មកដឹងប្រវត្តិ គីម ជុងអ៊ុន មុនពេល​ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង

  • 2017-04-19 08:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ ជាច្រើនដង​​រួច​មក​ហើយ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ខណៈ​មនុស្ស​មិន​ច្រើន​ឡើយ បាន​ស្គាល់​ពី​ប្រវត្តិ​មេដឹកនាំរូប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​ប្រវត្តិ​ខ្លះៗ​មុន​ពេល លោក គីម ជុងអ៊ុន ក្លាយ​ខ្លួន​ជា​មេដឹកនាំ​កូរ៉េខាងជើង៖

#១ លោក គីម ជុងអ៊ុន បាន​កើត​នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​១៩៨៤ (អាយុ​៣៣៦ឆ្នាំ)

លោកស្រី Ko Young Hee និង លោក គីម ជុងអ៊ីល (Kim Jong Il)

លោក​មាន​ឪពុក​ឈ្មោះ គីម ជុងអ៊ីល (Kim Jong Il) និង​ម្តាយ​ឈ្មោះ Ko Young Hee។ លោក​មាន​បងប្អូន​ចំនួន​៤​នាក់ គឺ លោក Kim Jong Nam (ស្លាប់) លោក Kim Jong Chul (បងប្រុស) នាង Kim Sul Song (ប្អូនស្រី) និង នាង Kim Yo Jong (បងស្រី)។

#២ លោក គីម ជុងអ៊ុន រស់​នៅ​ជាមួយ​ម្ដាយ

លោកស្រី Ko Young Hee និង លោក គីម ជុងអ៊ុន

នៅ​ក្នុង​អំឡុង​ពេល​នោះ កូរ៉េខាងជើង ត្រូវ​បាន​គ្រប់គ្រង​ដោយ​មេដឹកនាំ​ដ៏​អស្ចារ្យ គីម អ៊ីលស៊ុង (Kim Il Sung) ដែល​ត្រូវ​ជា​ជីតា​របស់​លោក។ នៅ​ពេល​នោះ លោក គីម ជុងអ៊ីល (ឪពុក​របស់​លោក) គឺ​ជា​ទាយាទ​ស្នង​តំណែង ខណៈ​ផ្លូវ​ជីវិត​របស់​លោក គីម ជុងអ៊ុន នៅ​ស្រពិចស្រពិល​នៅ​ឡើយ។

#៣ លោក គីម ជុងអ៊ុន ចេញ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស

អ្នក​នៅ​ទីនោះ​បាន​ហៅ​លោក​ថា ប៉ាក់អ៊ុន (Pak Un)។ គេ​ជឿជាក់​ថា លោក​បាន​សិក្សា​នៅ​សាលា​អន្តរជាតិ​មួយ នៅ​ទីក្រុង Gümligen ក្បែរ​ទីក្រុង Bern ប្រទេស​ស្វីស។ លោក​ត្រូវ​បាន​អតីត​មិត្ត​រួម​ថ្នាក់​ចាត់​ទុក​ថា​ជា «សិស្ស​ស្ងប់ស្ងាត់​ម្នាក់» ដែល​ចំណាយ​ពេល​ច្រើន​នៅ​ផ្ទះ ប៉ុន្តែ​លោក​ក៏​ចូលចិត្ត​កំប្លុកកំប្លែង​ដែរ។

#៤ លោក គីម ជុងអ៊ុន ចូលចិត្ត​កីឡា​បាល់បោះ និង​ជា​អ្នកគាំទ្រ​របស់​កីឡាករ Michael Jordan

កីឡាករបាល់បោះ Michael Jordan

លោក​មាន​ផ្ទាំង​រូបភាព​របស់​កីឡាករ​បាល់បោះ Jordan បិទ​ពេញ​ជញ្ជាំង ក្នុង​អំឡុង​ពេល​ទៅ​សិក្សា​នៅ​ប្រទេស​ស្វីស។ បើ​ទោះ​បី​ជា លោក​លើស​ទម្ងន់ និង​មិន​សូវ​ជា​ខ្ពស់​ប៉ុន្មាន (១,៧០​ម៉ែត្រ) តែ​លោក​ជា​អ្នក​លេង​បាល់បោះ​ពូកែ​សមរម្យ​ម្នាក់។

#៥ ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ស្វីស លោក​បាន​វិល​ត្រឡប់​មក​សិក្សា​ផ្នែក​យោធា នៅ​កូរ៉េខាងជើង

លោក​បាន​ចូល​សិក្សា​ផ្នែក​យោធា​នៅ​ឯ​សកលវិទ្យាល័យ «Kim Il Sung Military University» ជាមួយ​បងប្រុស។ របាយការណ៍​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ចាប់ផ្ដើម​ចូល​បម្រើការ​ផ្នែក​អធិការកិច្ច នៅ​អំឡុង​ឆ្នាំ​២០០៧។

ខណៈ​ពេល​ដែល​លោក គីម ជុងអ៊ីល ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់ លោក គីម ជុងអ៊ុន ត្រូវ​បាន​តែងតាំង​ឡើង​យ៉ាង​ឆាប់​រហ័ស ដើម្បី​ដឹកនាំ​នយោបាយ និង​យោធា បើ​ទោះ​បី​ជា​មាន​បទពិសោធន៍​តិចតួច​ក្តី។ កាលនោះ លោក​ត្រូវ​បាន​តែងតាំង​ជា អនុប្រធាន​នៃ​គណៈកម្មការ​យោធា​កណ្ដាល នៃ​គណបក្ស Worker's Party និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល (ពាក់ផ្កាយ៤) ផង​ដែរ។

#៦ លោក គីម ជុងអ៊ុន មាន​បទ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «Footsteps»

ចម្រៀង​មួយ​បទ​នេះ ច្រៀង​ដើម្បី​ឲ្យ​ប្រជាជន​ស្ដាប់ និង​ដើរ​តាម​គន្លង​របស់​លោក។

#៧ ជនជាតិ​កូរ៉េខាងជើង មើល​ឃើញ​លោក គីម ជុងអ៊ុន ជា​កំណែ​យុវវ័យ (Youthful Version) នៃ​មេដឹកនាំ​ដ៏​អស្ចារ្យ គីម អ៊ីលស៊ុង

លោក គីម ជុងអ៊ុន និងជីតា គីម អ៊ីលស៊ុង

លោក​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​ជាមួយ​ជីតា គីម អ៊ីលស៊ុង ទាំង រូបរាង ម៉ូដ​សក់ និង ឫកពា ជាដើម។

#៨ បន្ទាប់​ពី​ឪពុក​ស្លាប់ លោក គីម ជុងអ៊ុន ត្រូវ​បាន​តែងតាំង​ជា កំពូល​មេដឹកនាំ​នៃ​កូរ៉េខាងជើង

លោក គីម ជុងអ៊ីល

នៅ​ពេល​ដែល​លោក គីម ជុងអ៊ីល បាន​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១១ លោក គីម ជុងអ៊ុន ដែល​ជា​កូន​ប្រុស​បង្កើត បាន​ទទួល​ឥទ្ធិពល​យោធា​ធំ​បំផុត​លើ​ពិភពលោក​លំដាប់​ទី​៤ ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ និង​គ្រប់គ្រង​ប្រទេស​កូរ៉េខាងជើង។ លោក គីម ជុងអ៊ុន បាន​ឡើង​កាន់​តំណែង កាត់​មុខ​បងប្រុស Kim Jong Chol ដោយសារ​តែ​បងប្រុស​របស់​ខ្លួន​ទន់ខ្សោយ​ពេក។

#៩ លោក គីម ជុងអ៊ុន បាន​រៀបការ និង​មាន​កូន​២​នាក់

លោក គីម ជុងអ៊ុន និង ​ភរិយា Ri Sol Ju

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង បាន​បង្ហាញ​ឲ្យ​ដឹង​ថា លោក គីម ជុងអ៊ុន បាន​រៀបការ​ជាមួយ​ភរិយា ឈ្មោះ Ri Sol Ju ដែល​ជា​អតីត​តារា​ចម្រៀង និង​ជា​អ្នក​រាំ​លើកទឹកចិត្ត (Cheerleader) ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា ពួកគេ​បាន​រៀបការ​នៅ​ពេល​ណា​ឡើយ។

អ្នក​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង ជឿជាក់​ថា ពួក​គេ​ទាំង​២ ប្រហែល​ជា​បាន​រៀបការ​នៅ​ក្នុង​ឆ្នាំ​២០០៩ និង​មាន​កូន​ម្នាក់​រួច​ទៅ​ហើយ។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោកស្រី Ri Sol Ju បាន​ផ្ដល់​កំណើត​ឲ្យ​កូន នៅ​ក្នុង​ឆ្នាំ​២០១២ ហើយ​ជា​កូន​ស្រី។ មិនតែប៉ុណ្ណោះ គេ​ជឿជាក់​ថា ប្ដី​ប្រពន្ធ​ដ៏​សម្ងាត់​មួយ​គូ​នេះ មាន​កូន​ម្នាក់​ទៀត នៅ​ក្នុង​ឆ្នាំ​២០១៥៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី