រង់ចាំ​មនុស្ស​ម្នាក់​ដែល​គេ​មិន​ស្រឡាញ់​យើង ដូច​កាប់បំពង់​រង់ចាំ​ទឹក​ភ្លៀង

  • 2017-03-27 08:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​ដែល​កើត​ចេញ​តែ​ម្ខាង​ គឺ​ឈឺ​ចាប់​ខ្លាំង​ណាស់​ ហើយ​កាន់​តែ​ឈឺ​ថែម​ទៀត​ពេល​ដែល​ស្រឡាញ់​គេ​​តែ​មិន​ហ៊ាន​ហើប​មាត់​ប្រាប់​ ព្រោះ​ជា​ស្នេហា​ដែល​គ្មាន​សង្ឃឹម ស្នេហា​ដែល​សោកសៅ​បំផុត​ ប្រៀប​ដូច​ត្រី​ក្នុង​ភក់​កំពុង​រង់ចាំ​ទឹក​ភ្លៀង​យ៉ាង​ដូច្នោះ​ដែរ​។

ភាព​ឈឺ​ចាប់​​អាច​បញ្ចេញ​បាន​តាម​រយៈ​ទឹក​ភ្នែក ​តែ​ភាព​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ទៀត​នោះ គឺ​ឈឺ​ចាប់​ក្នុង​ចិត្ត​សុខចិត្ត​មិន​សម្រក់​ទឹកភ្នែក​។ ​បើ​អ្នក​មិន​បាន​ស្រឡាញ់​ខ្ញុំ​ ហេតុ​អ្វី​អ្នក​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​ខ្ញុំ​ធ្វើ​អី? ហេតុអ្វី​ទង្វើ​របស់​អ្នក​ធ្វើ​ឱ្យ​ខ្ញុំ​យល់​ច្រឡំ​បែប​នេះ​? ទម្រាំ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​មាន​ចំណែក​មួយ​សូម្បី​ប៉ុន​ក្រចក​ក្នុង​បេះដូង​អ្នក គឺ​វា​បាន​ធ្វើ​ឱ្យ​ក្មេង​ស្រី​​ម្នាក់​ឈឺ​ចាប់​ស្ទើរ​ស្លាប់​ទៅ​ហើយ​។ ខ្ញុំ​តែង​មាន​កូន​ចិត្ត​មួយ​រំពឹង​ថា​អ្នក​ក៏​ស្រឡាញ់​ខ្ញុំ​ដែរ​ តែ​នៅ​បំផុត​មាន​តែ​ខ្ញុំ​ជា​មនុស្ស​ល្ងង់ មនុស្ស​ភ្លើ​បំផុត ដែល​ត្រដរ​ចាំ​អ្នក​ផ្ដល់​ក្ដី​ស្រឡាញ់​ឱ្យ​ខ្ញុំ​។

​ស្នេហា​របស់​ខ្ញុំ​កើត​ឡើង​​មិន​មែន​មាន​តែ​ខ្ញុំ​ម្នាក់​នោះ​ទេ ពី​ដំបូង​ឡើយ​ខ្ញុំ​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​មួយ ហើយ​ក៏​បាន​ស្គាល់​មនុស្ស​ប្រុស​ម្នាក់​ជា​មិត្ត​រួម​ការងារ​នឹង​គ្នា។ ថ្ងៃ​ដែល​ខ្ញុំ​ចូល​ធ្វើ​ដំបូង​ក្នុង​នាម​ជា​បុគ្គលិក​ហាត់​ការ​ម្នាក់​មាន​តែ​គេ​នេះ​ហើយ​ ជា​អ្នក​និយាយ​រក​ខ្ញុំ​មុន​អ្នក​ណាៗ​ទាំង​អស់ ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ចូលចិត្ត​គេ​តាំង​ពី​ថ្ងៃ​នោះ​មក។ ​បន្តបន្ទាប់​មក​ទៀត គេ​តែង​មក​ប្រាប់​ពី​របៀប​ធ្វើ​ការងារ​ដល់​ខ្ញុំ បង្រៀន​ខ្ញុំ​ឱ្យ​ចេះ​ធ្វើ​ការ ចេះ​សម្រប​ខ្លួន​ក្នុង​បរិយាកាស​ក្នុង​ក្រុមហ៊ុន អាច​និយាយ​បាន​ថា គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​សព្វ​គ្រប់​បែប​យ៉ាង​ទាំង​មិន​ដែល​ស្គាល់​គ្នា​ពី​មុន​សោះ​។

ពី​ដំបូង​ខ្ញុំ​ក៏​គ្មាន​ចាប់​អារម្មណ៍​លើគេ​លើស​ពី​មិត្ត​រួមការងារ​ដែរ តែ​ក្រោយ​ខ្ញុំ​បាន​ធ្វើ​ការ​រួម​គ្នា​មួយ​រយៈ​ទើប​ខ្ញុំ​ស្គាល់​ពី​គេ​ច្បាស់ គេ​ជា​មនុស្ស​ពូកែ មាន​សមត្ថភាព​អ្នក​ណាៗ​ក៏​ចូលចិត្ត។ ហេតុផល​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​គេ​បន្តិច​ម្ដងៗ បូករួម​ទាំងការយក​ចិត្ត​ទុកដាក់​ខ្វល់ខ្វាយ​ពី​ខ្ញុំ រហូត​ធ្វើ​ឱ្យ​ខ្ញុំ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​គេ។ ​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​តែង​ប្រញាប់​ទៅ​ធ្វើ​ការ​ពី​ព្រលឹម​ដើម្បី​ជួប​មុខ​គេ​ តែង​ចង់​នៅ​ក្បែរ​គេ ចង់​ញ៉ាំ​បាយ​ជា​មួយ​គេ និយាយ​ទៅ​ចង់​ក្លាយ​ជា​សង្សារ​គេ​តែ​ម្ដង​។ ​រាល់​ទង្វើ​របស់​គេ បាន​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា គេ​ក៏​ចាប់​អារម្មណ៍​ចំពោះ​ខ្ញុំ​ដែរ ហើយ​តែង​គិត​ថា​ថ្ងៃ​ណា​មួយ​គេ​នឹង​សារភាព​ស្រឡាញ់​ខ្ញុំ​។

តែ​អ្វីៗ​ខុស​ស្រឡះ​ ការ​ទន្ទឹង​ចាំ​ក្ដី​ស្រឡាញ់​ពី​គេ គឺ​ខុស​ហើយ ​គេ​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ ​តែ​បើ​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ ហេតុអី​ធ្វើ​ឱ្យ​យល់​ច្រឡំ​ធ្វើ​អី​ បើ​អ្នក​មិន​មក​រវីរវល់​ជាមួយ​ខ្ញុំ​តាំង​ពី​ដំបូង ខ្ញុំ​ក៏​មិន​ស្រឡាញ់​អ្នក​ដែរ​ តែ​នេះ​ទង្វើ​របស់​អ្នក​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា អ្នកស្រឡាញ់​ខ្ញុំ​។ ​ឥឡូវ​​នេះឱ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ទៅ បើ​ពេល​នេះ​ក្នុង​បេះដូង​ខ្ញុំ​មាន​តែ​អ្នក​ បំភ្លេច​អ្នក​មិន​បាន​ទេ ហើយ​ក៏​គ្មាន​អ្វី​មក​ផ្សះផ្សា​ការ​ឈឺ​ចាប់​នេះ ក្រៅ​តែ​រូប​អ្នក​ដែរ​ បើ​ទោះ​ជា​ខ្ញុំ​​ដឹង​ថា​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​មិត្ត​រួម​ការងារ​ក៏​ដោយ​តែ​បេះ​ដូង​នេះ វា​ស្រែក​ហៅ​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​។

បើ​ដឹង​ថា ខ្ញុំ​ចូល​មក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ហើយ​ជួប​រឿង​បែប​នេះ ខ្ញុំ​សុខ​ចិត្ត​មិន​មក​ធ្វើ​ក៏​បាន​ តែ​ពេល​នេះ​ អ្នក​នឹង​លែង​ឃើញ​ខ្ញុំ​ជា​រៀង​រហូត​ហើយ ខ្ញុំ​សម្រេច​ចិត្ត​ហើយ​ថា ខ្ញុំ​នឹង​ដាក់​ពាក្យ​ប្រឡង​យក​អាហារូបករណ៍​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ ដើម្បី​បំភ្លេច​រឿង​គ្រប់​យ៉ាង​ឱ្យ​អស់​។ ពេល​នេះ​ខ្ញុំ​ដឹង​ហើយ​ថា ការ​រង់​ចាំ​មនុស្ស​ម្នាក់​ឱ្យ​គេ​មក​ស្រឡាញ់​យើង​ គឺ​ពិបាក​ខ្លាំង​ជាង​សុំ​ភ្លើង​ពី​ព្រះឥន្ទ​ទៅ​ទៀត​។

ខ្ញុំ​ចង់​ផ្ដាំ​ទៅ​អ្នក​ទាំង​អស់​គ្នា​ថា ស្រឡាញ់​មនុស្ស​ម្នាក់​ដែល​គេ​គ្មាន​យើងក្នុងបេះដូង គឺ​វា​ឈឺ​ចាប់​ណាស់ យក​ល្អ​កុំ​បណ្ដោយ​ខ្លួន​ឱ្យ​ដូច​ខ្ញុំ​អី ព្រោះ​ខ្ញុំ​ក្នុង​ពេល​នេះ​មិន​មែន​ជា​ខ្ញុំ​ពី​មុន​ដែល​ធ្លាប់​តែ​សប្បាយ​ទៀត​ទេ សូម្បី​ហ្វេស​ប៊ុក​ក៏​ចង់​ប្លុក​ចោល​ឈប់​លេង​ទៀត​ដែរ​។ ​បើ​មាន​ស្នេហា​ត្រូវ​មាន​ជា​មួយ​មនុស្ស​ដែល​គេ ស្រឡាញ់​យើង ដូច​ដែលយើង​ស្រឡាញ់​គេ​ដែរ​ ទើប​មិន​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់​៕

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: thor.chanreth@sabay.com

ឬទូរសព្ទទៅកាន់លេខ 015 828 595 ​ ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា

អត្ថបទ៖ មនុស្សទន់ខ្សោយ

អត្ថបទពេញនិយម
អត្ថបទថ្មី