ឱកាសពិសេស! រៀនចប់ហើយ អាចទទួលបានការងារធ្វើថែមទៀតពី Hinrich Foundation Scholarships
- 2017-05-08 04:42:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសពិសេស! រៀនចប់ហើយ អាចទទួលបានការងារធ្វើថែមទៀតពី Hinrich Foundation Scholarships
ចន្លោះមិនឃើញ
នេះគឺជាឱកាសដ៏កម្រមួយសម្រាប់និស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ដើម្បីទៅសិក្សានៅក្រៅប្រទេស ព្រោះថាពេលនេះ Hinrich Foundation Scholarships បានផ្ដល់ជាអាហារូបករណ៍ប្រមាណជា១៥កន្លែង តាមរយៈកម្មវិធី Global Trade Leader Scholarships សម្រាប់អោយនិស្សិតអាចបន្តការសិក្សានៅក្រៅប្រទេសបានក្នុងឆ្នាំ ២០១៧នេះ។ លើសពីនេះទៅទៀត ពេលដែលរៀនចប់ និស្សិតទាំងនោះក៏នឹងទទួលបានការងារធ្វើភ្លាមៗផងដែរ ពីក្រុមហ៊ុនឧស្សាហកម្មដែលជាដៃគូររបស់មូលនិធិនេះទៀតផង។
ថ្លែងក្នុងឱកាសនៃការធ្វើបទបង្ហាញមួយស្ដីអំពីអាហារូបករណ៍នេះនៅឯអគារ CJCC លោក Alexxander Boome ដែលជានាយកកម្មវិធីអាហារូបករណ៍ផ្ទាល់បានអោយដឹងថា Hinrich Foundation Scholarships បានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ អាហារូបករណ៍នេះបានជួយអោយនិស្សិតកម្ពុជាអាចបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក ហុងកុង ចិន ហ្វីលីពីន វៀតណាម ថៃជាដើម។ ហើយជំនាញដែលពួកគាត់ទៅសិក្សាមានដូចជាផ្នែក Business, Production Engineering & Management និង ផ្នែកទំនាក់ទំនងសារព័ត៌មានជាដើម។
លោកបន្តថាអាហារូបករណ៍ទាំងនេះគឺទទួលបានជំនួយមកពីឧស្សាហកម្មឯកជននានាក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជា កម្ពុជា មីយ៉ាន់ម៉ា និង វៀតណាមជាដើម។ ពិសេសផ្ដល់ជូនដល់និស្សិតដែលមានទេពកោសល្យខ្ពស់ និង សក្ដានុពលក្នុងការចូលរួម ផ្នែកពាណិជ្ជកម្ម និង សេដ្ឋកិច្ច ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសជាតិខ្លួន។
លោក Alexxander Boome បានបញ្ជាក់ថា កាលពីឆ្នាំមុនមាននិស្សិតសរុបចំនួន ៨រូប បានប្រឡងជាប់ដែលមកពីមីយ៉ាន់ម៉ា កម្ពុជា និង វៀតណាម។ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៧ នេះវិញ គឺចំនួនអាហារូបករណ៍អាចនឹងកើនដល់ ១៥ រូបទៀតផង។ ហើយបន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនជាដៃគូរនានាប្រមាណ៣ឆ្នាំ ដើម្បីពង្រឹងគុណភាពលើការងារ ក៏ដូចជាបទពិសោធន៍ល្អៗទាក់ទងនឹងជំនាញរបស់ពួកគាត់។
ជាមួយគ្នានេះដែរ លោក កាន់ កាល់ ដែលជានាយកប្រចាំប្រទេសនៃអង្គការ Room To Read បានលើកឡើងផងដែរថា ការអប់រំគឺមានសារសំខាន់ខ្លាំងណាស់ចំពោះមនុស្សទូទៅ ព្រោះថាវានឹងធ្វើអោយពួកគេចេះគិតគូរបានវែងឆ្ងាយ និង មានភាពវ័យឆ្លាតក្នុងជីវភាពរស់នៅក៏ដូចជាការងារ។ ជាពិសេសគឺមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និង ឧបសគ្គ នានាផងដែរ។ ជាចុងក្រោយលោកបានសំណូមពរអោយសិស្ស និស្សិតកម្ពុជាចេះចាប់យកឱកាសក្នុងការបន្តការសិក្សាអោយបានខ្ពស់ និង មានឆន្ទៈពិតប្រាកដក្នុងការសិក្សានៅក្រៅប្រទេស ដើម្បីវិលត្រឡប់មកជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងស្រុកបន្តទៀត។
ចំពោះប្រិយមិត្តដែលចង់ដឹងព័ត៌មានបន្ថែមស្ដីពីអាហារូបករណ៍ Hinrich Foundation Scholarships នេះ អាចទំនាក់ទំនង៖
Mrs. Huy Sophorn
Tel: 012 906 611
Email: sophorn.huy@hinrichfoundation.com ឬ scholarship@hinrichfoundation.com ឬ អាចចុចតំណភ្ជាប់ខាងក្រោមនេះ៖
Hinrich Foundation Scholarship
ផុតកំណត់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១៧