ណាត់ជួបគេថ្ងៃដំបូង ត្រូវធ្វើម៉េចទៅ?
- 2017-04-26 02:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាត់ជួបគេថ្ងៃដំបូង ត្រូវធ្វើម៉េចទៅ?
ចន្លោះមិនឃើញ
ណាត់ជួបគ្នាដំបូង ជាឱកាសមួយនាំឲ្យភាគីទាំងពីរនាក់ស្វែងយល់ចិត្តគ្នាកាន់តែច្បាស់ ព្រោះបានបង្ហាញពីមនោសញ្ចេតនារៀងៗខ្លួន។ ចំពោះរឿងណាត់ជួបគ្នានេះ បុរសៗចាំបាច់គឺជាអ្នកម្ចាស់ការ ជាអ្នកបញ្ចេញវាចាស្នើសុំខាងនារី។ ដូចនេះដើម្បីជាការចែករំលែក យុវជន៣នាក់ បាននិយាយណែនាំពីបទពិសោធន៍របស់ខ្លួននៅពេលរូបគេ ណាត់ជួបគូស្នេហ៍របស់ខ្លួននៅគ្រាដំបូង៖
១. កន្លែងណាត់ជួប
កន្លែងណាត់ជួប គួរជ្រើសរើសទីតាំង ដែលមានលក្ខណៈដោយឡែក តែមានសុជីវធម៌ នេះបើតាមការលើកឡើង របស់ យុវជន ហ៊ុយ វណ្ណា។ យុវជនមកពីខេត្តកំពង់ចាម ដែលសព្វថ្ងៃបម្រើការងារឲ្យក្រុមហ៊ុនលក់សម្ភារៈសំណង់មួយនៅភ្នំពេញបានប្រាប់ថា រូបគេ និងមិត្តស្រី បានណាត់ជួបគ្នាជាលើកទីដំបូង នៅរោងភាពយន្ត គឺនៅពេលល្ងាចក្រោយចេញពីធ្វើការ។
វណ្ណាបាននិយាយថា៖ "ខ្ញុំ អាពេលហ្នឹងណាត់គាត់ (មិត្តស្រី) ទៅមើលរឿងថៃ...រឿងស្នេហា ហើយខ្ញុំគិតថា កន្លែងហ្នឹង(រោងកុន) ល្អសម្រាប់ខ្ញុំបង្ហាញពីក្ដីស្រលាញ់ទៅមនុស្សដែលខ្ញុំពេញចិត្ត"។
ក្រៅពីរោងកុន វណ្ណាក៏ឆ្លៀតណែនាំថា កន្លែងដែលសមគួរ ណាត់មិត្តស្រី នោះគឺ នៅហាងអាហារ ផ្សារទំនើប ឬកន្លែងកម្សាន្តមានទេសភាពស្អាតៗជាដើម។ ក៏ប៉ុន្តែ យុវជនសំបូរពិសោធន៍ស្នេហ៍ខាងលើក៏បានប្រាប់ទៀតថា ទោះបីជាអ្នកម្ចាស់ការ តែសិទ្ធិសម្រេចគឺស្ថិតលើភាគីនារី ដូចនេះ គួរទុកឲ្យនាងមានយោបល់ពីទីកន្លែងណាត់ជួប។
២.ពេលវេលាណាត់ជួប
សៀវហ្វុង និស្សិតឆ្នាំទី៤ផ្នែកអក្សរសាស្រ្តអង់គ្លេស ហើយមានទំនាក់ទំនងជាមួយ មិត្តស្រីជា និស្សិតរួមសាកលវិទ្យាល័យជាង១ឆ្នាំទៅហើយនោះបានប្រាប់បទពិសោធន៍ពីពេលណាត់ជួបថា ពេលណាត់ជួបដំបូងគួរសួរពេលវេលាណាដែលនាងគិតថា ងាយស្រួលសម្រាប់នាង។ ពេលណាត់រួចគួរ ទៅជួបខាងស្រីឲ្យទាន់ម៉ោង បើសិនទៅយឺត គួរសូមទោស និងបកស្រាយមូលហេតុប្រាប់គេឲ្យបានត្រឹមត្រូវ។ យុវជនដដែល ក៏បានបន្ថែមថា នាថ្ងៃណាត់ជួបដំបូង គួរតែជួបមុខគ្នាក្នុងរយៈពេលសមល្មមបានហើយ មិនចាំបាច់យូរពេកនោះទេ។
៣. សំលៀកបំពាក់ថ្ងៃណាត់ជួប
ចំពោះសំលៀកបំពាក់នៅថ្ងៃណាត់ជួបមនុស្សពិសេស យុវជនសៀវហ្វុង ដដែលបានប្រាប់ថា៖ "ជួបគេថ្ងៃដំបូង ខ្ញុំស្លៀកពាក់ធម្មតា មិនក្បាច់ក្បូរពេក មិនឆើតឆាយពេក និយាយទៅម៉ាសមរម្យ។ ហើយយើងត្រូវឲ្យតម្លៃគេ មិនត្រូវស្លៀកពាក់ខ្ជីខ្ជា រយីករយាក ព្រោះខាងស្រីអាចគិតថា យើងមានចេតនាមើលស្រាលគេ"។
៤. ចំណុចគួរធ្វើអំឡុងពេលណាត់ជួប
លោកតារា ដែលមានទំនាក់ទំនងជាមួយសង្សាររយៈពេល៣ឆ្នាំ ហើយបច្ចុប្បន្នបានភ្ជាប់ពាក្យនឹងគ្នា បានប្រាប់ពីបទពិសោធន៍ខ្លួនជាការណែនាំថា។ ពេលជួបគេដំបូង គួរនិយាយស្ដីអ្វីឲ្យមានសុជីវធម៌ ចៀសវាងប្រើពាក្យអសុរោះ។ គួរមានអំណោយតិចតួចអ្វីមួយ ជូនទៅដៃគូ ដូចជាតុក្កតា កាបូប នាឡិកា ឬវត្ថុអនុស្សាវរីយ៍ជាដើម។ លោក បន្ថែមទៀតថា ពេលនាងចាប់ផ្ដើមនិយាយ អ្វីត្រូវធ្វើគឺយកចិត្តទុកដាក់ស្ដាប់។ លោកបញ្ជាក់ថា៖ "ពេលយើងនិយាយសាសងនឹងគេ កុំនិយាយច្រើនប៉ប៉ាច់ប៉ប៉ោចមិនចេះចប់ ត្រូវមានម្នាក់និយាយ ហើយម្នាក់ទៀតស្ដាប់"។
៥.និយាយពីអ្វីខ្លះ ពេលជួបគ្នាដំបូង?
លោកតារា បានប្រាប់បន្ថែមថា ពេលជួបមុខភ្លាម មិនគួរនិយាយចូលសាច់ រឿង(ស្នេហា)នោះទេ គួរសួរពីរឿងសិក្សា រឿងការងារ និងសុខទុក្ខជាមុនសិន។
មិនត្រូវនិយាយពីអតីតកាលណាមួយ ពេលណាត់ជួបដំបូងនោះទេ។ ទុកបញ្ហានោះ សម្រាប់ថ្ងៃក្រោយ ពេលអ្នកទាំងពីរស្និទ្ធស្នាលជាងនេះ។
ចៀសវាងនិយាយច្រើនពីខ្លួន ឬអួតពីខ្លួនឯង។ ត្រូវនឹងនរ និយាយស្ដីត្រឹមត្រូវ និងនិយាយពេលចាំបាច់ត្រូវនិយាយ។ នេះជាការលើកឡើងរបស់លោកតារា។
ខាងលើនេះ ជាបទពិសោធន៍មួយចំនួន ចុះប្រិយមិត្តអ្នកធ្លាប់មានស្នេហាណាត់ជួបដៃគូ មានចំណុចអ្វីខ្លះទៀតចង់ចែករំលែក? កុំភ្លេចប្រាប់ Sabay ផងណា។