ទស្សនកិច្ចសិក្សា Eco Study Trip បង្កើតអារម្មណ៍ស្រឡាញ់ធម្មជាតិ បរិស្ថាន និង សាមគ្គីភាព
- 2017-05-17 08:12:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនកិច្ចសិក្សា Eco Study Trip បង្កើតអារម្មណ៍ស្រឡាញ់ធម្មជាតិ បរិស្ថាន និង សាមគ្គីភាព
ចន្លោះមិនឃើញ
កាលពីថ្ងៃទី០៤-០៦ ខែ ឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមនិស្សិតចំនួន៩១រូប ដែលមកពីដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច និង គ្រប់គ្រងជាភាសាបារាំងជំនាន់ទី២៣, ២៤ ព្រមទាំង និស្សិតជំនាន់ទី២៥ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចបានរួមគ្នារៀបចំនូវដំណើរទស្សនកិច្ចសិក្សាមួយដែលមានឈ្មោះថា Eco Study Trip 2017។
ទស្សនកិច្ចសិក្សានេះ បានធ្វើដំណើរឆ្ពោះទៅកាន់រមណីយដ្ឋានគិរីរម្យក្នុងខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ហើយត្រូវបានរៀបចំឡើងក្រោមប្រធានបទ “Feel the Green, Feel the Warmth”ក្នុងអត្ថន័យដើម្បីបង្កើតក្ដីស្រឡាញ់ចំពោះធម្មជាតិ ថែរក្សាបរិស្ថាន និង ផ្ដល់ភាពកក់ក្ដៅតាមរយៈការរឹតចំណងសាមគ្គីភាពរវាងគ្នា និង គ្នាក្នុងសង្គមខ្មែរយើង។
ទស្សនកិច្ចសិក្សារយៈពេល ៣ ថ្ងៃនេះបានប្រព្រឹត្តឡើងដោយមានសកម្មភាពមនុស្សធម៌ និង បរិស្ថានមួយចំនួនផងដូចជា៖ ការនាំយកអំណោយ ដូចជាសៀវភៅសរសេរ សម្ភារសិក្សា សំលៀកបំពាក់។ ជាពិសេសគឺនាំយកថវិកាដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជននានាទៅជូនដល់សិស្សដែលមានជីវភាពលំបាកកំពុងសិក្សាក្នុងអង្គការ “រួមដៃគ្នាដើម្បីក្តីសង្ឃឹម” ឬ “Give a Hand for Hope Organization” ដែលមានទីតាំងស្ថិតនៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អ្វីដែលគួរអោយចាប់អារម្មណ៍បន្ថែមនោះគឺ ក្រុមនិស្សិតបានចុះទៅដាំដើមកោងកាងនៅក្នុងសហគមន៍នេសាទការពារព្រៃលិចទឹក ចុងអូរ ដែលស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សកម្មភាពនេះគឺក្នុងគោលបំណងអភិរក្ស និង ថែរក្សាព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់សម្រាប់មច្ឆជាតិនានា ហើយមច្ឆជាតិទាំងនោះហើយ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជានេសាទនៅក្នុងសហគមន៍នេះ។
ម៉្យាងទៀត ក្រុមនិស្សិតទាំងអស់ក៏បានចូលរួមក្នុងការសំអាតតាមបណ្ដោយឆ្នេរអូរឈើទាល និងការរាំជាក្រុមទ្រង់ទ្រាយធំ (Flash mob)ផងដែរ។ គោលបំណងចម្បងគឺដើម្បីបង្ហាញពីតួនាទីយុវជនកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និង ផ្ដល់ជាសារក្រើនរំលឹកស្តីពីការថែទាំបរិស្ថានដល់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ឆ្នេរនេះតែម្ដង។
ក្រុមនិស្សិតក៏បានរៀបចំផងដែរនូវការប្រគំតន្ត្រីខ្នាតតូច ដោយមានវត្តមាននៃការចូលរួមទស្សនាពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងការតាំងពិព័រណ៍សម្ភារៈកែច្នៃឡើងវិញដោយស្នាដៃរបស់ក្រុមនិស្សិតផ្ទាល់តែម្ដង។ ក្រៅពីសកម្មភាពខាងលើ ក្រុមនិស្សិតក៏បានធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ស្ដីពី “ជម្រើស និង អត្ថប្រយោជន៍នៃការបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា” ដល់សិស្សានុសិស្សនៅវិទ្យាល័យក្រុងព្រះសីហនុផងដែរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះបានការឧបត្ថម្ភធំពីក្រុមហ៊ុន MyPhsar.com រួមទាំងការសហការឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនទៀតដូចជា៖ Wing, The Pizza Company, Toyota (Cambodia), vKirirom Pine Resort, Huawei Mobile, PastaMania Cambodia, Coca Cola, Vodka Cruiser និង BookingSentral ជាដើម ព្រមទាំងទទួលបានការគាំទ្រពីក្រសួងទេសចរណ៍និងក្រសួងអប់រំ យុវជន និង កីឡាផងដែរ។