧបត្ថម្ភការបោះពុម្ពផ្សាយសៀវភៅនេះ ហើយវាក៏មិនមែនជាលើកទី១ ដែរ ព្រោះពីមុនមកក្រុមហ៊ុន Audi ធ្លាប់ចូលរួមពុម្ពសៀវភៅបង្ហាញទីក្រុងនានា ដូចជានៅប្រទេសវៀតណាមជាដើម។
សៀវភៅ “Phnom Penh Capital City" នឹងត្រូវដាក់លក់ឆាប់ៗនេះ នៅតាមបណ្ណាគារនានា និងតាមតូបលក់សៀវភៅ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕