​អ្នក​​សណ្តាន់​​ខេត្ត​ក្រចេះ​កំពុង​ដុត​ដៃ​ជើង​ធ្វើ​ទី​លាន​បាល់ទាត់​ផ្ទាល់​ខ្លួន​

  • 2017-03-16 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ឃុំ​សណ្តាន់​ខេត្ត​ក្រចេះ​កំពុង​រ៉ៃ​អង្គាស​ប្រាក់​ និង​ស្នើ​សុំ​ដល់​សប្បុរស​ជន​នានា​​ដើម្បី​ធ្វើ​ទី​លាន​បាល់ទាត់​សមរម្យ​មួយ​សម្រាប់​បម្រើ​ដល់​វិស័យ​កីឡា​បាល់ទាត់​នៅ​តំបន់​នេះ​ បន្ទាប់​ពី​សកម្មភាព​បាល់ទាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ផុលផុស​ទៅ។

លោក​ ព្រីម មេធានី​ ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​សណ្តាន់​ និង​ប្រធាន​ក្រុម​បាល់ទាត់​សណ្តាន់​អេហ្វស៊ី​បាន​ឲ្យ​ដឹង​ថា ទីលាន​បាល់ទាត់​សណ្តាន់​ដែល​កំពុង​រៀប​ចំ​ធ្វើ​នេះ​ស្ថិត​នៅ​ភូមិ​សណ្តាន់​ ឃុំ​សណ្តាន់​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​​គឺ​ក្នុង​បរិវេណ​បឋម​សិក្សា​សណ្តាន់​២​ ក្រោយ​វត្ត​សណ្តាន់។ ដើម​ឡើយ​រូប​គេ​ជា​អ្នក​បង្កើត​ក្រុម​បាល់ទាត់​ សណ្តាន់​ យូណាយធីត (Sandan United ​ឥឡូវ​ប្តូរ​ឈ្មោះ​​ជា​ Sandan FC វិញ)​ ​កាល​ខែ​កក្កដា​ ឆ្នាំ​២០១៥​ និង​ចាប់​ផ្តើម​ជួស​ជុល​ទីលាន​ឡើង​វិញ។

លោក​ មេធានី​និយាយ​ថា ៖«ដំបូង​ ខ្ញុំ​​​បាន​ផ្សព្វផ្សាយ​រក​ជំនួយ​តាម​Facebook​ ដោយ​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​បង្កើត​ក្លឹប​ គឺ​ការ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ ដែល​កំពុង​ញាំញី​យុវជន​នៅ​តាម​ភូមិ​ឃុំ​របស់​ពួក​ខ្ញុំ»។ គ្រូ​បង្រៀន​រូប​នេះ​​បន្ត​ថា ពួក​គាត់​​បាន​លើក​ពាក្យ​ស្លោក​ថា​ «លេង​បាល់ទាត់​ ទាត់​ចោល​គ្រឿង​ញៀន"​ និង​ "កីឡា​នាំ​មក​នូវ​សុខភាព​ មិត្តភាព​ និង​សាមគ្គីភាព»។ ក្រោយ​មក​ សប្បុរស​ជន​ជិត​ឆ្ងាយ​​បាន​ចាប់​អារម្មណ៍​ ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ បាល់​ សំណាញ់​ និង​ក្លូ​ជា​ដើម។ បន្ទាប់​មក​ពួក​គាត់​បាន​ទិញ​ឈើ​មក​ធ្វើ​បង្គោល​ទី​ ទិញ​ដី​ និង​ខ្សាច់​មក​លុប​ថ្លុក។

សម្រាប់​ការ​ធ្វើ​ទី​លាន​នេះ​ ពួក​គាត់​បាន​ជួប​ការ​លំបាក​ច្រើន​ដូច​ជា ​ទី​លាន​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ទំនាប​ពេក​ ងាយ​លិច​ទឹក​នៅ​រដូវ​វស្សា។ ផ្នែក​ខាង​លិច​ទាប​ជាង​ខាង​កើត​ តម្រូវ​ឱ្យ​ចាក់​ដី​បំពេញ​ឱ្យ​ស្មើ។ផ្នែក​ខាង​លិច​ទីលាន​មាន​ស្រះ​ទឹក​ និង​ខាង​កើត​ជាប់​នឹង​អូរ​សណ្តាន់​​ដែល​ ធ្វើ​ឱ្យ​ខូច​ខាត​និង​បាត់​បាល់​ជា​ច្រើន។ វាជា​កន្លែង​គោ​ក្របី​ឆ្លង​កាត់​ដែល​បង្កើត​ឱ្យ​មាន​ថ្លុក​តូច​ៗ​ក្នុង​ទីលាន។

បច្ចុប្បន្ន​​ទាំង​ក្រុម​បាល់ទាត់​សណ្ឋាន់ យុវជន​ និង​អ្នក​ភូមិ​កំពុង​រៀប​ចំ​គម្រោង​ជួសជុល​បន្ថែម​ទៀត​គឺ

  • ចាក់​ដី​ចំនួន​ ១០០​ឡាន​ ត្រូវ​ចំណាយ​ថវិកា​ ២៥០០​០០០​រៀល​
  • ធ្វើ​សំណាញ់​ (បង្គោល​ដែក)​ បាំង​បាល់​កុំ​ឱ្យ​ធ្លាក់​ចូល​ស្រះ​ និង​ទឹក​អូរ​​ដែល​ត្រូវ​ចំណាយ​ប្រហែល​ ១​២០០​០០០​រៀល។
  • បង្គោល​ទី​ធ្វើ​ពី​ដែក​ និង​សំណាញ់​ទី​ដែល​ត្រូវ​ចំណាយ​ប្រហែល​ ៤០០​០០០​រៀល។

សរុប​គម្រោង​ចំណាយ​ខាង​លើ​ទាំង​អស់​ចំនួន​៤​១០០​០០០​រៀល។ រហូត​ដល់​ពេល​នេះ​ ពួក​គាត់​ទទួល​បាន​ប្រាក់​ពី​សប្បុរស​ជន​ចំនួន​១​៨១០​៧០០​រៀល​ហើយ៕

អត្ថបទ៖ ជាន ចាន់រ៉ា