៣​ចំណុច ធ្វើ​ឲ្យ​​ គូនីឡា ជាប់​ឈ្មោះ​ក្នុង​​បញ្ជី​យុវជន​ឆ្នើម​ របស់​ Forbes

  • 2017-04-21 04:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​​ដ៏​ល្បី​ល្បាញ​​របស់​សហរដ្ឋអាមេរិក Forbes កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ចេញ​ផ្សាយ​នូវ​ បញ្ជី​ឈ្មោះ​​សហគ្រិន​ឆ្នើម​នៅ​អាស៊ី ប្រចាំ​ឆ្នាំ​២០១៧​ចំនួន​៣០០​នាក់ ដែល​មាន​វ័យ​ក្រោម​ ៣០​ឆ្នាំ​។ ​ក្នុង​នោះ កញ្ញា​ កែវ គូនីឡា ជា​យុវតី​ម្នាក់​​គត់​ក្នុង​ចំណោម​យុវជន​កម្ពុជា​ ៣​រូប បាន​ជាប់​ឈ្មោះ​នៅ​​ក្នុង​បញ្ជី​​ទស្សនាវដ្ដី​ Forbes ​ នៅ​ក្នុង​ផ្នែក​​ប្រព័ន្ធ​ផ្សព្វផ្សាយ ទីផ្សារ និង​ពាណិជ្ជកម្ម​។ តើ​មាន​មូល​ហេតុ​​អ្វី​ខ្លះ​ទៅ ធ្វើ​​ឲ្យ​កញ្ញា​​ មាន​ឈ្មោះ​ក្នុង​បញ្ជី​យុវសហគ្រិន​ឆ្នើម របស់​ទស្សនាវដ្ដី​​ល្បី​ខាង​លើ​នោះ? ​​

ជួប​ជា​មួយ​ Sabay កញ្ញា​ គូនីឡា​ដែល​បច្ចុប្បន្ន​​ជា​​​ទី​​ប្រឹក្សា​​ផ្នែក​សារព័ត៌មាន​ និង​ជា​ស្ថាបនិក​​ នៃ​ភ្នាក់​ងារ​ផ្ដល់​​​​សេវាកម្ម​បែប​ឌីជីថល Mekhala បាន​​ប្រាប់​ថា មាន​​កត្តា​​សំខាន់​ ៣​ ​ដែល​ធ្វើ​ឲ្យ​ នាង​បាន​ជាប់​ឈ្មោះ​ក្នុង​ទស្សនាវដ្ដី​ Forbes ៖

១. បទ​ពិសោធន៍​ការងារ​

នៅ​អាយុ​១៨​ឆ្នាំ (​​ពេល​កំពុង​រៀន​​​នៅ​ដេប៉ាតឺម៉ង់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​​) គូនីឡា​​បាន​ចាប់​ផ្ដើម​អាជីព ក្នុង​វិស័យ​សារព័ត៌មាន។ បើ​​គិត​មក​ទល់​ពេល​នេះ គឺ​រយៈ​ពេល ១១​ឆ្នាំ​​ដែល​កញ្ញា​ប្រឡូក​ក្នុង​វិស័យ​នេះ​។

ចាប់​តាំង​​ពី​ឆ្នាំ​២០០៨ គូនីឡា បាន​​បម្រើ​ការងារ ជា​អ្នក​សារព័ត៌មាន​ (freelance writer  )​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​​ជា​ច្រើន​ ដូច​​ជា Agence France Presse (AFP) របស់​បារាំង Los Angeles Times IRIN UN News Agency the Independent UK CSMonitor the Phnom Penh Post Asia360s (ទស្សនាវដ្ដី​) Global Voices Online ជា​ដើម​។

ក្រៅ​ពី​ការងារ​ ជា​អ្នក​សរសេរ​ព័ត៌មាន​​ គូនីឡា បាន​ធ្វើ​ការងារ​ជា​ច្រើន​ទៀត​ក្នុង​វិស័យ​ទីផ្សារ និង​ពាណិជ្ជកម្ម​ តាម​រយៈ​ការ​ទទួល​​ធ្វើ​គម្រោង​មួយ​ចំនួន​។ ​​ ​​ ២. សកម្មភាព​លេច​ធ្លោ ទាំង​ក្នុង​ និង​ក្រៅ​​ប្រទេស

និស្សិត​​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ គោល​នយោបាយ​សាធារណៈ​ នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ខាង​លើ បាន​​ចូល​រួម​សកម្មភាព​សង្គម​ជា​ច្រើន​ ទាំង​ក្នុង​​ស្រុក​ និង​នៅ​បរទេស​។

​គូនីឡា ធ្លាប់​​​​​​បណ្ដុះបណ្ដាល​​​ទៅ​ដល់​សិស្ស និស្សិត​​​​​​​ខ្មែរ និង​​និស្សិត​បរទេស​​ អំពី​​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​ផ្នែក​​ទីផ្សារ​ឌីជីថល​។

នៅ​ខែ​​តុលា ឆ្នាំ​២០១១ កញ្ញា​ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​​សរសេរ​ប្លុក​ម្នាក់ ដែល​បាន​ចម្រាញ់​​ចេញ​ពី​​បេក្ខជន​​ជិត​៦០០​នាក់​ ដើម្បី​ទៅ​​​សរសេរ​ពី​​វេទិកា​យុវជន​ របស់​អង្គការ​យូណេស្កូ នៅ​ប៉ារីស​។

​​ឆ្នាំ​២០១២ កញ្ញា​​បាន​ក្លាយ​ជា អ្នក​បណ្ដុះ​បណ្ដាល​ផ្នែក​បណ្ដាញ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅ​ដល់ សន្នីសិទ​​យុវជន​ Seliger Youth Forum នៅ​ប្រទេស​រុស្ស៊ី​។

គូនីឡា​ក៏​​ធ្លាប់​ជា អ្នក​​​ប្រឹក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​​ដល់​ក្រសួង​កិច្ច​ការ​យុវជន​​របស់​រុស្ស៊ី និង​​ក្រុម​ប្រឹក្សា​ទេសចរណ៍​ របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​ឥណ្ឌា​ផង​ដែរ​។

៣. អ្នក​ប្រើ​ប្រាស់​បណ្ដាញ​​​ផ្សព្វ​ផ្សាយ​​ ដែល​មាន​ឥទ្ធិពល​

កញ្ញា​ គូនីឡា មាន​ប្លុក (Blog) ​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ Blueladyblog ដែល​សរសេរ​រៀប​រាប់​ពី ប្រវត្តិ​សិក្សា​ និង​បទ​ពិសោធន៍​ការងារ​របស់​នាង។ បន្ថែម​ពី​នោះ កញ្ញា​ជា​ស្ថាបនិក​នៃ គេហទំព័រ WhenInPhnomPenh ដែល​ជា​វិបសាយ​អនឡាញ ណែ​នាំ​​ពី​​​ព័ត៌មាន​​​សំខាន់​ៗ​ផ្សេង​ៗ​​ក្នុង​​ការ​ដើរ​​កម្សាន្ត​​នៅ​រាជ​ធានី​ភ្នំពេញ និង​ជា​គេហទំព័រ​​ផ្ដល់​ឱកាស​​ឲ្យ​យុវជន​ជា​ច្រើន​ចែក​រំលែក​ ចំណេះ​ដឹង​ និង​ការ​យល់​ឃើញ​ អំពី​​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​។

​​​​​​​ដោយ​សារ​​ស្នាដៃ​​ខាង​លើ បាន​ធ្វើ​ឲ្យ​ក្រុម​ការងារ​ទស្សនាវដ្ដី​ Forbes ទទួល​ស្គាល់​ពី​កិច្ចការ​របស់​នាង និង​ចាត់​ទុក​ គូនីឡា ជា​​​អ្នក​មាន​​​បទ​ពិសោធន៍ ​ក្នុង​ផ្នែក​​ប្រព័ន្ធ​ផ្សព្វផ្សាយ ទីផ្សារ និង​ពាណិជ្ជកម្ម​ របស់​អាស៊ី​ ប្រចាំ​ឆ្នាំ​២០១៧៕ ​​

អត្ថបទ៖ មាន រតនា

អត្ថបទថ្មី