គួរឲ្យអាណិត​ណាស់! ពិការជើង​ទាំងគូ តែខំតស៊ូ​មើលថែគ្រួសារ ជាង​៤០ឆ្នាំ

  • 2017-04-29 04:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​វ័យ​ចំណាស់​ម្នាក់ មាន​ឈ្មោះ​ថា Xi Tiangen ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង ពី​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត នៅ​ទូទាំង​ប្រទេស​ចិន ចំពោះ​ការ​ខិតខំ​តស៊ូ​មើល​ថែ​គ្រួសារ​របស់​លោក អស់​រយៈពេល​ជាង​៤០​ឆ្នាំ បើ​ទោះ​បី​ជា​ពិការ​ជើង​ទាំង​គូ​ក្តី។

បន្ទាប់​ពី​បាត់បង់​ជើង​ទាំង​២ នៅ​ក្នុង​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ កាល​ពី​អាយុ​១៩​ឆ្នាំ លោក Xi ក៏​ចាប់​ផ្ដើម​រៀន​ប្រើ​ដៃ​ទាំង​គូ ធ្វើ​ការ​នៅ​កសិដ្ឋាន​របស់​គ្រួសារ​លោក ស្ថិត​នៅ​ក្នុង​ខេត្ត Henan។ ប៉ុន្តែ រឿង​គ្រប់​យ៉ាង ប្រែក្លាយ​កាន់​តែ​យ៉ាប់យ៉ឺន​សម្រាប់ លោក Xi នៅ​ក្នុង​ឆ្នាំ​១៩៨៦ នៅ​ពេល​ដែល​ឪពុក​លោក បាន​លា​ចាក​លោក​ផុត​ទៅ បន្សល់​ទុក​លោក Xi ឲ្យ​មើល​ថែ​ម្ដាយ​ចាស់​ជរា និង​បងប្រុស​ពិការ តែ​ម្នាក់​ឯង។

ក្រៅ​ពី​ការងារ​កសិកម្ម លោក Xi បច្ចុប្បន្ន​មាន​អាយុ ៦០​ឆ្នាំ ក៏​ធ្វើ​ការងារ​ផ្ទះ​ជាច្រើន ដូចជា បោក​គក់ និង ចម្អិន​អាហារ​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។ មិនតែប៉ុណ្ណោះ លោក Xi បាន​បន្ត​មើល​ថែ​សាច់ញាតិ ២​នាក់​ទៀត រហូត​ដល់​ម្ដាយ​របស់​លោក​បាន​ស្លាប់ ក្នុង​ឆ្នាំ ​២០០៦ និង​បងប្រុស​ស្លាប់ ក្នុង​ឆ្នាំ​២០១៥។

ក្រោយមក​លោក Xi បាន​ទៅ​រស់​នៅ​ឯ​ផ្ទះ​បងប្អូន​ជីដូន​មួយ​របស់​លោក ប៉ុន្តែ​មិន​ទុក​ដៃ​ទាំង​២​ឲ្យ​នៅ​ទំនេរ​ឡើយ ដោយ​បន្ត​ធ្វើ​ការងារ​កសិកម្ម​ទៀត។

បច្ចុប្បន្ន បន្ទាប់​ពី​រឿងរ៉ាវ​របស់​លោក Xi ត្រូវ​បាន​លេច​ឮ សប្បុរសជន​ក្នុង​តំបន់​មួយ​ចំនួន បាន​ចាប់​ផ្ដើម​បរិច្ចាគ​ប្រាក់​ឧបត្ថម្ភ​បន្តិចបន្តួច ប្រមាណ​ជា ២០​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​ដល់​លោក Xi ៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម