ការពិត​៧យ៉ាង អ្នកមិនធ្លាប់​ដឹងពី ទិវា​ពលកម្ម​នៅសហរដ្ឋអាមេរិក

  • 2017-05-01 04:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​ពលកម្ម (Labour Day) ០១ ឧសភា គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​អបអរ​សមិទ្ធផល​របស់​កម្មករ។ វា​មាន​ដើម​កំណើត​ពី ចលនា​សហជីព (Eight-Hour Day Movement) ដែល​បែងចែក ៨​ម៉ោង​សម្រាប់​ធ្វើការ ៨​ម៉ោង​សម្រាប់​កម្សាន្ត និង ៨​ម៉ោង​សម្រាប់​សម្រាក។

ខាងក្រោម​នេះ គឺ​ជា​ការ​ពិត​៧​យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី ទិវា​ពលកម្ម​នៅ​សហរដ្ឋអាមេរិក៖

#១ ទិវា​ពលកម្ម នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​លើក​ដំបូង នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​កញ្ញា ឆ្នាំ​១៨៨២ ក្នុង​ទីក្រុង New York City ដែល​បាន​គ្រោង​ទុក​ដោយ សហភាព​ការងារ​កណ្ដាល Central Labor Union។

#២ Oregon គឺ​ជា​រដ្ឋ​ដំបូង​គេ​បង្អស់​នៅ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​ទិវា​ពលកម្ម ក្លាយ​ជា​ថ្ងៃ​ឈប់​សម្រាក នៅ​ក្នុង​ឆ្នាំ​១៨៨៧។

#៣ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៨៩៤ សភា​អាមេរិក បាន​អនុម័ត​​ច្បាប់​ជា​លើក​ដំបូង ដោយ​យក​ថ្ងៃ​ច័ន្ទ​ដំបូង​នៃ​ខែ​កញ្ញា ជា​​ទិវា​ពលកម្ម និងថ្ងៃ​ឈប់​សម្រាក​ស្រប​ច្បាប់ ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​ទិវា​ពលកម្ម​នៅ​សហរដ្ឋអាមេរិក មិន​មែន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឡើយ។

#៤ សហរដ្ឋអាមេរិក ប្រារព្ធ​ទិវា​ពលកម្ម​នេះ​ឡើង ដើម្បី​អបអរ​ការ​រួម​ចំណែក និង​សមិទ្ធផល​នៃ​បុរស និង​ស្ត្រី​ចំនួន ១៥៥​លាន​នាក់ ដែល​ស្ថិត​នៅ​ក្នុង​កម្លាំង​ពលកម្ម​នៅ​សហរដ្ឋអាមេរិក។

#៥ នៅ​ចុង​ទសវត្សរ៍ ឆ្នាំ​១៨០០ ជនជាតិ​អាមេរិក ជា​មធ្យម​ធ្វើ​ការ​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។ កុមារ​អាយុ​ត្រឹម​តែ ៥ ទៅ ៦ឆ្នាំ ក៏​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ និង​អណ្ដូង​រ៉ែ​ដែរ។

#៦ នៅ​ក្នុង​ឆ្នាំ​១៩១៦ ការ​កំណត់​ការ​ធ្វើ​ការ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ ជាមួយ​នឹង​ការ​អនុម័ត​ច្បាប់ Adamson Act។ វា​គឺ​ជា​ច្បាប់​សហព័ន្ធ​ដំបូង​បង្អស់ សម្រាប់​កម្មករ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន។

#៧ រដូវ​កាល​កីឡា​បាល់ទាត់ ចាប់​ផ្ដើម​នៅ ឬ​អំឡុង​ពេល​ទិវា​ពលកម្ម ហើយ​ក្រុម​បាល់ទាត់​ជា​ច្រើន បាន​លេង​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន ក្នុង​អំឡុង​ថ្ងៃ​ចុង​សប្ដាហ៍ នៃ​ទិវា​ពលកម្ម​នោះ៕

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី