រំជួលចិត្ត! អ្នកថតរូប​ស៊ីរី ទម្លាក់កាមេរ៉ាចុះ ចូលជួយ​ជីវិតក្មេង ក្នុងហេតុការណ៍​បំផ្ទុះគ្រាប់បែក

  • 2017-04-19 03:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប និង​ជា​សកម្មជន​ស៊ីរី​ម្នាក់ មាន​ឈ្មោះ​ថា Abd Alkader Habak ត្រូវ​បាន​គេ​កោតសរសើរ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​សន្ដានចិត្ត​ដ៏​ល្អ​របស់​លោក បន្ទាប់​ពី​សម្រេចចិត្ត​មិន​ថតរូប រួច​ទម្លាក់​កាមេរ៉ា​ចុះ រត់​ចូល​ទៅ​ជួយ​កុមារ​រងគ្រោះ នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក លើ​រថយន្ត​ក្រុង​ដឹក​ជនភៀសខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ។

លោក Abd Alkader Habak កំពុង​ជួយ​សង្គ្រោះ​កុមារ​ម្នាក់

លោក Habak បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន CNN ថា «ហេតុការណ៍​នោះ​ពិត​ជា​គួរ​ឲ្យ​រន្ធត់​ណាស់ ជា​ពិសេស​នៅ​ពេល​បាន​ឃើញ​កុមារ​ស្រែក​ទ្រហោ​យំ និង​ជិតស្លាប់ នៅ​ចំពោះ​មុខ​អ្នក»។ អ្នកថតរូប រូប​នេះ បាន​បន្ថែម​ថា «ដូច្នេះ ខ្ញុំ និង​មិត្ត​រួម​ការងារ បាន​សម្រេច​ចិត្ត ទុក​កាមេរ៉ា​មួយ​ឡែក ហើយ​ចាប់ផ្ដើម​ចូល​ជួយ​សង្គ្រោះ​ជនរងគ្រោះ​តែម្ដង»។

លោក Habak បាន​ចាប់​បី​ក្មេង​ប្រុស​ម្នាក់ ហើយ​រត់​សំដៅ​ទៅ​រក​រថយន្ត​សង្គ្រោះ​បន្ទាន់ ខណៈ​កុមារ​រងគ្រោះ​នៅ​ដក​ដង្ហើម ហើយ​បាន​ចាប់ដៃ និង​សម្លឹង​មើល​មុខ​លោក។

គួរ​បញ្ជាក់​ថា ហេតុការណ៍​ដ៏​សង្វេគ​ខាងលើ បាន​កើត​ឡើង​ក្រោយ​ពេល​រថយន្ត​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ បើក​បុក​ក្បួន​រថយន្ត​ក្រុង​ដឹក​ជន​ភៀស​ខ្លួន​ស៊ីរី​ចេញ​ពី​តំបន់​ប្រយុទ្ធ​គ្នា​ដ៏​ក្ដៅ​គគុក នៅ​ជិត​ទីក្រុង Aleppo បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ រហូត​ដល់​ទៅ ១២៦​នាក់ ហើយ​ក្នុង​នោះ​មាន​កុមារ​យ៉ាង​តិច ៦៨​នាក់៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី