​ហេតុផល​ ៦ យ៉ាង​​មនុស្សស្រីគួរ​ពិចារណា​ឱ្យ​ច្បាស់​មុន​ចង់​យក​ប្ដី​ចិត្ត​ឯង

  • 2017-04-06 01:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើស​រើស​គូស្រករ​ គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​ ហើយ​ការ​សម្រេច​សម្រេច​ចិត្ត​ជ្រើស​រើស​នរណា​ម្នាក់​ដើរ​រួម​ផ្លូវ​ជីវិត​កាន់​តែ​សំខាន់​ទៀត​។ ការ​សម្រេច​ចិត្ត​ជ្រើស​រើស​គូស្រករ​ក្នុង​សង្គម​បច្ចុប្បន្ន​កូន​ស្រី​មាន​សិទ្ធ​ក្នុង​ការ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​ មិន​មែន​សម័យ​កាល​នំ​មិន​ធំ​ជាង​នាឡិ​ទៀត​ទេ​។ ​ដូច្នេះ​​ប្រសិន​បើ​កូន​ស្រី​​សម្រេច​ចិត្ត​ជ្រើស​រើស​គូស្រករ​ដោយ​ខ្លួន​ឯង​ទាំង​ស្រុង​អាច​មាន​ឥទ្ធិពល​អ្វី​ខ្លះ​?​​​

១. ​អារម្មណ៍​ស្រឡាញ់​ខ្លាំង​ឃើញ​អ្វី​ក៏​ល្អ

តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី វី សុធារី ​ទើប​តែ​រៀបការ​ហើយ​ថ្មីៗ បាន​និយាយ​ថា ​ហេតុផល​មួយ​ដែល​មិន​គួរ​យក​ប្ដី​តាម​ចិត្ត​ខ្លួន​ឯង​ទាំង​ស្រុង​នោះ ព្រោះ​នៅ​ពេល​ដែល​ស្រឡាញ់​មនុស្ស​ម្នាក់​ងប់ងុល​ខ្លាំង​ឃើញ​អ្វី​ក៏​ល្អ ដូច​ពាក្យ​ គេ​និយាយ​ថា "ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ"។

​ស្រ្តី​ទើប​តែ​ចូល​រោង​ការ​ហើយ​ថ្មីៗ​នេះ លើក​ឡើង​ថា មុន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​ណា​​ម្នាក់ មិន​គួរ​មើល​ឃើញ​តែ​ចំណុច​ល្អ​រហូត​លែង​មើល​ឃើញ​ចំណុច​អវិជ្ជមាន​នោះ​ទេ លុះ​រៀបការ​ហើយ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា​។ ​ដូច្នេះ​គួរ​តែ​ផ្ដល់​ឱកាស​ឱ្យ​គ្រួសារ​ជា​អ្នក​ជួយ​ប្រឹក្សា​យោបល់ និង​សិក្សា​ពី​បុរស​ម្នាក់​នោះ​ផង​ ក៏​មិន​មាន​ជា​បញ្ហា​អ្វី​ដែរ​ ប្រសិន​បើ​ម្នាក់​នោះ​ពិត​ជា​មនុស្ស​ល្អ​មែន​។

២. ​ពេល​មាន​បញ្ហា​មិន​សូវ​ហ៊ាន​រត់​រក​ឪពុកម្ដាយ

អ្នក​ស្រី វី សុធារី ដដែល​បន្ត​ទៀត​ថា ​ជា​ធម្មតា​ចំពោះ​មនុស្ស​ស្រី​ដែល​ហ៊ាន​សម្រេច​ចិត្ត​យក​ប្ដី​ តាម​ចិត្ត​ខ្លួន​ឯង​ គឺ​ប្រាកដ​ជា​ជា​ជឿ​ជាក់​ខ្លាំង​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​។ ​ដូច្នេះ​ហើយ​ក្នុង​នាម​ជា​កូន​ស្រី​ក៏​ត្រូវ​​តែ​ពិភាក្សា​ជាមួយ​ឪពុក​ម្ដាយ​ឱ្យ​ច្បាស់​លាស់​ដែរ ពីព្រោះ​ទៅ​ថ្ងៃ​ក្រោយ​ប្រសិន​បើ​មា​បញ្ហា​អី​មាន​គ្រួសារ​ផ្ដល់​កម្លាំង​ចិត្ត និង​ជួយ​ដោះ​ស្រាយ​។ ​ប៉ុន្តែ​ផ្ទុយ​មក​វិញ​ចំពោះ​កូន​ស្រី​ដែល​ជម្នះ​តែ​ចិត្ត​ខ្លួន​ឯង ពេល​មាន​បញ្ហា​អ្វី​ជា​មួយ​ស្វាមី​មិន​សូវ​ហ៊ាន​រត់​មក​រក​ឪពុកម្ដាយ​នោះ​ទេ ទោះ​បី​ជា​ឪពុកម្ដាយ​មិន​មាន​បញ្ហា​អ្វី​ក៏​ដោយ​។

៣. ​ខាង​ប្រុស​ងាយ​នឹង​បន្ទាប​តម្លៃ

មក​ដល់​ចំណុច ​នេះ​កញ្ញា សុជាតា និស្សិត​ជំនាញ​ International Business បាន​លើក​ឡើង​ថា ​នៅ​ពេល​ដែល​មាន​បញ្ហា​ក្នុង​គ្រួសារ អាច​ជា​ជម្លោះ​ទាស់ទែង​ពីរ​នាក់​ស្វាមី ភាគី​ខាង​ប្ដី​ប្រាកដ​ជា​មិន​ញញើត​ ឬ​ក្រែង​ចិត្ត​ចំពោះ​ភាគី​ខាង​ប្រពន្ធ​ទេ ព្រោះ​​អាច​មាន​ចិត្ត​មួយ​គិត​ថា នារី​ម្នាក់​ហ្នឹង​ជា​អ្នក​សម្រេច​ចិត្ត​រួមរស់​ជាមួយ​ខ្លួន​ដោយ​ខ្លួន​ឯង។ ​ដូច្នេះ​ហើយ​យក​ល្អ​គួរ​តែ កុំ​ជម្នះ​តែ​ចិត្ត​ខ្លួន​ឯង​ពេក ព្រោះ​បញ្ហា​ទាំង​អស់​នេះ​សុទ្ធ​តែ​អាច​កើត​ឡើង​បាន​ជៀស​មិន​ផុត​ទេ ក្នុង​ជីវិត​ប្ដី​ប្រពន្ធ​​។

៤. ប្រវត្តិ​សាវតារ

ត្រង់​នេះ​មាន​ន័យ​ថា ចាស់ៗ​អាច​ដឹង​រឿង​ប្រវត្តិ​សាវតារ​ពី​គ្រួសារ​ខាង​ប្រុស​ច្រើន តាម​រយៈ​ការ​ស្គាល់ ការ​រាប់​អាន​រវាង​ចាស់​ទុំ និង​ចាស់​ទុំ។ ​ដូច្នេះ​ឪពុកម្ដាយ​អាច​ដឹង​ពី​ប្រវត្តិ​សាវតារ​ច្រើន ពី​មនុស្ស​ក្នុង​សង្គម​ផង​ដែរ​។ ​ហេតុផល​នេះ​ហើយ ទោះ​ជា​បច្ចុប្បន្ន​កូន​ស្រី​អាច​មាន​សិទ្ធ​ក្នុង​ជ្រើស​រើស​គូស្រករ​យ៉ាង​ណា​ក៏​ដោយ ក៏​ចំណុច​នេះ​មិន​គួរ​​ធ្វេស​ប្រហែស​ដែរ​ ជម្រើស​ល្អ​បំផុត​ទុក​ឱ្យ​ចាស់ៗ​ជា​អ្នក​ស៊ើប​ប្រវត្តិ​គ្រួសារ​ភាគ​ខាង​ប្រុស​ផង​។ សុជាតា ​លើក​ឡើង​បន្ថែម​ទៀត​។​​

៥. ​ទំនាក់ទំនង​គ្រួសារ​ទាំង​ពីរ​មិន​ទាន់​ស៊ី​ជម្រៅ

ពេល​ខ្លះ​ការ​សម្រេច​ចិត្ត​រៀបការ​ភ្លាមៗ​ក្នុង​រយៈពេល​ខ្លី​ពេក គឺ​មិន​ទាន់​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​គ្រួសារ​ទាំង​ពីរ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ​។ ​ដូច្នេះ​ហើយ​គួរ​ទុក​ពេល​ឱ្យ​គ្រួសារ​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​សិន ​ព្រោះ​បើ​មាន​បញ្ហា​អី​ទៅ​ថ្ងៃ​ក្រោយ​ងាយ​ស្រួល​ដោះស្រាយ​គ្នា​។ ​ហេតុផល​នេះ​ហើយ​ទើប​កូន​ស្រី​មិន​គួរ​សម្រេច​ចិត្ត​ភ្លាម​បង្ខំ​ឱ្យ​ឪពុក​ម្ដាយ​កំណត់​ថ្ងៃ​រៀបការ​នោះ​ទេ​។ ​នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា ផល ធីតា និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។

​​ ៦. ​ហាក់​មើល​រំលង​ការ​សម្រេច​ចិត្ត​ឪពុកម្ដាយ

ចំណុច​ចុង​ក្រោយ​នេះ ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ​ចំពោះ​កូន​ស្រី​ក្នុង​ការ​បំពេញ​តួនាទី​ជា​កូន​ស្រី និង​បំពេញ​មុខ​មាត់​ជូន​ឪពុក​ម្ដាយ។ ឪពុកម្ដាយ​ដែល​ស្រឡាញ់​កូន​ខ្លាំង​ទោះ​បី​កូន​ទាមទារ​អ្វី​ក៏​យល់​ព្រម សូម្បី​រឿង​ជ្រើស​រើស​គូស្រករ​ក៏​ដោយ​។ ​ដូច្នេះ​ហើយ​បើ​សិន​ជា​ការ​សម្រេច​ចិត្ត​ទាំង​ស្រុង​ ដោយ​ខ្លួន​ឯង​ពេក ហាក់​មើល​រំលង និង​មិន​ផ្ដល់​ឱកាស​ឱ្យ​ឪពុក​ម្ដាយ​យ៉ាង​ដូច្នោះ​ដែរ​។ ធីតា បន្ថែម​៕​​ ​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី