អេហ្ស៊ីបរកឃើញម៉ាំមី ៣៥០០ឆ្នាំ​ចំនួន៨ គួរឲ្យ​ភ្ញាក់ផ្អើល

  • 2017-04-19 03:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មន្ត្រី​អេហ្ស៊ីប​បាន​គាស់កកាយ​រក​ឃើញ​ម៉ាំមី​ចំនួន​ ៨​ស្រោប​ថ្ម​លាប ១០​ពណ៌ និង​រូប​ចម្លាក់​តូច​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ផ្នូរ​អាយុ​កាល​ជាង​ ៣​៥០០​ឆ្នាំ​នៅ​ទីក្រុង Luxor។ ​នេះ​បើ​តាម​ក្រសួង​ផ្នែក​វត្ថុ​បុរាណ​បាន​ប្រកាស​​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ទី ១៨​មេសា។

បេសកកម្ម​បុរាណ​វិទូ​អេហ្ស៊ីប​នេះ ​បាន​រក​ឃើញ​មឈូស​ចំនួន​ ១០ ម៉ាំមី​ចំនួន ៨ ​ក្នុង​តំបន់ Draa Abul Nagaa នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ ក្នុង​នោះ​​មឈូស​ធំ​ជាង​គេ​មាន​រាង​អក្សរ​ធី (T) ​ដែល​គេ​ជឿ​ថា​ជា​របស់​ចៅក្រម​ប្រចាំ​ក្រុង​ឈ្មោះ Userhat សម័យ​អាណាចក្រ​ថ្មី និង​ជា​ប្រភេទ​ផ្នូរ​អភិជន​​តាំង​ពី​ឆ្នាំ ១៥០០ ដល់​ ១០០០​មុន​គ.ស។

​ពេល​ធ្វើ​កំណាយ​គេ​បាន​រើ​កម្ទេចកំទី​ចេញ​​យ៉ាង​ថ្នម​ៗ​ប្រមាណ ៤៥០ និង​ឃើញ​រូប​ចម្លាក់​ម៉ាំមី​តូច​ៗ​ធ្វើ​ពី​ដីឥដ្ឋ ឈើ​ប្រមាណ​ ១០០០ ព្រម​ទាំង​ឆ្នាំង​ដីឥដ្ឋ​​ជា​ច្រើន​​ទៀត​។

លោក Waziri ​ប្រធាន​ដឹក​នាំ​បេសកកម្ម​រុក​រក​វត្ថុ​បុរាណ​បញ្ជាក់​ថា ​មាន​ផ្នូរ​មួយ​ក្នុង​ចំណោម​ផ្នូរ​​រក​ឃើញ​ទាំង ១០ ​មាន​ផ្ទុក​រូប​ចម្លាក់​រៀប​រាប់​ពី​រាជវង្ស​ក្សត្រ​ផ្សេង​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។

ក្រសួង​ខាង​លើ​​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ការ​រក​ឃើញ​ថ្មី​នេះ​នឹង​ជួយ​ស្រោច​ស្រង់​វិស័យ​​ទេសចរណ៍​ឡើង​វិញ ​ក្រោយ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​នយោបាយ​​ក្នុង​ឆ្នាំ ២០១១ និង​ការ​វាយ​ប្រហារ​របស់​ក្រុម​រដ្ឋ​ឥស្លាម (ISIL)​ជា​បន្ត​បន្ទាប់៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ