ចងចិត្តសម្លាប់ម៉ែក្មេក ៥ខែ បែរទទួលលទ្ធផលស្ដាយក្រោយនូវល្បិចខ្លួនឯង
- 2017-05-02 11:15:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចងចិត្តសម្លាប់ម៉ែក្មេក ៥ខែ បែរទទួលលទ្ធផលស្ដាយក្រោយនូវល្បិចខ្លួនឯង
ចន្លោះមិនឃើញ
នីតា ទើបរៀបការរួច និងប្ដូរទៅរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្រួសារខាងប្ដី។ នៅបានពីរបីថ្ងៃ នាងចាប់ផ្ដើមដឹងថា នាងមិនអាចរស់នៅចុះសម្រុងជាមួយម្ដាយក្មេកបានទេ។
ម្ដាយក្មេករបស់ នីតា ជាមនុស្សអភិរក្សចូលចិត្តធ្វើអ្វីៗតាមទម្លាប់ពីមុន ចំណែក នីតា ជាមនុស្សសេរីចូលចិត្តរស់នៅបែបទាន់សម័យ។ មិនយូរប៉ុន្មានអ្នកទាំងពីរចាប់ផ្ដើមមានជម្លោះដោយសារការគិត ការនិយាយស្ដី និងការរស់នៅខុសគ្នា។ ជាច្រើនថ្ងៃខែកន្លងផុតទៅ អ្នកទាំងពីរគ្មានអ្នកណាប្ដូរការគិត និង អាកប្បកិរិយាទេ។
នីតា ចាប់ផ្ដើមចង់ចិត្តស្អប់ម្ដាយក្មេកពីមួយថ្ងៃទៅមួយថ្ងៃ រួចបែកគំនិតគិតអាក្រក់លើគាត់។ ថ្ងៃមួយនាងគិតចង់សម្លាប់ម្ដាយក្មេកឲ្យបាត់ពីមុខរបស់ខ្លួន។ ជាងនេះទៅទៀត ពេលឈ្លោះប្រកែកពាក្យសម្ដីគ្នាម្ដងៗ ប្ដីរបស់នាងតែងតែកាន់ជើងខាងម្ដាយរបស់គាត់ជានិច្ច។ ប្រការបែបនេះកាន់តែដុតកំហឹងនាងខ្លាំងឡើងៗ រហូតដាច់ចិត្តរកវិធីកម្ចាត់ម្ដាយក្មេកចោល។
យល់ឃើញបែបដូច្នេះ នាងបានទៅផ្ទះឪពុកបង្កើតរបស់ខ្លួនដែលជាអ្នកជំនាញគីមីឲ្យជួយ។ នីតា បានរៀបរាប់រឿងរ៉ាវកើតឡើងទាំងអស់ឲ្យឪពុកស្ដាប់ រួចនាងសុំអង្វរឪពុកឲ្យជួយរកសារធាតុពុលណាមួយ ដើម្បីយកទៅបំពុលម្ដាយក្មេកកុំឲ្យនៅជួបមុខគ្នាទៀត។
ឪពុក នីតា មានអារម្មណ៍អាណិតកូនស្រីជាខ្លាំងចំពោះស្ថានភាពបែបនេះ ប៉ុន្តែគាត់ប្រាប់នាងវិញថា "នែ៎ បើកូនឯងបំពុលម្ដាយក្មេក កូនឯង និងពុកប្រាកដជាជាប់គុកមិនខាន។ ធ្វើអីចឹងមិនកើតទេកូនស្រី។" បន្ទាប់ពីឮបែបនេះ នីតា មិនស្ដាប់បង្គាប់រឹតតែចចេសថែម។ ឪពុកដេកគិតជាយូរ តែទីបំផុតសម្រេចផ្ដល់ឲ្យតាមបំណងកូនស្រី។
ឪពុក៖ "ពុកយល់ព្រមតាមកូនហើយ! ប៉ុន្តែពុកមិនចង់ឃើញកូនជាប់គុកទេ ដូច្នេះកូនត្រូវធ្វើតាមអ្វីដែលពុកប្រាប់ណា៎។" ក្រោយស្ដាប់រួច នីតា ត្រេកអរ និងយល់ព្រមតាមបណ្ដាំ។ ឪពុកនាងបានយកម្សៅមួយកញ្ចប់ ហើយប្រាប់របៀបប្រើប្រាស់ថា "ជារៀងរាល់ថ្ងៃ នៅពេលកូនរៀបចំបាយថ្ងៃត្រង់ ឬបាយល្ងាច កូនគ្រាន់តែច្បិចម្សៅនេះបន្តិចដាក់ចានម្ដាយក្មេកទៅបានហើយ។ បើដាក់ច្រើន គាត់នឹងស្លាប់ភ្លាមៗ បើដាក់បន្តិចបួនប្រាំខែក្រោយទើបគាត់ស្លាប់ ដូច្នេះកូនត្រូវច្បិចដាក់បន្តិចបានហើយឲ្យអ្នកដទៃមើលមកថា គាត់ស្លាប់ដោយសារជំងឺអ្វីមួយ និងមិនមានការសង្ស័យលើកូន។"
ឪពុកបន្តថា៖ "ចាប់ពីពេលនេះទៅ កូនស្រីឈប់ឈ្លោះ ឈប់ប្រកែកជាមួយម្ដាយក្មេក ហើយកូនចាប់ផ្ដើមធ្វើល្អ មើលថែគាត់ឲ្យដូចកូនមែនទែនជំនួសវិញ ទោះបីជាម្ដាយក្មេកជេរស្ដី ឬនិយាយថាមិនចូលចិត្តកូនយ៉ាងណាក៏ដោយ កូនកុំតមាត់ កុំបញ្ចេញអាកប្បកិរិយាកោងកាចដាក់គាត់ទៀត ដោយធ្វើធម្មតាដូចមិនមានអ្វីកើតឡើងប៉ុណ្ណោះ។" នីតា ងក់ក្បាលយល់ព្រមភ្លាមដោយស្រមៃថា បួនប្រាំខែទៀត ខ្លួននឹងលែងមានជម្លោះជាមួយម្ដាយក្មេកជារៀងរហូតហើយ។
បន្ទាប់ទទួលបានម្សៅពុលមួយកញ្ចប់ និងចេះវិធីប្រើហើយ នីតា ប្រញាប់ត្រលប់ទៅផ្ទះម្ដាយក្មេកវិញភ្លាម រួចធ្វើតាមការណែនាំរបស់ឪពុក។ នាងចាប់ផ្ដើមច្បិចម្សៅបន្តិច ហើយលួចដាក់ក្នុងចានបាយម្ដាយក្មេក រួចធ្វើជាមនុស្សចេះមើលថែខ្វល់ខ្វាយពីម្ដាយ និងចេះគួរសម ពេលម្ដាយក្មេកនិយាយអ្វីមួយ។
ពេលវេលាចេះតែកន្លងផុតទៅ អាកប្បកិរិយាពីធម្មជាតិរបស់ម្ដាយចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងៗ ដោយសារតែកូនប្រសាស្រីនាង នីតា មើលថែគាត់ បារម្ភពីគាត់។ ម្ដាយក្មេកចាប់ផ្ដើមមានចិត្តអាណិតស្រលាញ់កូនប្រសាវិញ។ ប្រាំខែកន្លងទៅហើយដែល នីតា បានលាយម្សៅពុលឲ្យម្ដាយក្មេក ប៉ុន្តែបរិយាកាសក្នុងគ្រួសារហាក់ប្រែប្រួល និងមានភាពរីករាយច្រើនជាងមុន។ ពួកគេមិនដែលឈ្លោះគ្នា ហើយអ្នកទាំងពីរតែងតែសរសើរគ្នាទៅវិញទៅមកនៅចំពោះមុខអ្នកជិតខាង។
ទំនាក់ទំនងកូនប្រសាស្រី និងម្ដាយក្មេកប្រែជាល្អូកល្អិនស្រលាញ់គ្នាមិនគួរឲ្យជឿ។ នីតា ចាប់ផ្ដើមព្រួយបារម្ភ និងគិតពីជាតិពុលរបស់ម្សៅថា ម្ដាយក្មេកខ្លួននឹងស្លាប់ឆាប់ៗមិនខាន។
ពេលកំណត់ក៏មកដល់ នាងបានរត់ទៅផ្ទះឪពុកបង្កើតទាំងត្រហេបត្រហប និងភ័យក្នុងចិត្តយ៉ាងខ្លាំងខ្លាចម្ដាយក្មេកស្លាប់។ នាងស្រែកប្រាប់ឪពុកថា "ពុក ពុក! ពុកជួយរកថ្នាំបន្សាបឲ្យកូនឲ្យលឿនមក គឺបន្សាបម្សៅពុលដែលពុកខ្ញុំកាល ៥ខែមុននោះ។ កូនមិនចង់បាត់បង់ម្ដាយក្មេកទេ។ ពេលនេះ គាត់ដូចជាម្ដាយបង្កើតរបស់ខ្ញុំអីចឹង ខ្ញុំស្រលាញ់គាត់ណាស់ពុក។"
ឪពុកឃើញកូនស្រីរៀបរាប់បែបនេះ គាត់បានញញឹម រួចនិយាយថា "ម្សៅពុលមួយណា? កាលនោះពុកគ្រាន់តែឲ្យម្សៅបន្ថែមរសជាតិផ្អែមប៉ុណ្ណោះ។" កូនស្រីគ្រាន់តែឮភ្លាម បើកភ្នែកធំៗសម្លឹងមើលមុខពុកទាំងស្រឡាំងកាំង តែបានញញឹមឱបឪពុកយ៉ាងណែន៕
តម្លៃអប់រំរឿង៖ មនុស្សម្នាក់ៗមានការគិត និងការរស់នៅផ្សេងៗគ្នា តែយ៉ាងណាយើងត្រូវចេះអត់ធ្មត់ រៀនយល់ពីគ្នា សម្របខ្លួនបន្តិចម្ដងៗដើម្បីឲ្យទំនាក់ទំនងល្អចំពោះគ្នា។ បើម្ខាងធ្វើខុស យើងដឹងថាខ្លួនធ្វើត្រូវ ត្រូវចេះអត់ឱនអធ្យាស្រ័យឲ្យគ្នា។ ទាំងកូនប្រសាស្រី កូនប្រសាប្រុស ត្រូវចេះគោរពស្រលាញ់ឪពុកក្មេក ម្ដាយក្មេកឲ្យដូចឪពុកម្ដាយបង្កើត នោះគាត់នឹងស្រលាញ់យើងដូចកូនបង្កើតរបស់គាត់ដូច្នោះដែរ។