ហ៊ិន ចាន់នីរ័ត្ន​ បញ្ជាក់​ពីអវត្តមាន​​លើ​​វិស័យ​ភាពយន្ត

  • 2017-03-20 03:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត ហ៊ិន ចាន់នីរ័ត្ន បាត់​មុខ​លើ​វិស័យ​ភាពយន្ត​ជាង​២ឆ្នាំ​​មក​ហើយ អវត្តមាន​ពី​​វិស័យ​នេះ ត្រូវ​បាន​នាង​បញ្ជាក់​ថា មិន​មែន​មក​ពី​ខ្លួន​ឈប់​ថត​ ឬ​ផលិតកម្ម​ឈប់​ហៅ​ឡើយ ពោល​មក​ពី​មិន​មាន​ពេល​គ្រប់​គ្រាន់ និង​តម្លៃ​​ថត មិន​ត្រូវ​ថ្លៃ​គ្នា។

តារា​ស្រី​ខាង​លើ​ប្រាប់​ថា មាន​ផលិតករ​ច្រើន​​បាន​ទាក់​ទង ចង់​​បាន​នាង​ទៅ​ថត​ភាពយន្ត​ឲ្យ​ប៉ុន្តែ ខ្លួន​​មិន​មាន​ពេល​គ្រប់គ្រាន់ ត្បិត​អី​រាល់​ថ្ងៃ​​ត្រូវ​កាន់​កម្មវិធី​ច្រើន​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន។ "១អាទិត្យ​ខ្ញុំ​មាន​ការងារ​ប៉ុស្តិ៍ ៣ទៅ៤ថ្ងៃ​ហើយ ពេល​ខ្លះ​ចុះ​ទៅ​ខេត្ត​ទៀត បើ​​ថត​រឿង​វិញ​​​គេ​ចង់​បាន​ខ្ញុំ​ថត​ច្រើន​ថ្ងៃ អីចឹង​​​ប៉ះពាល់​ការងារ ខ្ញុំ​អត់​ទទួល​ទេ"។ ហ៊ិន ចាន់នីរ័ត្ន ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​​ដែល​ជជីក​សួរ ​​គ្រា​ដែល​តារា​ស្រី​រូប​នេះ​ទៅ​ចូល​រួម​សម្ពោធ​ហាង លោក ស៊ិនឌី ។

ពិធី​ការិនី​ក្នុង​កម្មវិធី "ឆាច ឆាច ឆា "បន្ត​ថា មិន​ត្រឹម​តែ​មិន​មាន​ពេល​នោះ​ឡើយ រឿង​ខ្លះ​​​ដែល​​អាច​​លៃ​ពេល​ទៅ​​ថត​បាន ខាង​ផលិតកម្ម​ឲ្យ​តម្លៃ​​ទាប​ពេក ក៏​អត់​ថត​តែ​ម្ដង​ទៅ។ ហ៊ិន ចាន់នីរ័ត្ន ​មិន​បាន​បញ្ចេញ​តម្លៃ​ខ្លួន​នាង ពី​ការ​ថត​ភាពយន្ត​នោះ​ទេ។

បច្ចុប្បន្ន​តារា​ស្រី​រូប​នេះ​មាន​បំណង​ចង់​ថត​ភាពយន្ត​ឡើង​វិញ ព្រោះ​ប្រជាប្រិយភាព​​មិន​អាច​ពឹង​តែ​លើ​ពិធី​ការិនី​មួយ​មុខ​ឡើយ។ ជា​មួយ​​ការ​ផ្ដល់​តម្រុយ​នេះ នីរ័ត្ន​នៅ​តែ​ដាក់​លក្ខខ័ណ្ឌ​លើ​តម្លៃ​ខ្លួន​ដដែល មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផលិតករ​ដែល​ចង់​បាន​នាង​ទៅ​សម្ដែង ក៏​ត្រូវ​តែ​មាន​សាច់​រឿង​ល្អ ​ធ្លាប់​មាន​បទពិសោធន៍​ដឹក​នាំ​​សម្ដែង​​ផង​ដែរ។" ខ្ញុំ​ចង់​ថត តែ​មុន​ថត ខ្ញុំ​ក៏​ត្រូវ​ពិនិត្យ​មើល​សាច់​រឿង​សិន រឿង​តួឯក​មិន​បាច់​និយាយ ព្រោះ​អ្នក​ដឹក​ដឹង​ហើយ​ថា ខ្ញុំ​សម្ដែង​តួឯក​យូរហើយ" ហ៊ិន ចាន់នីរ័ត្ន បញ្ជាក់​បន្ថែម។

តាម​ការ​លើក​ឡើង​របស់ កញ្ញា ហ៊ិន ចាន់នីរ័ត្ន តារា​ស្រី​រូប​នេះ ធ្លាប់​បាន​សម្ដែង​ភាពយន្ត៣​ទៅ​រឿង​​មក​ហើយ ប៉ុន្តែ​នាង​មិន​បាន​ចាំ​ឈ្មោះ​រឿង​ដែល​ធ្លាប់​សម្ដែង​នោះ​ទេ។ហ៊ិន ចាន់នីរ័ត្ន បច្ចុប្បន្ន​គឺ​ជា​បុគ្គលិក​​​​កុងត្រា​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន រាល់​ថ្ងៃ​នាង​កាន់​កម្មវិធី​ចំនួន៤ គឺ​កម្មវិធី "ឆាច ឆាច ឆា ", "ពិភព​រីករាយ","វិស្សមកាល​តន្ត្រី", និង”The Style”៕

អត្ថបទ៖ ស៊ុនហួត