តាម​ពិត ប្រពន្ធមេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន គឺ​អតីត​តារាចម្រៀង​​ល្បី​មួយ​រូប

  • 2017-05-03 08:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ជុំវិញ​គ្រួសារ​របស់​មេ​ដឹក​នាំ​ផ្ដាច់​ការ​របស់​កូរ៉េ​ខាង​ជើង​ តែង​ស្ថិត​ក្នុង​អាថ៌កំបាំង​ និង​ត្រូវ​បាន​លាក់​ពី​ភ្នែក​មហាជន​ ។ ចំពោះ​ប្រវត្តិ​របស់​ភរិយា​លោក​ ត្រូវ​បាន​បង្ហាញ​តែ​បន្តិច​ប៉ុណ្ណោះ​ មិន​ទូលំទូលាយ​ឡើយ។

ប៉ុន្តែ​ទោះ​ជា​មាន​លាក់​លៀម​យ៉ាង​ណា​​ក៏​ដោយ​ ក៏​រឿង​រ៉ាវ​ជាប់​ពាក់ព័ន្ធ​នឹង​ ភរិយា​របស់​លោក​ Kim Jong-Un លោក​ស្រី​ Ri Sol-Ju ត្រូវ​បាន​ទម្លាយ​ឲ្យដឹង​ដែរ​។

យ៉ាង​ណា​មិញ​ Ri Sol-Ju កើត​ថ្ងៃ​ទី​ ២៨​ ខែ​កញ្ញា​ ឆ្នាំ​ ១៩៨៩​ នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ។ កាល​ពី​ថ្ងៃ​ទី ២៥​ ខែ​កក្កដា​ ឆ្នាំ​ ២០១២​ លោក​ស្រី​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ជា​ភរិយា​របស់​ លោក​ Kim Jong Un ។

ដោយ​ឡែក​បក​ទៅ​អតីតកាល​ មុន​ក្លាយ​ជា​ស្ត្រី​ទី​ ១ របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ Ri Sol-Ju បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ Geumsung 2 Middle School ក្នុង​ទីក្រុង​ Pyongyang និង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន​ ផ្នែក​ចម្រៀង​ និង​តន្ត្រី​ ។ ក្រោយ​មក​លោកស្រី ក៏​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​ក្នុង​ក្រុម​តន្ត្រី​ដ៏​ល្បី​មួយ​ប្រចាំ​ប្រទេស​ឈ្មោះ​ថា​ "Pochonbo Electronic Ensemble”។

វិបសាយ​ព័ត៌មាន​ JoongAng Ilbo និង​សារព័ត៌មាន​មួយ​ចំនួន​បាន​និយាយ​ថា Ri Sol-Ju ជា​តារា​ចម្រៀង​ ក្នុង​ក្រុម​តន្រ្តី​ Unhasu Orchestra ដែល​ធ្លាប់​បាន​ទៅ​សម្ដែង​នៅ​បរទេស​ជា​ច្រើន​ដង​។

ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​ ២០០៥​ អតីតអ្នកចម្រៀងរូបនេះ ធ្លាប់​បាន​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ី​ ក្នុង​នាម​ជា​​សមាជិក​ក្នុង​ក្រុម​អបអរ​ប្រចាំ​កូរ៉េ​ខាង​ជើង ហើយ​ក៏​បាន​ច្រៀង​នៅ​ឯ​ពហុកីឡដ្ឋាន​បាល់បោះ​ក្នុង​ទីក្រុង​ Incheon ផង​ដែរ​។

ក្រៅ​ពី​នេះ Ri ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​តន្ត្រី​មួយ​ក្នុង​ខែ​តុលា ២០១០ ត្រូវ​នឹង​ខួប​ទី​៦៥​នៃ​ការ​បង្កើត​គណបក្ស​ពលករ និង​បន្ត​បន្ទាប់​ទៀត នាង​ក៏​បាន​ចូល​រួមច្រៀង​ក្នុង​កម្មវិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០១១ កូរ៉េ​ខាង​ជើង​ទៀតផង​។

រូបភាពពេល​សម្ដែង​នៅប្រទេសកូរ៉េខាងត្បូង ក្នុង​ឆ្នាំ ២០០៥

ក្រោយ​រៀប​ការ​ជាមួយ​លោក​ Kim Jong Un ក្នុង​ឆ្នាំ​ ២០០៩ លោកស្រី ក៏​នៅ​តែ​បន្ត​ការងារ​ជា​អ្នក​ចម្រៀង​ដដែល​ក្នុង​ក្រុម​តន្ត្រី Unhasu Orchestra ។ ការ​សម្ដែង​ចុង​ក្រោយ​របស់​ស្រ្តីទី ១របស់កូរ៉េខាងជើងរូបនេះ គឺ​នៅ​ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ ថ្ងៃ​ទី​ ១៧​ ខែ​កុម្ភៈ ឆ្នាំ​ ២០១១​។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ ខាង​មន្រ្តី​រាជការ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ នៅ​តែ​ព្យាយាម​បំបាត់​នូវ​ព័ត៌មាន​ទាក់​ទង​នឹង​ប្រវត្តិ​ជាតារា​ចម្រៀង​ របស់​លោក​ស្រី​ទាំង​អស់​ ប៉ុន្តែ​នៅ​តែ​មិន​អាច​កំបាំង​ពី​ភ្នែក​មហាជន​ ជាពិសេស​សារព័ត៌មាន​នានា​បាន​ឡើយ៕

ប្រភព៖ Wikipedia | rendezvous-inmyblog.blogspot   ប្រែ​សម្រួល៖ យី សុធារី